យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បន្ទាប់ពីបានការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនាសម័យប្រជុំថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅថ្មីៗ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់តែងតាំងចៅក្រមចំនួន៤នាក់ជាប្រធានសាលាដំបូងខេត្តជំនួសអ្នកចូលនិវត្តន៍ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/២៤៦ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដូចមានរាយឈ្មោះខាងក្រោម ៖
១-លោកចៅក្រម មីន មករា បច្ចុប្បន្នជាអនុប្រធានសាលាដំបូងខេត្តកោះកុង ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកោះកុងជំនួសលោកចៅក្រម ហួន ម៉ានី ដែលបានដាក់ឲ្យចូលនិវត្តន៍ ។ លោក មីន មករា ជាសិស្សចៅក្រមជំនាន់ទី៣សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងទទួលបានការតែងតាំងជាចៅក្រមកម្មសិក្សាបម្រើការងារនៅសាលាដំបូងខេត្តកោះកុង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៩/៧៨៨ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៩ ព្រមទាំងទទួលបានការតាំងស៊ប់ក្នុងក្របខ័ណ្ឌអង្គចៅក្រមជាចៅក្រមសាលាដំបូងខេត្តកោះកុង ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១០/៨៣៣ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០ ។ តមកទៀត លោកចៅក្រម មីន មករា ទទួលបានការតែងតាំងជាអនុប្រធានសាលាដំបូងខេត្តកោះកុងទល់បច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧៣៣ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ។ មានន័យថា លោកចៅក្រម មីន មករា បានចូលបម្រើការងារនៅសាលាដំបូងខេត្តកោះកុងរយៈពេលជិត១០ឆ្នាំមកហើយគិតទល់សព្វថ្ងៃនេះ ។
២-លោកចៅក្រម ហង់ ស៊ីថា បច្ចុប្បន្នជាអនុប្រធានសាលាដំបូងខេត្តពោធិ៍សាត់ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺជំនួសលោកចៅក្រម ខ្លូត ពេជ្រ ដែលបានដាក់ឲ្យចូលនិវត្តន៍ ។ លោក ហង់ ស៊ីថា អតីតជាចៅក្រមបម្រើការងារនៅសាលាដំបូងខេត្តព្រៃវែង និងទទួលបានការតែងតាំងជាអតីតព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៧/៦៦៥ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៧ ។ ក្រោយមក លោកព្រះរាជអាជ្ញា ហង់ ស៊ីថា ត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារជាអនុប្រធានសាលាដំបូងខេត្តព្រះសីហនុ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១០/១២៤ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១០ និងតមកទៀតត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាអនុប្រធានសាលាដំបូងខេត្តពោធិ៍សាត់ទល់បច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧៣៣ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ។
៣-លោកចៅក្រម អ៊ិត សម្ផស្ស បច្ចុប្បន្នជាអនុប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តពោធិ៍សាត់ជំនួសលោកចៅក្រម ថោង អុល ដែលបានដាក់ឲ្យចូលនិវត្តន៍ ។ លោក អ៊ិត សម្ផស្ស អតីតជាចៅក្រមសាលាដំបូងខេត្តបាត់ដំបង និងទទួលបានការផ្ទេរភារកិច្ចឲ្យមកបម្រើការងារជាអតីតចៅក្រមសាលាដំបូងខេត្តសៀមរាប ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៧/៦៦៥ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៧ ។ ក្រោយមក លោកចៅក្រម អ៊ិត សម្ផស្ស ទទួលបានការតែងតាំងជាអនុប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យទល់បច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១១/៦៩៥ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ ។
៤-លោកចៅក្រម ឡុង កេសភីរម្យ បច្ចុប្បន្នជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពតជំនួសលោកចៅក្រម គាំ ឈាន ដែលបានដាក់ឲ្យចូលនិវត្តន៍ ។ លោក ឡុង កេសភីរម្យ ជាសិស្សចៅក្រមជំនាន់ទី៣សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងទទួលបានការតែងតាំងជាចៅក្រមកម្មសិក្សាបម្រើការងារនៅសាលាដំបូងខេត្តស្វាយរៀង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៩/៧៨៨ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៩ ព្រមទាំងទទួលបានការតាំងស៊ប់ក្នុងក្របខ័ណ្ឌអង្គចៅក្រមជាចៅក្រមសាលាដំបូងខេត្តស្វាយរៀង ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១០/៨៣៣ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០ ។ តមកទៀត លោកចៅក្រម ឡុង កេសភីរម្យ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបុងរាជធានីភ្នំពេញទល់បច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០១១៥/០៨៨ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ៕