កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ដោយយោងតាមមាត្រា៥ចំណុចទី២នៃច្បាប់ស្តីពីរបបសារព័ត៌មាន និងសេចក្តីជូនដំណឹងលេខ០១៧សហវ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះ សារព័ត៌មានដើមត្នោតធ្លាប់បានធ្វើលិខិតលាយលក្ខណ៍អក្សរមួយច្បាប់គោរពជូនឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកម្មវត្ថុស្នើសុំបញ្ជាក់អំពីភាពស្របច្បាប់ និងមិនស្របច្បាប់នៃម្ចាស់សំណង់ ឬបុរីមួយចំនួនពាក់ព័ន្ធនឹងអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែមានរយៈពេលជិត០៣ខែហើយ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបានឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មានដើមត្នោតនៅឡើយ ពោលគឺចាត់ទុកច្បាប់ស្តីពីរបបសារព័ត៌មានប្រៀបដូចជា«សំរាម» ។
លិខិតលេខ ដត/១២១៦/១១១ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ របស់សារព័ត៌មានដើមត្នោតដែលបានគោរពជូនឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើសុំបញ្ជាក់អំពីភាពស្របច្បាប់ និងមិនស្របច្បាប់នៃម្ចាស់សំណង់ ឬបុរីមួយចំនួនពាក់ព័ន្ធនឹងអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះ បានលើកឡើងដូចខាងក្រោម ៖
«កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់បានចេញសេចក្តីជូនដំណឹងមួយលេខ០១៧សហវ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ រំលឹកដល់សាធារណជនទាំងអស់មិនឲ្យទិញលំនៅឋានទាំងឡាយណាដែលពុំទាន់មានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះឡើយ ដោយក្រសួងបានបញ្ជាក់ឲ្យដឹងថា ការទិញលំនៅឋានពីម្ចាស់សំណង់ ឬបុរីដែលគ្មានការអនុញ្ញាតស្របច្បាប់អាចនឹងខាតបង់ថវិកា ឬទ្រព្យសម្បត្តិជាយថាហេតុ ។ ទន្ទឹមនឹងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានបង្ហាញនូវម្ចាស់គម្រោងសំណង់ចំនួន១៩ដែលមិនទាន់មានអាជ្ញាប័ណ្ណអភិវឌ្ឍន៍លំនៅឋានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រសួងបានតម្រូវឲ្យម្ចាស់គម្រោងសំណង់ទាំងនោះរួសរាន់មកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍន៍លំនៅឋាននៅអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យបានមុនថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ ។
ឆ្លុះបញ្ចាំងតាមរយៈសេចក្តីជូនដំណឹងលេខ០១៧សហវ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបែបនេះ គឺបានធ្វើឲ្យសាធារណជនជាច្រើនចង់ដឹងថា តើម្ចាស់គម្រោងសំណង់ទាំង១៩នោះ បានចូលខ្លួនទៅសុំអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទទួលបាននូវភាពស្របច្បាប់ក្នុងការធ្វើអាជីវកម្មអភិវឌ្ឍន៍លំនៅឋានរួចហើយឬនៅ ឬមានម្ចាស់គម្រោងសំណង់ណាខ្លះដែលមិនទាន់ទទួលបាននូវភាពស្របច្បាប់តាំងពីពេលនោះមក ?» ។
ទោះយ៉ាងណា ចាប់តាំងពីធ្វើលិខិតលាយលក្ខណ៍អក្សរគោរពជូនឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពាក់ព័ន្ធនឹងករណីដ៏មានសារៈសំខាន់ខាងលើនេះរួចមក គឺមានរយៈពេលជិត០៣ខែហើយ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបានធ្វើការឆ្លើយតបនឹងសំណើរបស់សារព័ត៌មានដើមត្នោត ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាននៅឡើយទេ ។
អនុលោមតាមមាត្រា៥ ចំណុចទី២នៃច្បាប់ស្តីពីរបបសារព័ត៌មាន ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៨៩៥/០៧ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៥ បានបញ្ញត្តិតម្រូវឲ្យសារព័ត៌មានមានសិទ្ធិទទួលព័ត៌មានដែលឋិតក្នុងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលដោយធ្វើឡើងជាលាយលក្ខណ៍អក្សរ…ហើយមន្ត្រីមានសមត្ថកិច្ចត្រូវឆ្លើយតបទៅនឹងពាក្យសុំក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ និងប្រសិនបើការស្នើសុំនោះត្រូវបានបដិសេធទាំងស្រុង ឬខ្លះៗនោះ ហេតុផលនៃការបដិសេធត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់ជាលាយលក្ខណ៍អក្សរ ។
