កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ កន្លងទៅនៅមុខវិមានរដ្ឋសភា អ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិចំនួន២នាក់ គឺឯកឧត្តម ញ៉យ ចំរើន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងឧត្តម គង់ សភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ដែលជាតំណាងប្រជាជាតិខ្មែរទាំងមូល (អនុលោមតាមមាត្រា៧៧ កថាខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា) ត្រូវបានបុរសចំនួន៣នាក់ជានាយទាហាននៃកងយោធពលខេមរភូមិន្ទ បម្រើការងារនៅបញ្ជាការដ្ឋានអង្គរក្សវាយដំទាត់ធាក់រហូតបង្កឲ្យមានរបួសស្នាមធ្ងន់ធ្ងរចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមានបុរសម្នាក់ឈ្មោះ ចាយ សារិទ្ធ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៨៧៧៤៥ និងជានាយទាហានការពារផ្ទាល់បញ្ជាការដ្ឋានអង្គរក្សផង ប៉ុន្តែបែរជាបញ្ជាការដ្ឋានអង្គរក្សចេញលិខិតបដិសេធថា ឈ្មោះ ចាយ សារិទ្ធ មិនមាននៅក្នុងបញ្ជីគ្រប់គ្រងរបស់ខ្លួនទៅវិញ (Sic!) ។
ក្រោយប្រព្រឹត្តហិង្សាវាយដំទៅលើអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ និងជាតំណាងប្រជាជាតិខ្មែរទាំងមូល បង្កដោយនាយទាហានការពារផ្ទាល់បញ្ជាការដ្ឋានអង្គរក្សឈ្មោះ ចាយ សារិទ្ធ និងគូកនរយៈពេល០៤ថ្ងៃមក ស្រាប់តែស្នងការដ្ឋានបុគ្គលិក-បណ្តុះបណ្តាលនៃបញ្ជាការដ្ឋានអង្គរក្សបានចេញលលិខិតមួយលេខ២៥២/១០.១៥ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ បដិសេធជាសាធារណៈក្នុងន័យយករួចខ្លួន ឬមិនទទួលខុសត្រូវថា បុគ្គលឈ្មោះ ចាយ សារិទ្ធ ដែលប្រិយមិត្តអ្នកលេង Facebook បង្ហាញអត្តលេខ០៨៧៧៤៥ នោះ មិនមាននៅក្នុងបញ្ជីគ្រប់គ្រងរបស់បញ្ជាការដ្ឋានអង្គរក្សទេ ។
រយៈពេល០៨ថ្ងៃក្រោយមក (ក្រោយកើតមានអំពើហិង្សា) ហាក់ដូចជាមានការរៀបចំទុកជាមុនផង ស្រាប់តែនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បុរសចំនួន៣នាក់ រួមមានឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ, ឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ និងឈ្មោះ សុត វណ្ណី អាយុ៤៥ឆ្នាំ បានចេញមុខមកសារភាពនៅក្រសួងមហាផ្ទៃថា ខ្លួនបានបង្ករបួសស្នាមទៅលើអ្នកតំណាងរាស្ត្រ២នាក់ គឺឯកឧត្តម ញ៉យ ចំរើន និងឯកឧត្តម គង់ សភា ខណៈបុរសទាំង៣នាក់នេះ ត្រូវបានគេរកឃើញថា ឈ្មោះ ចាយ សារិទ្ធ ជានាយទាហានការពារផ្ទាល់បញ្ជាការដ្ឋានអង្គរក្ស អត្តលេខ០៨៧៧៤៥, ឈ្មោះ ម៉ៅ ហឿន ជានាយទាហានការពារផ្ទាល់បញ្ជាការដ្ឋានអង្គរក្ស អត្តលេខ២២៩៧២១ និងឈ្មោះ សុត វណ្ណី ជានាយទាហានការពារផ្ទាល់បញ្ជាការដ្ឋានអង្គរក្ស អត្តលេខ២៣២១៧៨ ។
ព័ស្តុតាងជាក់ស្តែងបានបង្ហាញឲ្យឃើញថា នៅមុនពេលប្រព្រឹត្តហិង្សាទៅលើអ្នកតំណាងរាស្ត្រចំនួន២នាក់នោះ គឺបុរសឈ្មោះ ចាយ សារិទ្ធ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជាប្រមុខ សម្រេចដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក(ស័ក្តិ៥) ក្នុងនាមជាទាហានការពារផ្ទាល់បញ្ជាការដ្ឋានអង្គរក្ស អត្តលេខ០៨៧៧៤៥ ដោយអនុក្រឹត្យលេខ១២៥៨អនក្រ.តត ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ។
