ឆ្លើយតបទៅនឹងលិខិតលេខដត/១២១៦/១១១ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦របស់សារព័ត៌មានដើមត្នោតដែលបានស្នើសុំឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់អំពីភាពស្របច្បាប់ និងមិនស្របច្បាប់នៃម្ចាស់សំណង់ ឬបុរីមួយចំនួនពាក់ព័ន្ធនឹងអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានឯកឧត្តម ម៉ី វ៉ាន់ ជាអគ្គនាយក បានចេញលិខិតផ្លូវការមួយលេខ០២៨សហវ.អឧហ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ បញ្ជាក់ឲ្យដឹងថា«ក្រោយពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញសេចក្តីជូនដំណឹងលេខ០១៧សហវ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីក្រុមហ៊ុនដែលធ្វើអាជីវកម្មអភិវឌ្ឍន៍លំនៅឋានដោយគ្មានអាជ្ញាប័ណ្ណរួចមក ឃើញថាមានក្រុមហ៊ុនចំនួន៨បានមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ និងក្រុមហ៊ុនចំនួន១១ផ្សេងទៀត មិនបានមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណទេ» ។
ក្រុមហ៊ុនទាំង៨ដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញនោះរួមមានដូចខាងក្រោម ៖
១-បុរី វារីណា លេខអាជ្ញាប័ណ្ណ HD-13 048 (បិទការដ្ឋាន)
២-បុរី គៀង ហ៊ត លេខអាជ្ញាប័ណ្ណ HD-13 046 (បិទការដ្ឋាន)
៣-បុរី សំបូរមាស លេខអាជ្ញាប័ណ្ណ HD-13 047 (បិទការដ្ឋាន)
៤-ក្រុមហ៊ុនមានជ័យហ្វូដ៩៩៩ (គម្រោងមូសស្គូ បុរីតូក្យូ៩៩៩ និងបុរី New York City) លេខអាជ្ញាប័ណ្ណ HD-11 003 (បិទការដ្ឋាន)
៥-សំណង់ផ្ទះល្វែង ធូ លន លេខអាជ្ញាប័ណ្ណ HD-15 065 (បិទការដ្ឋាន)
៦-សំណង់ផ្ទះល្វែង អ៊ីវ ម៉េង (សំណង់លូថ្មី ពេញចិត្ត) លេខអាជ្ញាប័ណ្ណ HD-14 049 (បិទការដ្ឋាន)
៧-អគារថ្នាក់នៅរួម លោក យ៉ង់ គ្រីស្សង់ និងលោក យ៉ង់ លឹមហួត (គម្រោង AURA Condominium) លេខអាជ្ញាប័ណ្ណ HD-16 080 (កំពុងដំណើរការសាងសង់)
៨-សំណង់ផ្ទះល្វែង និងLink House លោក គឹម យ៉ុងហាក់ (De-Castle Royal Flat House) លេខអាជ្ញាប័ណ្ណ HD-16 107 (បិទការដ្ឋាន) ។
ដោយឡែក តាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងដែរថា ក្នុងចំណោមក្រុមហ៊ុនចំនួន១១ដែលមិនបានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណដើម្បីទទួលបានភាពស្របច្បាប់នោះ គឺមានក្រុមហ៊ុន ប៊ូយុងហ្គ្រុប បានស្នើសុំពន្យារពេលនៃការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណស្របច្បាប់ ។
គួរបញ្ជាក់ជូនថា អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើលិខិតលាយលក្ខណ៍អក្សរឆ្លើយតបទៅនឹងលិខិតសំណើលេខដត/១២១៦/១១ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ចុះកាលបរិច្ឆេទតាំងពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧មកម្ល៉េះ ដែលស្របទៅតាមមាត្រា៥ ចំណុចទី២នៃច្បាប់ស្តីពីរបបសារព័ត៌មានហើយ ប៉ុន្តែសារព័ត៌មានដើមត្នោតមិនបានទទួល និងទើបតែមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ គេហទំព័រសារព័ត៌មានដើមត្នោតបានផ្សព្វផ្សាយអត្ថបទមួយមានចំណងជើងថា ៖ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាត់ទុកច្បាប់ស្តីពីរបបសារព័ត៌មានប្រៀបដូចជា«សំរាម» ក៏ឈាននាំឲ្យសារព័ត៌មានដើមត្នោតបានទទួលនូវលិខិតផ្លូវការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះតែម្តង ៕