ចាប់តាំងពីបែកធ្លាយទំនាក់ទំនងសឹងមិនគួរឲ្យជឿ និងមិនគួរកើតឡើងរវាងស្ត្រីវ័យក្មេងម្នាក់ឈ្មោះ ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម និងអតីតជាយុវតីគាំទ្រគណបក្សសង្គ្រោះជាតិ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រោមរូបភាព«ចៅ និង តា» យ៉ាងស្អិតរមួតរហូតតាចំណាយលុយសន្ធឹកសន្ធាប់ឲ្យចៅស្រីដល់១លានដុល្លារអាមេរិកនោះ គឺបុរសខ្លាំងត្រូវបានមជ្ឈដ្ឋាននានាកត់សម្គាល់ឃើញថា តែងតែ«ឆេះដុំ» និង«ចេញយក្ស» ប្តឹងទាមទារសំណងជំងឺចិត្តជាលុយកាក់សម្រាប់បង់ថ្លៃ «កេរ្តិ៍» របស់ខ្លួន និងគណបក្សប្រជាជនកម្ពុជាយ៉ាងចាស់ដៃ ដោយ«មិនរើសមុខ» តែម្តង ។
កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៧កន្លងទៅ តាមរយៈឯកឧត្តមមេធាវី គី តិច អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី បុរសខ្លាំងបានប្តឹងចោទប្រកាន់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀល(ប្រមាណ១លានដុល្លារអាមេរិក) ខណៈកញ្ញា ធី សុវណ្ណថា ប្តឹងទាមទារសំណងជំងឺចិត្តពីលោក សម រង្ស៊ី ដូចគ្នាចំនួន២ពាន់លានរៀល(ប្រមាណ៥០ម៉ឺនដុល្លារអាមេរិក) បន្ទាប់ពីលោក សម រង្ស៊ី បានថ្លែងពីទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ថា«លោក ហ៊ុន សែន សូកប៉ាន់កញ្ញា ធី សុវណ្ណថា ទឹកប្រាក់ចំនួន១លានដុល្លារអាមេរិកជាថ្នូរនឹងការវាយប្រហារ និងធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង» ។ ក្រោយការប្តឹងប្រឆាំងលើលោក សម រង្ស៊ី នោះបុរសខ្លាំងបានគំរាមនឹងធ្វើការរឹបអូសទីស្នាក់ការគណបក្សសង្គ្រោះជាតិដែលជាទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ។
ដោយឡែក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះទៀត បុរសខ្លាំងក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែ និងមានទ្រព្យសម្បត្តិមហាសាលនៅកម្ពុជាបានដាក់ពាក្យប្តឹងលោក គឹម សុខ អាយុ៣៦ឆ្នាំ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយកម្ពុជាទៅស្ថាប័នតុលាការតាមយៈឯកឧត្តមមេធាវី គី តិច ដោយទាមទារសំណងជំងឺចិត្តចំនួន២ពាន់លានរៀល(ប្រមាណ៥០ម៉ឺនដុល្លារអាមេរិក) ។ ក្រោយការដាក់ពាក្យប្តឹងប្រឆាំងលើលោក គឹម សុខ ភ្លាមៗ ស្ថាប័នតុលាការក៏បានចេញដីការបង្គាប់ហាមឃាត់លោក គឹម សុខ មិនឲ្យចាកចេញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់បរទេសទាំងមិនទាន់មានទោសទណ្ឌដូចតាមការប្រកាសជាសាធារណៈរបស់បុរសខ្លាំង(Sic!)។
សរុបសេចក្តីមក ចាប់តាំងពីបែកធ្លាយរឿងចាយលុយ១លានដុល្លារអាមេរិក ក្រោមភាសា«តា និង ចៅ» យ៉ាងស្អិតរមួតជាមួយស្ត្រីវ័យក្មេងឈ្មោះ ធី សុវណ្ណថា បុរសខ្លាំងមានអារម្មណ៍«ឆេះដុំ» និង«ចេញយក្ស» ប្តឹងទារលុយបង់ថ្លៃ«កេរ្តិ៍» សម្រាប់ខ្លួនឯង និងគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់មិនប្រណីដៃ ដោយ«មិនរើសមុខ» អ្វីទាំងអស់ឲ្យតែអ្នកណាដែលធ្វើឲ្យបុរសខ្លាំងនៃកម្ពុជាមិនសប្បាយចិត្ត ៕