ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

​ថៅកែ​ក្រុមហ៊ុន Samsung ជួប​ស៊យ​ហើយ ! តុលាការ​សម្រេច​ចាប់ខ្លួន​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​របស់លោក​ស្រី​ប្រធានាធិបតី Park Geun-hye 

​គេហទំព័រ​សារព័ត៌មាន BBC របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា លោក Lee Jae-yong អគ្គនាយករង​ក្រុមហ៊ុន Samsung Electronics Co.,Ltd.​ត្រូវបាន​តុលាការ​សម្រេច​ចាប់ខ្លួន​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ហើយ​នៅវេលា​ព្រឹក​នា​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករ​រលួយ​របស់លោក​ស្រី Park Geun-hye ប្រធានាធិបតី​ប្រទេស​កូរ៉េខាងត្បូង បន្ទាប់ពី​តុលាការ​បាន​រកឃើញ​នូវ​ព័ស្តុតាង​ជាក់លាក់​ក្នុង​សំណុំរឿង​ពុករលួយ​រួចមក ។​

​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ពុករលួយ​របស់លោក​ស្រី​ប្រធានាធិបតី​ប្រទេស​កូរ៉េខាងត្បូង Park Geun-hye​នោះ លោក Lee Jae-yong អាយុ​៤៨​ឆ្នាំ​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​Samsung Electronics Co.,Ltd.​របស់​កូរ៉េខាងត្បូង​សព្វថ្ងៃ ដែល​គេ​ចាត់ទុកថា ជា​ថៅកែ​ក្រុមហ៊ុន​បន្តវេន​ពី​លោក Lee Kun-hee ត្រូវជា​ឪពុក​ទទួលមរណភាព​នា​អំឡុង​ឆ្នាំ​២០១៤​ដោយ​ជំងឺ​គាំងបេះដូង ត្រូវបាន​រដ្ឋអាជ្ញា​សាកសួរ​យក​ចម្លើយ​កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧ និង​ស្នើសុំ​ឲ្យ​តុលា​ការចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៧​ក្រោម​ការចោទប្រកាន់ថា បានផ្តល់​ទឹកប្រាក់​ចំនួន​៣៦,៦​លាន​ដុល្លារ​អាមេរិក ទៅក្នុង​មូលនិធិ​មួយ​គ្រប់គ្រង​ដោយ​លោកស្រី Choi Soon-sil ជា​មិត្តភក្តិ​ជិតស្និទ្ធ​របស់លោក​ស្រី​ប្រធានាធិបតី Park Geun-hye ទុកជា​ការដោះដូរ និង​ការគាំទ្រ​ផ្នែក​នយោបាយ ប៉ុន្តែ​កាលណោះ​ត្រូវបាន​បដិសេធ​ចេញ​ដីកាចាប់ខ្លួន​ដោយ​ចៅក្រម ដ្បិត​ចៅក្រម​ត្រូវការ​ស៊ើបអង្កេត​រក​ព័ស្តុតាង​ជាក់លាក់​ដាក់បន្ទុក​ថ្មី​ថែមទៀត ។​

​កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦​កន្លងទៅ អ្នកនយោបាយ​ប្រទេស​កូរ៉េខាងត្បូង​បាន​បោះឆ្នោត​ចោទប្រកាន់​ទៅលើ​លោកស្រី​ប្រធានាធិបតី Park Geun-hye ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​ជាមួយ​លោកស្រី Choi Soon-sil ដែលជា​មិត្តភក្តិ​ជិតស្និទ្ធ​នឹង​គ្នា​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់ប្រាក់​មូលនិធិ ហើយ​ត្រូវបាន​លោកស្រី Choi Soon-sil បង្វែរ​មូលនិធិ​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើន​លាន​ដុល្លារ​អាមេរិក​នោះ ទៅជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។ 

​វិស្វករ​ជំនាញ​ម្នាក់​របស់​ក្រុមហ៊ុន​Samsung Electronics Co.,Ltd. ដែលមាន​បុគ្គលិក​កំពុង​បំពេញការងារ​ជាង​១០​ម៉ឺន​នាក់​បាន​និយាយ​ឲ្យ​ដឹងថា ការចាប់ខ្លួន​លោក​អគ្គនាយករង Lee Jae-yong នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រក្រតី​របស់​ក្រុមហ៊ុន​ឡើយ ខណៈ​អ្នកវិភាគ​សេដ្ឋកិច្ច​ខ្លះ​អះអាងថា អាចមាន​ការប៉ះពាល់​ដ​ល់​គោលការណ៍​សំខាន់ៗ​របស់​ក្រុមហ៊ុន​មួយចំនួន ៕ 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.