ដូច្នេះ ការណ៍ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបានធ្វើការឆ្លើយតបទៅនឹងសំណើជាលាយលក្ខណ៍អក្សររបស់សារព័ត៌មានដើមត្នោតដូចបានរៀបរាប់ខាងលើ គឺបានបង្កនូវផលប៉ះពាល់ដូចតទៅ ៖
១-ជាអំពើរំលោភបំពានច្បាប់ស្តីពីរបបសារព័ត៌មាន ឬក៏ជាចេតនាចាត់ទុកច្បាប់ស្តីពីរបបសារព័ត៌មានប្រៀបដូចជា«សំរាម» ឬក៏បង្កប់នូវភាពរើសអើងចំពោះសារព័ត៌មាន ។
២-អាចបង្កឲ្យប្រជាពលរដ្ឋមួយចំនួនបន្តរងគ្រោះតាមរយៈការទិញលំនៅឋានពីម្ចាស់គម្រោងសំណង់ដែលមិនស្របច្បាប់ (មិនទាន់មានអាជ្ញាប័ណ្ណអភិវឌ្ឍន៍លំនៅឋានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ដោយសារខ្វះព័ត៌មានល្អិតល្អន់ និងជាក់លាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាងឲ្យស្ថាប័នរាជរដ្ឋាភិបាល ។
៣-អាចបង្កឲ្យម្ចាស់គម្រោងសំណង់មួយចំនួនដែលទទួលបានភាពស្របច្បាប់វិញរងគ្រោះ ព្រោះអតិថិជនប៉ាន់ស្មាន ឬមិនបានដឹងអំពីភាពស្របច្បាប់នោះ នាំឲ្យអតិថិជនមិនហ៊ានទិញបន្ទាប់ពីបានឃើញបានដឹងសេចក្តីជូនដំណឹងលេខ០១៧សហវ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក ៕
អត្ថបទពាក់ព័ន្ធ ៖
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុណែនាំប្រជាពលរដ្ឋកុំឲ្យទិញលំនៅឋានក្នុងបុរីចំនួន១៩ដែលមិនទាន់មានច្បាប់អនុញ្ញាត
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងមួយលេខ០១៧សហវ រំលឹកដល់សាធារណជនកុំឲ្យទិញលំនៅឋានទាំងឡាយណា ដែលមិនទាន់មានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានពីក្រសួង ព្រោះការទិញលំនៅឋានពីម្ចាស់សំណង់ ឬបុរីដែលគ្មានការអនុញ្ញាតស្របច្បាប់អាចនឹងខាតបង់ថវិកាឬទ្រព្យសម្បត្តិជាយថាហេតុ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវិត្ថុបានបង្ហាញជូននូវម្ចាស់គម្រោងសំណង់ចំនួន១៩ ដែលមិនទាន់មានអាជ្ញាប័ណ្ណអភិវឌ្ឍន៍លំនៅឋានពីក្រសួងនៅឡើយ ហើយដែលសាធារណជនគប្បីកុំទិញនាំឲ្យខាតបង់ផលប្រយោជន៍ជាយថាហេតុនោះមានឈ្មោះដូចខាងក្រោម៖
១-បុរី សូនី, ២-បុរី វារីណា,៣-បុរី រុង រឿង, ៤-បុរី គៀង ហ៊ត, ៥-បុរី សម្បួរមាស, ៦-ផ្លាទីនីម រេស៊ីដិន, ៧-បុរី អាកាសចរណ៍, ៨-ក្រុមហ៊ុន ប៊ូយ៉ុងហ្គ្រុប, ៩-បុរី EU ( កំពង់ចម្លង អរិយក្សត្រ ), ១០-ក្រុមហ៊ុន មានជ័យហ្វូដ ៩៩៩ ( គម្រោងបុរី តូក្យូ, គម្រោង មូស្គូស៊ីធី និងផ្លូវ ៣៧១ ), ១១-សំណង់ផ្ទះល្វែងទំនើប ចោមចៅ, ១២-អាផាតមិន Sonatra Grand Realty, ១៣-សំណង់ផ្ទះល្វែង លោក អ៊ីវ ឈាន ,១៤-អគារស្នាក់នៅរួម D.Y.G Co., Ltd (Noblesse), ១៥-សំណង់ផ្ទះល្វែងលោក អ៊ីវ ម៉េង និងលោក ជា លី, ១៦-សំណង់ផ្ទះល្វែង និង Link House លោក គីម យ៉ុងហាក់, ១៧-សំណង់អគារស្នាក់នៅរួម លោក ទិព្ធ ណារេន និង លោកស្រី អ៊ាក ច័ន្ទថាវី, ១៨-សំណង់អគារស្នាក់នៅរួម លោក យ៉ង់ គ្រីស្យង់ និងលោក យ៉ង់ លឹមហួត និង ១៩-សំណង់ផ្ទះល្វែង តុល លន។
ជាមួយគ្នានេះដែរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្គាប់ឲ្យម្ចាស់សំណង់ទាំង១៩ខាងលើរួសរាន់មកដាក់ពាក្យសុំអាជ្ញាប័ណ្ណអាជីវកម្មលំនៅឋាននៅអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុឲ្យបានមុនថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ ខាងមុខ និងក្នុងករណីយឺតយ៉ាវ ឬព្រងើយកន្តើយមិនព្រមមកដាក់ពាក្យសុំអាជ្ញាប័ណ្ណអាជីវកម្មលំនៅឋានទេនោះក្រសួងនឹងចាត់វិធានការតាមច្បាប់ជាធរមាន ។
នៅពេលខាងមុខឆាប់ៗ គេហទំព័រសារព័ត៌មាន ដើមត្នោត នឹងធ្វើការតាមដានស្រាវជ្រាវមើលថា តើបុរី និងលំនៅឋានទាំង១៩នោះ មានបុរី និងលំនៅឋានណាខ្លះដែលទទួលបានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋានស្របច្បាប់ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយបុរី និងលំនៅឋានណាខ្លះដែលនៅតែបន្តប្រព្រឹត្តល្មើសច្បាប់ ? ៕