ថ្ងៃ ពុធ ទី ០៥ ខែ សីហា ឆ្នាំ ២០២០

​រឿង​វ័ណ្ឌក ! ចិន​ចាប់ផ្តើម​វ័ណ្ឌក​បង្ក​ការបារម្ភ​ដល់​ខ្លួនឯង​ក្នុង​រឿង​ចងមិត្តភាព​ជាមួយ​កូរ៉េខាងជើង​

​ថ្វី​ដ្បិត​មហាអំណាច​ចិន​ដែលជា​ប្រទេស​សម្ព័ន្ធមិត្ត​ជាមួយ​ប្រទេស​កូរ៉េខាងជើង​មិនបាន​ប្រកាស​ជា​ចំហ​គាំទ្រ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ក្តី ប៉ុន្តែ​ពិភពលោក​ទាំងមូល​បានដឹង​យ៉ាងច្បាស់​ថា ដង្ហើម​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងជើង​ក្រោម​ការដឹកនាំ​រប​ស់បុរ​ស​វ័យក្មេង Kim Jong-un បច្ចុប្បន្ន គឺ​ពឹងផ្អែក​ទាំងស្រុង​រហូតដល់​៩០​ភាគរយ​ទៅលើ​ប្រទេស​ចិន​លើ​ការនាំចេញ​កសិផល ធនធាន​រ៉ែ និង​ផល​នេសាទ​…​។ មានន័យថា មូលនិធិ​សម្រាប់​ដំណើរការ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដែល​បង្ក​ការ​«​ឆេះដុំ​» ដល់​មហាអំណាច​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង ព្រមទាំង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នោះ អាស្រ័យ​លើ​ការរកស៊ី​ជាមួយ​ប្រទេស​ចិន​គ្រប់​វិស័យ ។​

​អ្នកវិភាគ​នយោបាយ​អ​ន្ត​រ​ជាតិ​បាន​លើកឡើងថា បើ​ចិន​ចង់​បន្ទច់បង្អាក់​ដំណើរការ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺ​ងាយស្រួល​បំផុត ដោយ​គ្រាន់តែ​កាត់​ផ្តាច់ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​កូរ៉េខាងជើង​ជាការ​ស្រេច ប៉ុន្តែ​ខ្លាច​ក្រែងតែ​ចិន​«​មិន​ចង់​» ហើយ​ទុក​ឱកាស​ឲ្យ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​គំរាមកំហែង​ទៅលើ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ដែលជា​សត្រូវ​របស់​ចិន​ជំនួស​ខ្លួន ។​

​ការទំនាក់ទំនង​រក​ស៊ី​រវាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​ចិន​ឈ្មោះ Dandong Hongxiang Industrial Development ជាមួយ​ប្រទេស​កូរ៉េខាងជើង​ចន្លោះ​ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៥​មាន​ទំហំ​ទឹកប្រាក់​ជាង​៥៣០​លាន​ដុល្លារ​អាមេរិក ដែលជា​ផ្នែក​ឧ​ប​ត្ថ​ម្ព​គាំទ្រ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​ត្រូវបាន​រង​ការដាក់ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក ។​

​រូបភាព​គំរាមកំហែង​ខាង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នោះ បានធ្វើ​ឲ្យ​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន​ដែលជា​សម្ព័ន្ធមិត្ត​របស់​មហាអំណាច​អាមេរិក​ធ្វើការ​អភិវឌ្ឍន៍​នូវ​សព្វាវុធ​ទប់ទល់​នឹង​កូរ៉េខាងជើង​វិញ ជាអាទិ៍ ៖ ប្រទេស​កូរ៉េខាងត្បូង​បាន​រួមដៃគ្នា​ជាមួយ​សហរដ្ឋអាមេរិក​គ្រោង​នឹងដាក់​ពង្រាយ​នូវ​ខែល​ការពារ​មី​ស៊ី​ល​«​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល​» ធុន​THAAD ដ៏​មាន​ឥទ្ធិពល និង​លើសពីនេះ សហរដ្ឋអាមេរិក​គ្រោង​នឹង​បញ្ជូន​នាវាចម្បាំង​ដ៏​ទំនើប​ធុន USS Zumwalt (DDG-1000) បំពាក់​ដោយ​កាំជ្រួច​មី​ស៊ី​ល​វាយលុក​ធុន​Tomahawk និង​មី​ស៊ី​ល​នាំ​ផ្លូវ SM-1,SM-2,SM-6 ព្រមទាំង​អាវុធ​កាំរស្មី Laser មានតម្លៃ​ជាង​៤​ពាន់​លាន​ដុល្លារ​ទៅកាន់​កោះ Jelu ប្រទេស​កូរ៉េខាងត្បូង ក្រោម​ហេតុផល​ថា ត្រៀម​ទប់ទល់​នឹង​កូរ៉េខាងជើង​ទៀតផង ។ ដោយឡែក ប្រទេស​ជប៉ុន ក្រោយពី​បាន​បាញ់​បង្ហោះ​ផ្កាយរណប​យោធា​ការពារ​មី​ស៊ី​ល​ទំនើប​ថ្មី​របស់ខ្លួន​ធុន​DSN-2 ឬ Kirameki-2 ប្រកបដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧​រួចមក គឺ​កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ ជប៉ុន និង​សហរដ្ឋអាមេរិក​បាន​បាញ់​តេស្ត​សាកល្បង​នូវ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ធុន SM-3 Block IIA ជា​មី​ស៊ី​ល​ផលិត​រួមគ្នា​រវាង​ជប៉ុន និង​សហរដ្ឋអាមេរិក ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​អាមេរិក​ធុន Aegis Ballistic Missile Defense System ប្រកបដោយ​ជោគជ័យ ។ 

​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក រួមទាំង​ប្រភេទ​មី​ស៊ី​ល​ដែល​ផលិត​រួមគ្នា​រវាង​ជប៉ុន និង​អាមេរិក ដែល​បានដាក់​ពង្រាយ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន ហើយ​នៅ​ថ្ងៃ​ខាងមុខ​ឆាប់ៗ​ជប៉ុន​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​ក្រោមរូបភាព​«​ទុក​ការពារ​ខ្លួន​ទប់ទល់​នឹង​អាវុធ​កូរ៉េខាងជើង​» ទៀត​នោះ គឺ​នឹង​ក្លាយជា​ក្តីបារម្ភ​ដ៏​ធំ​របស់​ចិន ដូច​ឲ្យ​មហាអំណាច​ចិន​«​សុបិន​អាក្រក់​» ទាំងយប់ ទាំង​ថ្ងៃ ។​

​ទំនងជា​ឋិត​នៅក្រោម​សម្ពាធ​នៃ​ទណ្ឌកម្ម​ថ្មី​របស់​អង្គការសហប្រជាជាតិ​លើ​ប្រទេស​កូរ៉េខាងជើង​ពាក់ព័ន្ធ​នឹង​បញ្ហា​កម្មវិធី​បាញ់​សាកល្បង​អាវុធ​មី​ស៊ី​លអាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ធុន Pukguksong-2 នោះ ទើប​កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ប្រទេស​ចិន​បានប្រកាស​ឲ្យ​ដឹងថា នឹង​បិទ​ជា​បណ្តោះអាសន្ន​នូវ​ការ​នាំចូល​ធ្យូងថ្ម​ពី​ប្រទេស​កូរ៉េខាងជើង​រហូតដល់​ដំណាច់ឆ្នាំ​២០១៧​នេះ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.