ថ្ងៃ ពុធ ទី ០៥ ខែ សីហា ឆ្នាំ ២០២០

​ក្រោម​មេឃ​តែមួយ មាន​វាស​នាពីរ​ខុសគ្នា ! នាយទាហាន​មានរឿង​អាស្រូវ​នៅ​តុលាការ​ដូចគ្នា តែមាន​អ្នក​«​ជ្រុះ​ស័ក្តិ​» និង​មាន​អ្នក​«​ឡើង​ស័ក្តិ​» 

​ក្នុងចំណោម​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​៩​នាក់​ដែលមាន​រឿងអាស្រូវ​នៅ​ស្ថាប័ន​តុលាការ​កម្ពុជា​ដូចគ្នា ប៉ុន្តែ​មាន​វាសនា​ខុសគ្នា​ស្រឡះ គឺ​នាយទាហាន​ចំនួន​៦​នាក់​មិន​ត្រឹម​ត្រូវបាន​ដកហូត​ឋានន្តរស័ក្តិ​នោះទេ ថែមទាំង​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​ទៀតផង តាំងពី​នៅជាប់​ឈ្មោះ​ជា​ជនជាប់ចោទ​មកម្ល៉េះ និង​នាយទាហាន​ចំនួន​៣​នាក់ មិនត្រូវ​បាន​ដកហូត​ឋានន្តរស័ក្តិ ឬ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​ទេ​ទោះបី​ជាប់​ឈ្មោះ​ជា​ពិរុទ្ធជន​ហើយក៏​ដោយ ព្រមទាំង​មានឱកាស​បាន​ឡើង​ឋានន្តរស័ក្តិ​យ៉ាង​ហ៊ី​ហា​ទៀត​ក្រោយពេល​បានចេញ​ពី​គុក​ត្រឹម​រយៈពេល​ជាង​១០​ថ្ងៃ ។​

​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ដែលមាន​រឿងអាស្រូវ​នៅ​ស្ថាប័ន​តុលាការ​ចំនួន​៣​នាក់​រហូតដល់​ជាប់​ឈ្មោះ​ជា​ពិរុទ្ធជន​(​ជន​ដែល​តុលាការ​សម្រេច​ផ្តន្ទាទោស ប៉ុន្តែ​សាលក្រម ឬ​សាលដីកា​តុលាការ​មិនទាន់​ចូល​ស្ថាពរ​) ដែល​មិន​ត្រូវបាន​ដកហូត​ឋានន្តរស័ក្តិ តែមាន​ឱកាស​បាន​ឡើង​ឋានន្តរស័ក្តិ​ក្រោយ​ចេញពី​គុក​ទៀត​នោះ គឺជា​នាយទាហាន​បម្រើកា​រងារ​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(​ផ្តន្ទាទោស​ក្នុង​រឿង​ប្រព្រឹត្ត​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​កាល​ពីថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥) រួមមាន​ឈ្មោះ​ដូចខាងក្រោម ៖

១-​លោក ចាយ សារិទ្ធ នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៨៧៧៤៥ ជា​នាយទាហាន​ការពារ​ផ្ទាល់​បញ្ជាការដ្ឋាន​អង្គរក្ស (​មុនពេល​ប្រព្រឹត្ត​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១២៥៨ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៤ ។ ក្រោយ​ចេញពី​ពន្ធនាគារ​រយៈពេល​ជាង​១០​ថ្ងៃ លោក​វរសេនីយ៍ឯក ចាយ សារិទ្ធ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី​(​ផ្កាយ​១)​ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១១១៦/១០៥៣ ចុះ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។​

២-​លោក ម៉ៅ ហឿន នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​២២៩៧២១ ជា​នាយទាហាន​ការពារ​ផ្ទាល់​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​ក្រោយពេល​ចេញពី​គុក​ដំណាលគ្នា​ជាមួយ​លោក ចាយ សារិទ្ធ នោះ​ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥) ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១១២៧ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។​

៣- លោក សុ​ត វ​ណ្ណី នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​២៣២១៧៨ ជា​នាយទាហាន​ការពារ​ផ្ទាល់​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​ក្រោយពេល​ចេញពី​គុក​ដំណាលគ្នា​ជាមួយ​លោក ម៉ៅ ហឿន នោះ​ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥) ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១១២៧ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។​

​រីឯ នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ដែលមាន​រឿងអាស្រូវ​នៅ​ស្ថាប័ន​តុលាការ​ចំនួន​៦​នាក់​មិន​ត្រឹម​ត្រូវបាន​ដកហូត​ឋានន្តរស័ក្តិ ហើយ​ថែមទាំង​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​ទៀត​តាំងពី​នៅមាន​ឈ្មោះ ជា​ជាន​ជាប់ចោទ​នៅឡើយ​នោះ រួមមាន​ឈ្មោះ​ដូចខាងក្រោម ៖

១-​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ងិន មនោ នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០១៥៩៤ ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៦/៤៥៣ ចុះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦ ។ លោក​ឧ​ត្ត​ម​សេនីយ៍ ងិន មនោ ក៏មាន​ងារ​ជា​ឧកញ៉ា​ផងដែរ​(​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២០៩/១៥៧ ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០០៩) ។ 

២-​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ថោង សារ៉ាត់ នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០១១៨៧ (​អតីត​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ) ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៥/៨៨៥ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥ ។ លោក​ឧ​ត្ត​ម​សេនីយ៍ ថោង សារ៉ាត់ ហៅ «​ប៊ិន​ទឹង​» ក៏មាន​ងារ​ជា​ឧកញ៉ា​ផងដែរ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១០១/៤៣៦ ចុះ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០១) ។ 

៣-​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គឹម ម៉ា​រី​ន​ថា នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០៤៥១៨ (​អតីត​ជា​ជំនួយការ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​) ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៤/១៤៦៨ ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៤ ។​

៤-​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ រិទ្ធី​ឌី នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០១០២១១ ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១២/៨១៧ ចុះ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១២ ។​

៥-​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ ផល្លា​បុត្រ នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០៣៤០៧ ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១១/៨៩០ ចុះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១១ ។​

៦-​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឈឿន ចាន់ថន នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០៣៣៦១ (​អតីត​ជាទី​ប្រឹក្សា និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ) ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១១/៧៦៨ ចុះ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១១ ។ លោក​ឧ​ត្ត​ម​សេនីយ៍ ឈឿន ចាន់ថន ហៅ​«​ម៉ៅ​» ក៏មាន​ងារ​ជា​ឧកញ៉ា​ផងដែរ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩០៦/៣៧២ ចុះ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០០៦) ៕

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.