ថ្ងៃ អាទិត្យ ទី ១៩ ខែ មករា ឆ្នាំ ២០២០

​បុរស​ខ្លាំង​គួរ​មាន​វិធានការ !​ធ្លាយ​រឿងអាស្រូវ​បញ្ជាការដ្ឋាន​អង្គរក្ស​«​លាក់​បំពួន​» នាយទាហាន​ក្រោម​ឱវាទ​ដែល​ប្រព្រឹត្ត​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​

​ក្រោយ​កើតមាន​អំពើហិង្សា​ទៅលើ​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់ គឺ​ឯកឧត្តម ញ៉យ ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម និង​ឯកឧត្តម គង់ សភា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​នៅមុខ​វិមាន​រដ្ឋសភា​នា​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ក្នុង​ហេតុការណ៍​បាតុកម្ម​ដឹកនាំ​ដោយ​ក្រុមបាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រដាប់​ដោយ​វិទ្យុទាក់ទង​សឹង​គ្រប់​ដៃ និង​មាន​វត្តមាន​លោក ប៉ាន់​ខែម ប៊ុនថន ប្រធាន​ក្រុម​សម្ព័ន្ធ​សេនា​នាគ និង​ជា​ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ភ្លាមៗ ប្រិយមិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម Facebook បាន Post បង្ហាញ​នូវ​អត្តសញ្ញាណ​បុរស​ម្នាក់​ក្នុងចំណោម​ច្រើន​នាក់​ឈ្មោះ ចាយ សារិទ្ធ ជា​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៨៧៧៤៥ បម្រើ​ការងារ​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​រហស្សនាម​«​កណ្តុរ​៤» យ៉ាង​ព្រោងព្រាត​ថា ជា​ជនដៃដល់ ប៉ុន្តែ​រយៈពេល​០៤​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ បែរជា​ស្នងការដ្ឋាន​បុគ្គលិក​-​បណ្តុះបណ្តាល​របស់​បញ្ជា​ការដ្ឋាន​អង្គរក្ស​បានចេញ​លិខិត​បដិសេធ​មួយ​មាន​ខ្លឹមសារ​ថា «​សូម​បដិសេធ​បុគ្គល​ឈ្មោះ ចាយ សារិទ្ធ ដែលមាន​ឋានន្តរស័ក្តិ និង​អត្តលេខ​ដូចដែល​បណ្តាញ​សង្គម Facebook បាន​ផ្សព្វផ្សាយ គឺ​មិនមាន​នៅក្នុង​បញ្ជី​គ្រប់គ្រង​របស់​បញ្ជាការ​ដ្ឋា​ន​អង្គរក្ស​នោះទេ​» ។​

​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ បុរស​ឈ្មោះ ចាយ សារិទ្ធ និង​គូកន​ចំនួន​២​នាក់​ទៀត គឺ​ឈ្មោះ ម៉ៅ ហឿន និង​ឈ្មោះ សុ​ត វ​ណ្ណី បាន​ចូលខ្លួន​មក​សារភាព​នៅ​ចំពោះមុខ​គណៈកម្មការ​ស្រាវជ្រាវ ស៊ើប​អ​ង្គេ​ត​ករណី​បង្ក​របួសស្នាម​លើ​អ្នកតំណាងរាស្ត្រ​របស់​ក្រសួងមហាផ្ទៃ និង​ក្រោយមក​ត្រូវបាន​ស្ថាប័ន​តុលាការ​ចោទប្រកាន់ ឃុំខ្លួន​បណ្តោះអាសន្ន ព្រមទាំង​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​៤​ឆ្នាំ តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ត្រឹម​ចំនួន​១​ឆ្នាំ​ក្នុង​ម្នាក់ៗ ។ ដោយសារ​ការផ្តន្ទាទោស​ឲ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​មាន​កម្រិត​តិចតួច ទើប​ពិរុទ្ធជន​ទាំង​៣​នាក់​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​កាលពី​ចុងឆ្នាំ​២០១៦​កន្លងទៅ ទោះបី​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ កំពុង​ជាប់​បណ្តឹងឧទ្ធរណ៍​ដែលមាន​អ្នកតំណាងរាស្ត្រ​រងគ្រោះ​ទាំង​២​នាក់​ជាដើម​បណ្តឹង​នៅឡើយ​ក៏ដោយ ។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញថា បុរស​ឈ្មោះ ចាយ សារិទ្ធ ជា​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៨៧៧៤៥ បម្រើ​ការងារ​ជា​នាយទាហាន​ការពារ​ផ្ទាល់​បញ្ជាការដ្ឋាន​អង្គរក្ស​ដូច​ការផ្សព្វផ្សាយ​របស់​ប្រិយមិត្ត Facebook ពិតប្រាកដ​មែន និង​នៅមុន​ពេល​ប្រព្រឹត្ត​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​នោះ បុរស​ឈ្មោះ ចាយ សារិទ្ធ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥) ដោយ​អនុក្រឹត្យ​លេខ​១២៥៨ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៤ ពោលគឺ​មិន​ដូច​ការអះអាង​តាម​លិខិត​បដិសេធ​លេខ​២៥២/១០.១៥ ចុះ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ របស់​ស្នងការដ្ឋាន​បុគ្គលិក​-​បណ្តុះបណ្តាល​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុង សិរី​គុ​ត្ត នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០១១៨១៣ ជា​ស្នងការ​នោះឡើយ​(Sic!) ។​

​លើសពីនេះ ក្រោយពី​បាន​ប្រព្រឹត្ត​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​ចំនួន​២​នាក់​បានសម្រេច និង​ក្រោយ​ចេញពី​ពន្ធនាគារ​បាន​ប្រមាណ​ជាង​១០​ថ្ងៃ​រួចមក បុរស​ឈ្មោះ ចាយ សារិទ្ធ នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៨៧៧៤៥ ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី​(​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១១១៦/១០៥៣ ចុះ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ និង​បុរស​ឈ្មោះ ម៉ៅ ហឿន នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​២២៩៧២១ ព្រមទាំង​បុរស​ឈ្មោះ សុ​ត វ​ណ្ណី នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​២៣២១៧៨ ជា​នាយទាហាន​ការពារ​ផ្ទាល់​បញ្ជាការដ្ឋាន​អង្គរក្ស ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥) យ៉ាង​ហ៊ឺហា ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១១២៧ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ (Resic!) ។ 

​ដូច្នេះ សរុបសេចក្តី​មក​តើ​បុរស​ខ្លាំង​គប្បី​មាន​វិធានការ​យ៉ាងណា​ទៅលើ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់ខ្លួន ដែលមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ហ៊ីង ប៊ុន​ហៀ​ង នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០០៤៤៤ ជា​មេបញ្ជាការ មាន​នាយទាហាន​ក្រោម​ឱវាទ​ប្រព្រឹត្ត​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល បង្ក​ការ​បែកធ្លាយ​«​រឿងអាស្រូវ » បែបនេះ​? ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.