បន្ទាប់ពីបានចូលសារភាពនៅចំពោះមុខសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ថា បានប្រព្រឹត្តហិង្សាបង្ករបួសស្នាមទៅលើអ្នកតំណាងរាស្ត្រ២នាក់ក្នុងហេតុការណ៍បាតុកម្មដឹកនាំដោយក្រុមបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជាប្រដាប់ដោយវិទ្យុទាក់ទងសឹងគ្រប់ដៃ និងមានវត្តមានលោក ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមសម្ព័ន្ធសេនានាគ និងជាជំនួយការនាយករដ្ឋមន្ត្រីផងនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នោះរួចមក ឈ្មោះ ចាយ សារិទ្ធ, ឈ្មោះ ម៉ៅ ហឿន និងឈ្មោះ សុត វណ្ណី ត្រូវបានស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តុះអាសន្ននាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស ព្រមទាំងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ជនជាប់ចោទទាំង៣នាក់ ត្រូវបានតុលាការប្រកាសសាលក្រមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៤ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារត្រឹមចំនួន១ឆ្នាំក្នុងម្នាក់ៗ ខណៈសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញនេះ កំពុងជាប់បណ្តឹងឧទ្ធរណ៍នៅឡើយ ដែលមានអ្នកតំណាងរាស្ត្ររងគ្រោះទាំង២នាក់ ជាដើមបណ្តឹង ។
ទោះបីឈ្មោះ ចាយ សារិទ្ធ, ឈ្មោះ ម៉ៅ ហឿន និង ឈ្មោះ សុត វណ្ណី ជាប់ឈ្មោះជាពិរុទ្ធជននៅស្ថាប័នតុលាការក៏ដោយ ក៏បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគាររួចថ្មីៗ ឈ្មោះ ចាយ សារិទ្ធ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី(ផ្កាយ១) យ៉ាងហ៊ីហា ដោយព្រះរាជក្រឹត្យលេខ នស/រកត/១១១៦/១០៥៣ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ និងឈ្មោះ ម៉ៅ ហឿន នាយទាហានការពារផ្ទាល់បញ្ជាការដ្ឋានអង្គរក្ស អត្តលេខ២២៩៧២១ ព្រមទាំងឈ្មោះ សុត វណ្ណី នាយទាហានការពារផ្ទាល់បញ្ជាការដ្ឋានអង្គរក្ស អត្តលេខ២៣២១៧៨ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក(ស័ក្តិ៥) ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១១២៧អនក្រ.តត ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ពាក់ព័ន្ធនឹងរឿងអាស្រូវនាយទាហាននៃកងយោធពលខេមរភូមិន្ទប្រព្រឹត្តហិង្សាវាយដំទៅលើអ្នកតំណាងរាស្ត្រដែលតំណាងឲ្យប្រជាជាតិខ្មែរទាំងមូលនេះ គឺបានបង្ហាញនូវភាពមិនប្រក្រតី និងភាពអាម៉ាស់២ចំណុចដូចខាងក្រោម ៖
១-បង្កនូវការអាម៉ាស់បំផុតចំពោះស្ថាប័នកងយោធពលខេមរភូមិន្ទ ពីព្រោះនាយទាហានបែរជាទៅប្រព្រឹត្តអំពើហិង្សាវាយដំលើអ្នកតំណាងរាស្ត្រ ជាតំណាងប្រជាជាតិខ្មែរទាំងមូល ដែលផ្ទុយទៅនឹងមាត្រា១នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទទៅវិញ ។
២-បង្ហាញអំពីវប្បធម៌របៀបរបបធ្វើការមិនទទួលខុសត្រូវរបស់មន្ត្រីក្រោមឱវាទបុរសខ្លាំងមួយចំនួន ដោយជនបង្ក គឺជានាយទាហានការពារផ្ទាល់បញ្ជាការដ្ឋានអង្គរក្សយ៉ាងជាក់ស្តែង បែរជាបញ្ជាការដ្ឋានអង្គរក្សរបស់បុរសខ្លាំងចេញលិខិតបដិសេធមិនទទួលស្គាល់សមាសភាពកូនចៅរបស់ខ្លួនទៅវិញ ដែលធ្វើឲ្យមជ្ឈដ្ឋាននានារិះគន់ថា ជា«របៀបធ្វើការថោកទាប» ៕