ថ្ងៃ អាទិត្យ ទី ១៩ ខែ មករា ឆ្នាំ ២០២០

​រឿង​ស្ថាបនា និង​ពង្រីក​ផ្លូវ​«​តម្រូវ​ចិត្ត​អ្នកធំ​»​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាលជិតភូមិគ្រឹះនាយករដ្ឋមន្ត្រី​

​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​នឹង​ដងផ្លូវ​ជាតិ​លេខ​២១B ឋិត​ក្នុងភូមិ​ថ្មី ភូមិ​តាខ្មៅ ភូមិ​ព្រែក​សំរោង ក្រុង​តាខ្មៅ និង​ជិត​ភូមិគ្រឹះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ខេត្តកណ្តាល បាន​សម្តែង​នូវ​ការរីករាយ​ចំពោះ​គម្រោង​ស្ថាបនា និង​ពង្រីក​ផ្លូវជាតិ​លេខ​២១B​ភ្ជាប់​ពី​រង្វង់​មូល​តាខ្មៅ​ជាប់​សាលាដំបូង​ខេត្តកណ្តាល ឆ្ពោះទៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្តាល​នោះ ប៉ុន្តែ​ទន្ទឹមនឹងនេះ ការអនុវត្ត​គម្រោង​ជាក់ស្តែង​ក៏បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ផ្នែក​ខាងកើត​ផ្លូវជាតិ​មានការ​ក្តៅក្រហាយ ដោយសារ​សកម្មភាព​ពង្រីក​ផ្លូវ​មាន​ភាពមិនប្រក្រតី មិន​ស្មើភាព​តាមរបៀប​«​តម្រូវ​ចិត្ត​អ្នកធំ ឬ​អ្នកមានអំណាច​» ។​

​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ផ្នែក​ខាងកើត​ផ្លូវជាតិ​លេខ​២១B​ឋិត​ក្នុង​ក្រុង​តាខ្មៅ​បាន​និយាយ​ឲ្យ​ដឹង​ទាំង​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ថា ពួកគាត់​ទទួលរង​គ្រោះ​ច្រើនជាង​ប្រជាពលរដ្ឋ​រស់នៅ​ផ្នែក​ខាងលិច​ផ្លូវ​ដែល​សូម្បី​ចរន្តអគ្គិសនី​ក៏​មិនសូវ​ដាច់ ព្រោះ​ប្រើ​បណ្តាញ​ចរន្ត​ជាមួយ​បណ្តាញ​របស់​ភូមិគ្រឹះ​នាយករដ្ឋមន្ត្រី​ពាក់ព័ន្ធ​នឹង​ការពង្រីក​ផ្លូវជាតិ​លេខ​២១B ដោយសារ​ការអនុវត្ត​គម្រោង​ពង្រីក​ផ្លូវ​ពី​អ័ក្ស​ផ្លូវ​សងខាង​មិន​ស្មើភាព​គ្នា គឺ​លំនៅឋាន​អ្នកធំ ឬ​អ្នកមានអំណាច​នៅ​ផ្នែក​ខាងលិច​ផ្លូវ​ត្រូវបាន​គេ​ធ្វើ​«​វាង​គេចចេញ​»​ហើយ​ចាត់ការ​ពង្រីក​តែ​ខាងកើត​ផ្លូវ​ទៅវិញ​(Sic!) ។ 

​ប្រភពពី​ប្រជាពលរដ្ឋ​មួយចំនួន​ឲ្យ​ដឹងថា ស្ថានភាព​ពង្រីក​ផ្លូវជាតិ​លេខ​២១B​បច្ចុប្បន្ន ត្រូវបាន​ផ្អាក​ដោយ​ងាក​មក​បង្រួម​ផ្លូវ និង​រៀប​ខឿន​ផ្លូវ​សងខាង​ដាក់​ការ៉ូឡា គឺ​ផ្នែក​ខាងលិច​ផ្លូវត្រូវ​រៀប​ចូលក្នុង​ចំណីផ្លូវ​វិញ​ប្រមាណ​១​ម៉ែត្រ រីឯ​ផ្នែក​ខាងកើត​ផ្លូវត្រូវ​រក្សាទុក​ដដែល ។ ផែនការ​រៀប​ខឿន​ផ្លូវ​សងខាង​ដែលមាន​ប្រវែង​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ និង​ទំហំ​ជិត​២​ម៉ែត្រ​នេះ ត្រូវបាន​គេ​សម្រុក​ធ្វើ​ឲ្យ​ហើយ​រួចរាល់​ស្រេច​ក្នុង​រយៈពេល​៥០​ថ្ងៃ ទំនងជា​ត្រៀម​អបអរ​ដំណើរ​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​ចូលរួម​«​សម្ពោធ​»​ភូមិគ្រឹះ​កូន​នាយករដ្ឋមន្ត្រី​សាងសង់​ក្នុង​ប្លុក​ភូមិគ្រឹះ​នាយករដ្ឋមន្ត្រី​នៅ​ទួល​ក្រសាំង​នាពេលខាងមុខ ។​

​ក្រុម​ជាង​រៀបចំ​ពង្រីក​ផ្លូវ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា គម្រោង​រៀប​ការ៉ូឡា​នៅ​ខឿន​សងខាង​ផ្លូវជាតិ​លេខ​២១B​យ៉ាង​ស្អាតបាត​នោះ នឹងត្រូវ​រុះរើ​ចេញ​វិញ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី និង​ក្រុមគ្រួសារ​ឆ្លងកាត់​រួច ដើម្បី​ចាត់ចែង​ពង្រីក​ផ្លូវ​ឡើងវិញ​(Resic!) ។​

​គួរ​រំលឹក​ជូន​ដែរ​ថា ការស្ថាបនា​ផ្លូវជាតិ​លេខ​២១B​ដែលមាន​ប្រវែង​៦៣,៦០​គីឡូម៉ែត្រ ភ្ជាប់​ពី​ក្រុង​តាខ្មៅ​ឆ្ពោះទៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្តាល ប្រើប្រាស់​ប្រាក់កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​(​ប្រទេស​កូរ៉េខាងត្បូង​)​សរុប​ចំនួន​៦១,៦០​លាន​ដុល្លារ​អាមេរិក (​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​ប្រទេស​កូរ៉េខាងត្បូង​ចំនួន​៥២,៥៤​លាន​ដុល្លារ​អាមេរិក និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ចំនួន​៩,០៦​លាន​ដុល្លារ​អាមេរិក​) អនុវត្ត​គម្រោង​ដោយ​ក្រុមហ៊ុន Hanshin Engineering & Construction Co.,Ltd. របស់​ប្រទេស​កូរ៉េខាងត្បូង ហើយ​ត្រូវបាន​ជួល​ម៉ៅការ​សាងសង់​បន្ត​ដោយ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា អ៊ុត ធី នោះ បាន​បង្ក​នូវ​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​គុណភាព​សាង់សង់​មិន​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ពោលគឺ​ស្ថាបនា​ផ្លូវ​តាមរបៀប​ធ្វើ​បណ្តើរ ខូច​បណ្តើរ​ក្លាយជា​«​ផ្លូវ​ធ្វើ​ជាប់​ឥត​ឈប់​» មិនមែនជា​«​ផ្លូវ​ធ្វើ​ជាប់​មាំ​មាន​គុណភាព​»​ឡើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.