ដោយមិនអនុញ្ញាតឲ្យលោករដ្ឋមន្ដ្រីការបរទេស Sergei Lavrov ចូលរួមប្រជុំជាមួយលោកអគ្គលេខាធិការអង្គការណាតូ Jens Stoltenberg ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអង្គការ NATO នៅឆ្នាំ២០១៧នេះ មហាអំណាចរុស្ស៊ីដែលមានលោក Vladimir Putin ជាប្រធានាធិបតីបានព្រមានថា ការបង្កើនចំណាយលើវិស័យយោធារបស់អង្គការ NATO នឹងបង្កការប៉ះពាល់ដល់គោលនយោបាយផ្សេងៗទៀត ហើយតម្លៃដែលត្រូវសងវិញនោះ គឺធ្វើឲ្យបាត់បង់សន្តិភាពនៅក្នុងតំបន់ ។
លោក Alexander Grushko តំណាងអចិន្ដ្រៃយ៍របស់ប្រទេសរុស្ស៊ីនៅអង្គការ NATO បានផ្ដល់បទសម្ភាសន៍ដល់បណ្ដាញសារព័ត៌មានដោយសង្កត់ធ្ងន់ក្នុងន័យព្រមានថា «ការចំណាយលើវិស័យយោធារបស់អង្គការ NATO កើនឡើង គឺការផលិត និងការបញ្ជាទិញអាវុធក៏កើនឡើង ហើយស្ថានការណ៍បែបនេះនឹងនាំឲ្យមានការប្រកួតប្រជែងខាងសព្វាវុធ និងក៏អាចឈានទៅដល់ដំណាក់កាលកើតមានសង្គ្រាមត្រជាក់សាជាថ្មីដែរ» ។
ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិរបស់អង្គការ NATO នាពេលកន្លងទៅថ្មីៗនេះ លោកឧត្តមនាវី James Mattis រដ្ឋមន្ដ្រីការពារជាតិសហរដ្ឋអាមេរិកបានអំពាវនាវដល់បណ្ដាប្រទេសសមាជិកអង្គការ NATO ឲ្យបង្កើនការចំណាយសម្រាប់វិស័យការពារជាតិ ប្រសិនបើចង់ឲ្យសហរដ្ឋអាមេរិករក្សាកិច្ចសហប្រតិបត្តិការតាមការសន្យាជាមួយអង្គការ NATO ។ ក្រោយមកសមាជិកអង្គការ NATO ជាច្រើនបានសន្យាថា នឹងបង្កើនការចំណាយលើវិស័យការពារជាតិចំនួន២ភាគរយ ។
អង្គការ NATO ( The North Atlantic Treaty Organization ) ដែលមានបណ្ដារដ្ឋឯករាជ្យចំនួន២៨ជាសមាជិក និងបានបង្កើតឡើងចាប់តាំងពីអំឡុងឆ្នាំ១៩៤៩មកនោះ បច្ចុប្បន្នមានកម្លាំងយោធាសរុបចំនួនប្រមាណជាង៧លាននាក់ (ក្នុងនោះកម្លាំងទាហានសកម្មចំនួនជាង៣លាននាក់ និងកម្លាំងទាហានបម្រុងចំនួនជិត៤លាននាក់) ៕