ថ្ងៃ អាទិត្យ ទី ១៧ ខែ មករា ឆ្នាំ ២០២១

​ដូច​ការ​ទាយ​ទុក ! លោក គឹម សុខ ត្រូវបាន​ឃុំខ្លួន​ក្រោម​ទម្ងន់​នៃ​បណ្តឹង​ចោទប្រកាន់​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​

​ដូច​ការ​ទស្សន៍ទាយ​ទុក គឺ​លោក គឹម សុខ អាយុ​៣៦​ឆ្នាំ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រហើយ​នៅ​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ក្រោម​ការចោទប្រកាន់​ចំនួន​២​បទល្មើស គឺ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​(​បទល្មើស​មានចែង​ក្នុង​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃក្រមព្រហ្មទណ្ឌ​) និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​(​បទល្មើស​មានចែង​ក្នុង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​) ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ និង​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​ចាប់អារម្មណ៍​ទៅនឹង​ដំណើរការ​បណ្តឹង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនាម​ជាដើម​បណ្តឹងរដ្ឋប្បវេណី​តាមរយៈ​ឯកឧត្តម​មេធាវី គី តិច ប្តឹង​ប្រឆាំង​លើ​លោក គឹម សុខ និង​ចំណាត់ការ​នីតិវិធី​របស់​ស្ថាប័ន​តុលាការ​កម្ពុជា ដូចខាងក្រោម ៖

១-​ដើម​បណ្តឹងរដ្ឋប្បវេណី គឺ​បុរស​ខ្លាំង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ និង​មានទ្រព្យ​សម្បត្តិ​មហាសាល​នៅ​កម្ពុជា ព្រមទាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀតផង ។ ទំនងជា​បុរស​ខ្លាំង​«​ឆេះដុំ​» ពេញបន្ទុក​ទើប​«​ចេញ​យក្ស​» ប្រគល់​សិទ្ធិ​តំណាង​ដោយ​អាណត្តិ​ឲ្យ​មេធាវី​រៀបចំ​ឯកសារ​ត្រៀម​ប្តឹង​ប្រឆាំង​លើ​លោក គឹម សុខ «​ទាំងយប់​» គឺ​រាត្រី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧ ។ 

២-​ពាក្យបណ្តឹង​ទាមទារ​ឲ្យ​លោក គឹម សុខ សង​សំណង​ជំងឺ​ចិត្ត​សន្ធឹកសន្ធាប់​រហូតដល់​ចំនួន​២​ពាន់​លាន​រៀល​(​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​អាមេរិក​) ដល់​គណបក្ស​ប្រជាជន​កម្ពុជា ។ 

៣-​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ត្រូវបាន​លោក​ព្រះរាជអាជ្ញារង សៀង សុខ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​យ៉ាង​ក្តៅគគុក និង​មាន​ល្បឿន​លឿន​ប្រដូច​នឹង​«​មី​ស៊ី​ល​» ចេញ​ដីកា​បង្គាប់​លេខ​៩៥៨​អយ​ឋ ចុះ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ (​ជា​ថ្ងៃ​តែមួយ​) ឲ្យ​សមត្ថកិច្ច​នគរបាល​ហាម​លោក គឹម សុខ ជា​ជនសង្ស័យ​ដែល​មិនទាន់មាន​ទោសទណ្ឌ​នៅឡើយ មិន​ឲ្យ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឆ្ពោះទៅកាន់​បរទេស ។​

៤-​រយៈពេល​ត្រឹមតែ​០៤​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​មាន​ពាក្យបណ្តឹង ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​ឲ្យ​លោក គឹម សុខ ជា​ជនសង្ស័យ​ចូលខ្លួន​ឆ្លើយបំភ្លឺ​ដោះ​បន្ទុក​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​តែម្តង ។ លើសពីនេះ នៅពេល​ជនសង្ស័យ​ស្នើសុំ​ឲ្យ​មានការ​ពន្យារពេល​ចូលខ្លួន​ឆ្លើយបំភ្លឺ​ដើម្បី​ត្រូវការ​ពេលវេលា​ពឹងពាក់​មេធាវី​ការពារ​ក្តី​នោះ បែរជា​តុលា​ការមិន​អនុញ្ញាត​យល់ព្រម​ឡើយ ។ នៅ​ទីបំផុត លោក គឹម សុខ ក៏បាន​ក្លាយជា​ជន​ត្រូវ​ចោទ និង​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ក្រោម​ទម្ងន់​នៃ​បណ្តឹង​ចោទប្រកាន់​របស់​បុរស​ខ្លាំង​ជា​ប្រធាន​គណបក្សកាន់អំណាច និង​ជា​នាយករដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល ៕ 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.