គេហទំព័រTaipeitimes របស់តៃវ៉ាន់បានផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា លោក Donald Trump ប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកបច្ចុប្បន្ន បានធ្វើការរិះគន់ទៅលើអតីតលោកប្រធានាធិបតី Barack Obama ថា បណ្តែតបណ្តោយឲ្យចិនសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងទីតាំងយោធាជាច្រើននៅតំបន់ដែនសមុទ្រចិនខាងត្បូងកំពុងមានជម្លោះដោយមិនទប់ស្កាត់ទាន់ពេលវេលា ។
លោក Donald Trump បានបញ្ជាក់សង្កត់ធ្ងន់ថា «ការសាងសង់ទីតាំងយោធានៅកណ្តាលដែនសមុទ្រចិនខាងត្បូងកំពុងមានជម្លោះដោយអាជ្ញាធរចិនយ៉ាងសកម្មតាំងពីប្រមាណ៣ឆ្នាំមុន គឺជាកំហុសឆ្គងរបស់លោកអតីតប្រធានាធិបតី Barack Obama» ។
ពាក់ព័ន្ធនឹងស្ថានភាពនៅតំបន់ដែនសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះរវាងចិន និងបណ្តាប្រទេសជាច្រើនឋិតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)នោះ ត្រូវបានមន្ត្រីជំនាញយោធាសហរដ្ឋអាមេរិកប្រកាសឲ្យដឹងថា ចិនបានសម្រេចលើការដ្ឋានសំណង់ចំនួន២០ផ្សេងៗគ្នា ក្នុងនោះមានទាំងការបង្កើតកោះសិប្បនិមិត្តខុសច្បាប់ផង ។
តំបន់ដែនសមុទ្រចិនខាងត្បូងដែលមានទំហំប្រមាណ៣ ៥០០ ០០០គីឡូម៉ែត្រក្រឡាកំពុងមានជម្លោះនោះ ក្រៅពីអះអាងថានាំមកនូវចំណូលប្រមាណ៥ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ គឺមហាអំណាចចិនបានចាត់ទុកទីតាំងដែនសមុទ្រនេះ ជាមូលដ្ឋានយុទ្ធសាស្ត្រយោធាដ៏សំខាន់បំផុតរបស់ខ្លួន ដូច្នេះហើយទើបចិនបានសាងសង់កោះសិប្បនិមិត្ត និងហេរដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅកណ្តាលសមុទ្រមិនខ្វល់នឹងការជំទាស់ ឬរារាំងពីមជ្ឈដ្ឋានណាឡើយ ។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រសួងការបរទេសចិនធ្លាប់បានព្រមានទៅលើសហរដ្ឋអាមេរិកទាមទារឲ្យបញ្ឈប់នូវការបញ្ជូននាវាចម្បាំងមកធ្វើចរាចរណ៍តាមផ្លូវទឹកកំពុងមានជម្លោះនៅដែនសមុទ្រចិនខាងត្បូង ។ ដោយមិនអើពើទៅនឹងការព្រមានរបស់ចិននោះ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅថ្មីៗ សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាផ្ទុកយន្តហោះដ៏ទំនើបធុនUSS Carl Vinson និងនាវាពិឃាតធុនUSS Wayne E. Meyer របស់ខ្លួនធ្វើសកម្មភាពល្បាតនៅក្នុងដែនសមុទ្រចិនខាងត្បូងក្រោមការអះអាងថា «ការពារដែនទឹកអន្តរជាតិ» ៕