ថ្ងៃ អាទិត្យ ទី ១៩ ខែ មករា ឆ្នាំ ២០២០

​ក្រសួងមហាផ្ទៃ​ថា ការផ្សព្វផ្សាយ​របស់​DTN7 មាន​ចំណងជើង​«​ក្រសួង​-​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ទាំង​១០ ដែលមាន​ប្រភព​ចំណូល​ច្រើនជាងគេ​សម្រាប់​ឆ្នាំ​២០១៧» គឺ​គ្មាន​មូលដ្ឋាន​

​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហោ សំអាត នាយ​នគរបាលជាតិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ អត្តលេខ​៦៤៤៤១ ជា​ប្រធាន បានចេញ​លិខិត​មួយច្បាប់​លេខ​០០៦​សជណ​.​ពទ ចុះ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ បានបញ្ជាក់​អះអាង​ឲ្យ​ដឹងថា ការផ្សព្វផ្សាយ​របស់គេ​ហ​ទំព័រសារព័ត៌មាន​ដើមត្នោត​(DTN7) កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ​មាន​ចំណងជើង​«​ក្រសួង​-​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ទាំង​១០ ដែលមាន​ប្រភព​ចំណូល​ច្រើនជាងគេ​សម្រាប់​ឆ្នាំ​២០១៧» គឺជា​ការផ្សព្វផ្សាយ​បំផ្លើស គ្មាន​ការពិត បំផុសបំផុល​ក្នុង​ចេតនា​ទុច្ចរិត មួលបង្កាច់ និង​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​មកលើ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​រាជរដ្ឋាភិបាល​ផ្សេងទៀត ក៏ដូចជា​សមាជិក​រាជ​រដ្ឋាភិបាល ហើយ​ក្រសួងមហាផ្ទៃ​សូម​បដិសេធ​ទាំងស្រុង ។ 

​គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​(WWW.DTN7.COM) ធ្លាប់បាន​ផ្សព្វផ្សាយ​នូវ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​«​ក្រសួង​-​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ទាំង​១០ ដែលមាន​ប្រភព​ចំណូល​ច្រើនជាងគេ​សម្រាប់​ឆ្នាំ​២០១៧» ដោយ​ក្នុង​អត្ថបទ​នោះ បានបង្ហាញ​នូវ​ក្រសួង​-​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​១០ ដែលមាន​ប្រភព​ចំណូល​ច្រើនជាងគេ (​ព្យាករណ៍​ការប្រមូល​ចំណូល​សម្រាប់​ឆ្នាំ​២០១៧) ដែល​ក្នុងនោះ ក្រសួងមហាផ្ទៃ​មាន​សម្តេច​ក្រឡាហោម ឧកញ៉ា ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​មាន​ប្រភព​ចំណូល​ចំនួន​៥៣៩ ៨០៩,៣​លាន​រៀល (​ជាប់​ចំណាត់​ថា្នក់​លេខ​២ បន្ទាប់ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​) ៕​

អត្ថបទពាក់ព័​ន្ធ ៖

ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលបុរសខ្លាំងទាំង១០ ដែលមានប្រភពចំណូលច្រើនជាងគេសម្រាប់ឆ្នាំ២០១៧

ក្នុងចំណោមអ្នកធំរាប់សិបនាក់សម័យព្រះរាជាណាចក្រកម្ពុជាទី២ គ្រប់គ្រងអំណាចដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី ក្រៅពីការចង់កាន់តំណែងជានាយករដ្ឋមន្ត្រីដែលក្តាប់រួមក្នុងស្ថាប័ននីតិប្រតិបត្តិ (រាជរដ្ឋាភិបាល) ទាំងមូល គឺការចង់កាន់តំណែងជាឧបនាយករដ្ឋមន្ត្រីផង ជារដ្ឋមន្ត្រីផង និងជាទេសរដ្ឋមន្ត្រីផង ជារដ្ឋមន្ត្រីផង ព្រមទាំងការចង់កាន់តំណែងជារដ្ឋមន្ត្រីប្រចាំក្រសួងនីមួយៗ ជារឿងសំខាន់ណាស់ ហើយ «គ្រប់ទឹក» ជាងនេះទៅទៀតនោះ គឺកាន់តំណែងជារដ្ឋមន្ត្រីប្រចាំក្រសួងដែលមានប្រភពចំណូលច្រើន ។ 

នៅពេលនេះ គេហទំព័រសារព័ត៌មាន ដើមត្នោត សូមបង្ហាញជូនប្រិយមិត្តអ្នកអាននូវក្រសួង-ស្ថាប័ន ដែលមានប្រភពចំណូលច្រើនជាងគេទាំង១០ (ព្យាករណ៍សម្រាប់ឆ្នាំ២០១៧) ដូចខាងក្រោម ៖

  • ១- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ) ចំណូល ៖ ១៨ ១៨៤ ៣៨៧,១ លានរៀល
  • ២- ក្រសួងមហាផ្ទៃ (សម្តេចក្រឡាហោម ឧកញ៉ា ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី) ចំណូល ៖ ៥៣៩ ៨០៩,៣ លានរៀល
  • ៣- ក្រសួងទេសចរណ៍ ( ឯកឧត្តមបណ្ឌិត ថោង ខុន ជារដ្ឋមន្ត្រី) ចំណូល៖ ៤០៥ ៧៧៥,៣ លានរៀល
  • ៤- គណៈរដ្ឋមន្ត្រី (ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយកដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី) ចំណូល ៖ ២៦៧ ០៧៧ លានរៀល
  • ៥- ក្រសួងពាណិជ្ជកម្ម (ឯកឧត្តម ប៉ាន សូរស័ក្តិ ជារដ្ឋមន្ត្រី ) ចំណូល ៖ ២៣៤ ៦៦២,៩ លានរៀល
  • ៦- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ឯកឧត្តម ត្រាំ អ៊ីវតឹក ជារដ្ឋមន្ត្រី ) ចំណូល ៖ ១៦៦ ៨៥០ លានរៀល
  • ៧- ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី) ចំណូល ៖ ៨៣ ១២៦ លានរៀល
  • ៨- ក្រសួងរ៉ែ និងថាមពល (ឯកឧត្តម ស៊ុយ សែម ជារដ្ឋមន្ត្រី ) ចំណូល ៖ ៦៣ ៤៤៧ លានរៀល
  • ៩- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ) ចំណូល ៖ ៤១ ៨៨៩ លានរៀល 
  • ១០- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រី ) ចំណូល ៖ ៣៩ ៤២៤,២ លានរៀល។

ចំណុចគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺសមាជិករាជរដ្ឋាភិបាលដែលកាន់មុខតំណែងក្នុងក្រសួង-ស្ថាប័នមានប្រភពចំណូលច្រើនជាងគេជាប់ៗគ្នាតាំងពីឆ្នាំ២០១៦មក រូមមាន៖ ១- ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ២- សម្តេចក្រឡាហោម ឧកញ៉ា ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ៣- ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, ៤- ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន) ៥- ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (អតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍) និង ៦- ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

មជ្ឈដ្ឋានអ្នកតាមដានស្ថានការណ៍សង្គមនៅកម្ពុជា បានលើកឡើងថា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នដែលមានប្រភពចំណូលខ្ពស់ ក៏អាចមានចំណូលចូលហោប៉ៅច្រើនដូចគ្នា នៅក្នុងបណ្តាប្រទេសដែលជន់ជោរដោយអំពើពុករលួយ ៕

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.