សេចក្តីថ្លែងរបស់លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ក្នុងនាមជាវាគ្មិនរៀបចំដោយវិទ្យុអាស៊ីសេរី នារាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោកបណ្ឌិត កែម ឡី បានធ្វើឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «ឆេះដុំ» យ៉ាងខ្លាំង រួចហើយប្រគល់សិទ្ធិតំណាងដោយអាណត្តិឲ្យឯកឧត្តមមេធាវី គី តិច អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រីទាំងយប់ ដើម្បីចាត់ចែងរៀបចំឯកសារដាក់ពាក្យប្តឹងប្រឆាំងទៅលើលោក គឹម សុខ ។
រយៈពេល០២ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តមមេធាវី គី តិច ជាមេធាវីបម្រើការងារនៅក្រុមហ៊ុនមេធាវីកម្ពុជា និងជាមេធាវីតំណាងដោយអាណត្តិរបស់បុរសខ្លាំង ក៏បានដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញស្នើសុំឲ្យមានការផ្តន្ទាទោសលើលោក គឹម សុខ និងទាមទារសំណងជំងឺចិត្តចំនួន ២ ០០០ លានរៀល (ប្រមាណ៥០ម៉ឺនដុល្លារអាមេរិក) ជូនគណបក្សប្រជាជនកម្ពុជា បង្កើតបានជាសំណុំរឿងព្រហ្មទណ្ឌលេខ១០៣៦ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ខណៈពាក្យបណ្តឹងរបស់ឯកឧត្តមមេធាវី គី តិច ទៅដល់ស្ថាប័នតុលាការភ្លាមៗ បុរសខ្លាំងដែលជាដើមបណ្តឹងរដ្ឋប្បវេណីនោះ ក៏បានប្រកាសជាសាធារណៈពីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ឲ្យសមត្ថកិច្ចនគរបាលតាមឃ្លាំមើលលោក គឹម សុខ កុំឲ្យមានការរត់គេចខ្លួនទៅបរទេស (Sic!) ។
បានដូចចិត្ត និងលឿនប្រៀបដូច«មីស៊ីល» នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ លោកព្រះរាជអាជ្ញារង សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាលេខ៩៥៨អយឋ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលត្រួតពិនិត្យតាមច្រកព្រំដែនផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកហាមលោក គឹម សុខ អាយុ៣៦ឆ្នាំ(ជាប់ឈ្មោះជាជនសង្ស័យ) មិនឲ្យចាកចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅប្រទេសដទៃ ខណៈលោក គឹម សុខ មិនទាន់ត្រូវបានរកឃើញពីទោសកំហុសនៅឡើយ (Resic!) ។
នេះគឺជារឿងពិតរបស់ស្ថាប័នតុលាការកម្ពុជា ដែលបណ្តឹងរបស់បុរសខ្លាំងត្រូវបានចាត់ការលឿនប្រៀបនឹងល្បឿន«មីស៊ីល» ព្រមទាំងចាត់ចែងប្រើប្រាស់មេធាវី «ទាំងយប់» ដើម្បីប្រឆាំងនឹងលោក គឹម សុខ ដោយបិទសិទ្ធិនៃការធ្វើដំណើររបស់មនុស្សទាំងមិនទាន់មានទោសទណ្ឌទៀតផង ៕