ក្នុងនាមប្រទេសជាប់លំដាប់ថ្នាក់មហាអំណាចសេដ្ឋកិច្ចពិភពលោក និងមហាអំណាចយោធាផង គឺសហរដ្ឋអាមេរិក និងចិន គង់មានការប៉ះទង្គិចគ្នាខ្លះៗទាក់ទងនឹងវិស័យការបរទេស និងវិស័យពាណិជ្ជកម្ម ប៉ុន្តែមាន២ករណីចម្បងដែលមហាអំណាចចិនត្រូវច្បាមយកទាល់តែបានមិនឲ្យរបូតពីដៃ ទោះបីប្រឈមនឹងមហាអំណាចអាមេរិកក៏ដោយ ដែល២ករណីចម្បងរបស់មហាអំណាចចិននោះ គឺ ៖
១-នយោបាយចិនតែមួយ«One China Policy» ៖ ក្រៅពីហុងកុងដែលចាកផុតពីអាណានិគមអង់គ្លេសកាលពីឆ្នាំ១៩៩៧ហើយបានឋិតមកនៅក្រោមការគ្រប់គ្រងរបស់ចិនវិញ គឺកោះតៃវ៉ាន់ដែលមានទំហំ៣៦ ១៩៣គីឡូម៉ែត្រក្រឡា មានប្រជាពលរដ្ឋរស់នៅជាង២០លាននាក់នោះ ដាច់ខាតចិនត្រូវចាត់ទុកជាដែនកោះមួយរបស់ខ្លួនក្រោមរូបភាព«នយោបាយចិនតែមួយ» ។
មានបណ្តាប្រទេសជាច្រើនធ្លាប់បានទទួលស្គាល់រួចហើយនូវ«នយោបាយចិនតែមួយ» សូម្បីលោក Donald Trump ប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកទើបឡើងកាន់តំណែងថ្មីៗដែលធ្លាប់បង្ហាញនូវជំហរស្ទាក់ស្ទើរលើការគាំទ្រ«នយោបាយចិនតែមួយ» ដោយចង់ដោះដូរជាថ្នូរជាមួយប្រទេសចិននូវ«សម្បទានពាណិជ្ជកម្ម» នោះ ក៏បានងាកមកគាំទ្រ«នយោបាយចិនតែមួយ» នេះឡើងវិញដែរ ។
ទីក្រុងតៃប៉ិ«Taipei» របស់កោះតៃវ៉ាន់ដែលមានចម្ងាយប្រមាណត្រឹមជាង២០០គីឡូម៉ែត្រពីតំបន់ Quanzhou នៃខេត្ត Fujian របស់ចិននោះ គឺសក្តានុពលនៃការ«ការពារខ្លួន» បានពឹងផ្អែកទាំងស្រុងទៅលើសហរដ្ឋអាមេរិក ។ ដូច្នេះ បើមហាអំណាចអាមេរិកគាំទ្រ«នយោបាយចិនតែមួយ» ទៅហើយ គឺចង់ ឬមិនចង់ និងយូរ ឬឆាប់ កោះតៃវ៉ាន់នឹងក្លាយជាដែនអធិបតេយ្យភាពរបស់មហាអំណាចចិន ។
២-តំបន់ដែនសមុទ្រចិនខាងត្បូង«South China Sea» ៖ សមុទ្រចិនខាងត្បូងមានទំហំប្រមាណ៣ ៥០០ ០០០គីឡូម៉ែត្រក្រឡា កំពុងមានជម្លោះរវាងប្រទេសចិនជាមួយតៃវ៉ាន់ផង និងបណ្តាប្រទេសចំនួន៥ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) រួមមាន វៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនផង ។
ជម្លោះរវាងប្រទេសហ្វីលីពីន និងប្រទេសចិននៅតំបន់ដែនសមុទ្រចិនខាងត្បូងធ្លាប់ត្រូវបានតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (Permanent Court of Arbitration) ទីក្រុងឡាអេ សម្រេចកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ បដិសេធសិទ្ធគ្រប់គ្រងផ្តាច់មុខរបស់ចិនលើតំបន់ដែនសមុទ្រចិនខាងត្បូង ពោលគឺវិនិច្ឆ័យឲ្យប្រទេសចិនចាញ់ក្តីប្រទេសហ្វីលីពីន ។ ទោះបីតុលាការទីក្រុងឡាអេបានសម្រេចដូច្នេះក៏ដោយ ក៏ជាក់ស្តែងប្រទេសចិនមិនបានទទួលស្គាល់ដឹងឮ និងចូលរួមអនុវត្តសេចក្តីសម្រេចរបស់តុលាការអន្តរជាតិនោះឡើយ ហើយចិនបែរជាបន្តធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅលើកោះសិប្បនិមិត្តរបស់ខ្លួនក្នុងប្រជុំកោះ Spralty រួមទាំងទីតាំងយុទ្ធសាស្ត្រយោធាដ៏រឹងមាំ ដូចជាព្រលានយន្តហោះ ប្រព័ន្ធខែលការពារមីស៊ីល និងបង្កើតតំបន់ការពារដែនអាកាស (ADIZ) ថែមទៀត ។
អ្នកឯកទេសយោធា និងសន្តិសុខអន្តរជាតិបានវិភាគ និងបញ្ជាក់ឲ្យដឹងថា តំបន់ដែនសមុទ្រចិនខាងត្បូងមានជម្រៅទឹករាប់ពាន់ម៉ែត្រ និងមានរូងភ្នំជ្រៅនៅបាតសមុទ្រ ក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់ចិនក្នុងការកសាងមូលដ្ឋានទ័ពក្រោមបាតសមុទ្រ ដោយងាយស្រួលដល់ការលាក់ខ្លួនរបស់នាវាមុជទឹកដើម្បីគេចផុតពីការចាប់បានរបស់ប្រព័ន្ធរ៉ាដាសត្រូវ ជាពិសេសប្រព័ន្ធរ៉ាដាត្រួតពិនិត្យរបស់សហរដ្ឋអាមេរិកនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ។
សារព័ត៌មាន The Mirror របស់អង់គ្លេសធ្លាប់បានផ្សព្វផ្សាយកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅឲ្យដឹងថា ចិនមានគម្រោងសាងសង់មូលដ្ឋានទ័ពដ៏រឹងមាំនៅក្រោមជម្រៅទឹកជាង៣គីឡូម៉ែត្រយកលំនាំតាមអគារដូចក្នុងរឿង James Bond ដ៏ល្បីនៅតំបន់សមុទ្រចិនខាងត្បូង ក្រោមការបកស្រាយបង្វែងដានថា ជាគម្រោងរុករករ៉ែនៅក្រោមបាតសមុទ្រ ។
ទិន្នន័យទទួលបានតាមរយៈផ្កាយរណបបានបង្ហាញឲ្យឃើញថា យន្តហោះចម្បាំងរបស់ចិនជាច្រើនគ្រឿងបានសាកល្បង និងប្រចាំការចុះចតរួចទៅហើយនៅលើព្រលានយន្តហោះដ៏រឹងមាំក្នុងតំបន់ដែនសមុទ្រចិនខាងត្បូងកំពុងមានជម្លោះនោះ ។
ក្រៅពីចំណូលពាណិជ្ជកម្មអន្តរជាតិដែលចិនអះអាងថាមានប្រមាណ៥ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ និងធនធានរ៉ែប្រេងកាត ឧស្ម័នមហាសាលនៅតំបន់ដែនសមុទ្រចិនខាងត្បូង គឺចិនបានចាត់ទុកតំបន់ដែនសមុទ្រចិនខាងត្បូងកំពុងមានជម្លោះ ជាទីតាំងយុទ្ធសាស្ត្រយោធារបស់ខ្លួនយ៉ាងសំខាន់បំផុតដែលចិនត្រូវច្បាមយក និងការពារមិនឲ្យរបូតចេញពីដៃបានឡើយ រហូតដល់ថ្នាក់លោកឧត្តមសេនីយ៍ Chang Wanquan រដ្ឋមន្ត្រីការពារជាតិចិនធ្លាប់បានប្រកាសទប់ទល់ទៅនឹងការលូកដៃចូលជ្រៀតជ្រែកណាមួយពីសំណាក់សហរដ្ឋអាមេរិកនៅក្នុងជម្លោះដែនសមុទ្រចិនខាងត្បូងថា«ចិនបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការធ្វើសង្គ្រាមដែនសមុទ្រ និងសង្គ្រាមនុយក្លេអ៊ែរ» ៕