ជារឿងមិនគួរកើត និងជារឿងមិនគួរឲ្យជឿនៅក្នុងសង្គមខ្មែរ ប៉ុន្តែក្រោមរូបភាពធ្វើការរបៀបខ្ជីខ្ជារបស់មន្ត្រីស្ថាប័នតុលាការមួយចំនួនធ្វើឲ្យបុរសជនជាប់ចោទជា «លោកតា» អាយុ១២៦ឆ្នាំម្នាក់ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញកំណត់កាលបរិច្ឆេទបើកសវនាការជំនុំជម្រះពីបទលួចមានស្ថានទម្ងន់ទោស (ដោយសារការគាស់ទម្លុះទម្លាយ) នៅវេលាម៉ោង១៤រសៀល (តុលាការសរសេរដាក់ថា ម៉ោង២ព្រឹក) នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ និងជនជាប់ចោទម្នាក់ទៀតជា «ទារក» អាយុ០២ខែ ត្រូវបានកំណត់បើកសវនាការជំនុំជម្រះពីបទឃាតកម្មគិតទុកជាមុនលើលោកបណ្ឌិត កែម ឡី និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅវេលាម៉ោង០៨ព្រឹក នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ខាងមុខ។
តាមការគ្រោងទុក នៅវេលាម៉ោង០២ រសៀល (តុលាការសរសេរដាក់ថា ម៉ោង២ព្រឹក) នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ នៅសាលសវនាការទី៣ សាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក អ៊ឹម វណ្ណៈ ជាចៅក្រមជំនុំជម្រះនឹងបើកសវនាការជំនុំជម្រះទៅលើបុរសជនជាប់ចោទម្នាក់អាយុ១២៦ឆ្នាំ (ក្នុងចំណោមជនជាប់ចោទចំនួន២នាក់) ក្រោមការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស (ដោយសារការគាស់ទម្លុះទម្លាយ)។ ដោយឡែក នៅវេលាម៉ោង០៨ព្រឹកនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ខាងមុខ នៅបន្ទប់សវនាការលេខ១ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោកចៅក្រម លាង សំណាត់ ជាប្រធានក្រុមប្រឹក្សា នឹងបើកសវនាការជំនុំជម្រះទៅលើជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ អាយុ០២ខែ (តុលាការដាក់ថ្ងៃ ខែ ឆ្នាំកំណើតជនជាប់ចោទថា កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦) ក្រោមការចោទប្រកាន់ពីបទអំពើឃាតកម្មគិតទុកជាមុនលើលោកបណ្ឌិត កែម ឡី និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
ក្រោមរូបភាពធ្វើការរបៀប «ខ្ជីខ្ជា» និងធ្វេសប្រហែសរបស់មន្ត្រីតុលាការមួយចំនួន ត្រូវបានមជ្ឈដ្ឋានអ្នកវិភាគ និងតាមដានកិច្ចការសង្គមនៅកម្ពុជាលើកឡើងក្នុងន័យ «ចំអក» ថា នៅក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២ ឬ «សម័យតេជោ» នេះ គឺលោកតាអាយុ ១២៦ឆ្នាំ អាចធ្វើសកម្មភាពលួចដោយមានកម្លាំងគាស់ទម្លុះទម្លាយ និងទារកមិនទាន់កើតចេញពីផ្ទៃម្តាយ (លោកបណ្ឌិត កែម ឡី ជាជនរងគ្រោះត្រូវបានសម្លាប់នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ តែជនជាប់ចោទក្នុងសំណុំរឿងឃាតកម្មដ៏កក្រើកនេះកើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦) អាចធ្វើសកម្មភាពសម្លាប់មនុស្សដោយអាវុធបាន រហូតដល់សមត្ថកិច្ចចាប់ដាក់គុក និងតុលាការកំណត់កាលបរិច្ឆេទផ្តន្ទាទោស (Sic!)។
នេះគឺជារឿងពិតរបស់ស្ថាប័នតុលាការក្រោមស្នាដៃនៃមន្ត្រីតុលាការមួយចំនួនក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២ ដែលគ្មានសមត្ថភាពវិជ្ជាជីវៈ និងខ្ជីខ្ជា ព្រមទាំងឯករាជ្យត្រឹមតែ «នៅលើក្រដាស»៕