កាលពីវេលាម៉ោង១៩ និង៣៥នាទីរាត្រីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ ប្រជាពលរដ្ឋប្រកបរបរដឹកកូនឈើខ្លុង-ត្បែងតាមគោយន្តម្នាក់ទទួលរងការបាញ់ប្រហាររហូតដល់ស្លាប់បាត់បង់ជីវិតនៅត្រង់ចំណុចផ្លូវឆ្លងកាត់ទីតាំងក្រុមហ៊ុនដាំពោត-អំពៅ HLH ខាងលិចស្ពានដែក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយសង្ស័យថា មិនមានលុយបង់ឲ្យក្រុមន្ត្រីដាក់កុងត្រូលជជុះតាមផ្លូវដើម្បីជំរិតទារលុយពីប្រជាពលរដ្ឋ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលរងការបាញ់សម្លាប់ទាំងអយុត្តិធម៌នោះមានឈ្មោះ រ៉ន រ៉េត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ខណៈបុរសអ្នករួមដំណើរលើគោយន្តជាមួយគ្នាម្នាក់ទៀតឈ្មោះ ធី ចាន់ណា អាយុ៣២ឆ្នាំ មានទីលំនៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជួបសំណាងល្អមិនរងគ្រោះថ្នាក់ឡើយ។
ព័ត៌មានបឋមបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះរួមជាមួយអ្នកប្រកបរបរដឹកកូនឈើខ្លុង-ត្បែងលក់តាមគោយន្តចំនួន២-៣គោយន្តផ្សេងទៀតចេញពីចំណុចអូរត្រាវ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងពេលមកដល់ចំណុចកើតហេតុក៏លេចចេញមានមន្ត្រីមួយក្រុមក្នុងនោះ មានទាំងមន្ត្រីយោធា មន្ត្រីអង្គការសង្គមស៊ីវិល រួមទាំងអ្នកកាសែតផង បើករថយន្តម៉ាក Camry មួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទមកឃាត់គោយន្តជនរងគ្រោះឲ្យឈប់បំណងជំរិតទារប្រាក់ពីសកម្មភាពប្រជាពលរដ្ឋដឹកកូនឈើលក់។ នៅពេលជនរងគ្រោះបានឈប់គោយន្តរបស់ខ្លួន ហើយបានប្រាប់ទៅមនុស្សម្នាក់ក្នុងចំណោម២-៣នាក់ទៀត ដែលដាក់កុងត្រូលជជុះនោះថា «មិនមានលុយឲ្យទេថ្ងៃនេះ» រួចក៏បើកគោយន្តបន្តដំណើរទៅមុខទៀត ស្រាប់តែក្រុមន្ត្រីដាក់កុងត្រូលជជុះនោះបើករថយន្តដេញបាញ់សំដៅមកលើជនរងគ្រោះ រួចក៏ចេញដំណើរតាមរថយន្តទៅហួសបាត់ស្រមោល។
បុរសឈ្មោះ ធី ចាន់ណា ជាអ្នករួមដំណើរតាមគោយន្តជាមួយជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថា ពីដំបូងខ្លួនមិនបានដឹងថាជនរងគ្រោះត្រូវគ្រាប់កាំភ្លើងទេ ប៉ុន្តែក្រោយមកបន្តិចស្រាប់តែឃើញជនរងគ្រោះធ្លាក់ពីលើគោយន្ត ទើបដឹងថាជនរងគ្រោះត្រូវគ្រាប់កាំភ្លើងបណ្តាលឲ្យស្លាប់ ក៏បង្កការភ្ញាក់ផ្អើលតែម្តង។
សេចក្តីរាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ទាក់ទងនឹងករណីបាញ់សម្លាប់ជនរងគ្រោះខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤នាក់ហើយយកមកសាកសួរតាមនីតិវិធី គឺមានប្រុស៣នាក់ និងស្រីម្នាក់ធ្វើការស្រាវជ្រាវបន្ថែមទៀត៕