ថ្ងៃ ពុធ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០

​ស្នងការ និង​ស្នងការរង​នគរបាល​ខេត្តកំពង់ធំ​ចំនួន​២​នាក់ ទទួលរង​ការប្តឹង​ចោទប្រកាន់ថា អសកម្ម​ការងារ និង​ពុករលួយ 

​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ដែល​ទើប​ឡើងកាន់តំណែង​ជាង​២​ឆ្នាំ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជូ សំអាន និង​ស្នងការរង​ចំនួន​២​នាក់​ទៀត គឺ​លោក​វរសេនីយ៍ឯក អ៊ិត គឹម​ស្រ៊ន ទទួលបន្ទុក​ធនធាន​មនុស្ស និង​លោក​វរសេនីយ៍ឯក ខៀវ ចាន់នី  ទទួលបន្ទុក​ការងារ​សន្តិសុខ​ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​ដាក់ពាក្យ​ប្តឹង​គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​ចោទប្រកាន់ថា អសកម្ម​ការងារ និង​សមគំនិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​លើ​ការតែងតាំង​មុខតំណែង និង​ដំឡើង​ឋានន្តរស័ក្តិ ។​

​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ដែល​អះអាងថា ជា​នាយ នាយរង និង​មន្ត្រី​នគរបាលជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​តាមរយៈ​តំណាង​របស់ខ្លួន​ចំនួន​៦​នាក់​នោះ បាន​ទម្លាយ​ឲ្យ​ដឹង​អំពី​ការប្រព្រឹត្ត​អំពើពុករលួយ​របស់លោក​ស្នងការ​នគរបាល​ខេត្ត និង​បក្សពួក​សមគំនិត​គ្នា​យកលុយ​កាក់​ពី​កូនចៅ​ក្រោម​ឱវាទ​ជា​ថ្នូរ​នឹង​ការតែងតាំង​មុខតំណែង និង​ការ​រើស​បញ្ចូល​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​ថ្មី​…​។​ល​។ និង​បាន​សំណូមពរ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង ផ្លាស់ប្តូរ​ជន​ពុករលួយ​ចេញពី​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ។ 

​លោក​ឧ​ត្ត​ម​សេនីយ៍ ជូ សំអាន នាយ​នគរបាលជាតិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​ក្រសួងមហាផ្ទៃ អត្តលេខ​០៤៩៨ ទទួលបាន​ការតែងតាំង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៤​កន្លងទៅ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​(​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១២១៦/១១៤៩ ចុះ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦ ។​

​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​ចោទប្រកាន់​របស់​នាយ នាយរង និង​មន្ត្រី​នគរបាលជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​នោះ គេហទំព័រ​សារព័ត៌មាន ដើមត្នោត មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជូ សំអាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ៕ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.