យោងតាមឯកសារបរទេស បង្ហាញឲ្យឃើញថា មានបុគ្គលចំនួន៤នាក់ត្រូវបានគេចាត់ទុកថា ជាបុគ្គលដែលពិបាកធ្វើឃាតជាងគេបំផុតក្នុងពិភពលោក ទោះបីការធ្វើឃាតជាច្រើនលើក ដូចជាការបំពុលដោយថ្នាំពុលក្តី ការបាញ់សម្លាប់ដោយអាវុធ ឬចាក់-វាយដោយដាវ កាំបិត ដំបងក្តី…។ បុគ្គលទាំង៤នាក់ដែលពិបាកធ្វើឃាតជាងគេបំផុតក្នុងពិភពលោកនោះ រួមមាន ៖
១-លោក Grigori Rasputin ជនជាតិរុស្ស៊ី ដែលគេស្គាល់ថា ជាអ្នកដាក់បណ្តាសាឲ្យរាជវង្សានុវង្សរុស្ស៊ីរលត់រលាយ ។ បុគ្គលរូបនេះត្រូវបានគេតាមសម្លាប់ច្រើនលើកច្រើនសា ដូចជា ការចាក់ចំផ្ទៃពោះ ដាក់ថ្នាំបំពុលនៅក្នុងស្រា និងនំ ដោយថ្នាំពុលកម្រិតខ្លាំងឈ្មោះ Cyanide ប៉ុន្តែមិនស្លាប់ ។ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩១៦ ក្នុងជន្មាយុ៤៧ឆ្នាំ លោក Grigori Rasputin ត្រូវបានឃាតកបាញ់សម្លាប់ចំនួន៤គ្រាប់ នៅតែមិនស្លាប់ សឹងធ្វើឲ្យឃាតកទ័លតម្រិះ ។ ចុងក្រោយ ក្រុមឃាតកបានប្រើដំបងវាយសំពងលើរាងកាយលោក Grigori Rasputin ស្ទើរបាក់ឆ្អឹងឆ្អែងអស់ រួចហើយយកកំណាត់រុំខ្លួនលោកបោះទៅក្នុងទឹកទន្លេ Neva ទើបលោក Grigori Rasputin ស្លាប់បាត់បង់ជីវិត ។
២-លោក Adolf Hitler មេដឹកនាំហ្វាស៊ីសអាល្លឺម៉ង់ ធ្លាប់ទទួលរងការធ្វើឃាតចំនួន៥០លើក ប៉ុន្តែមិនស្លាប់ រហូតដល់លោកធ្វើអត្តឃាតដោយខ្លួនឯង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៤៥ ក្នុងជន្មាយុ៥៦ឆ្នាំ ។ កាលនៅកុមារភាព លោក Adolf Hitler ប៊ិះស្លាប់បាត់បង់ជីវិតដោយសារការលង់ទឹក ។ ពេលឡើងកាន់អំណាច លោកត្រូវបានគេប៉ងធ្វើឃាតច្រើនលើក រួមទាំងការធ្វើឃាតនៅតៀមស្រា ធ្វើឃាតពេលកំពុងថ្លែងសុន្ទរកថា ឬពេលប្រជុំនៅក្នុងបន្ទប់ជាដើម ។ គម្រោងធ្វើឃាតទៅលើលោក Adolf Hitler ដ៏ល្បីបំផុតនោះ គឺពេលទាហានប៉ូឡូញបំផ្ទុះរថយន្តដែលលោកជិះឆ្លងកាត់ទីលាន Charles De Gaulle ក្នុងទីក្រុង Warsaw ប្រទេសប៉ូឡូញ ប៉ុន្តែត្រូវពលរដ្ឋប៉ូឡូញធ្វើឲ្យបែកការណ៍ ។
៣-លោក Leon Trotsky មេដឹកនាំបដិវត្តន៍រុស្ស៊ី ធ្វើការងារជាមួយលោក Vladimir Lenin ធ្លាប់រងការប៉ងធ្វើឃាតជាច្រើនលោក តែមិនបានសម្រេច ។ ការធ្វើឃាតមួយលោកដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៤០ ក្នុងជន្មាយុ៦០ឆ្នាំ ។ ឃាតកបានលួចចូលក្នុងលំនៅឋានរបស់លោក ដោយយកកាំបិតដងវែងកាប់ទៅលើលោក Leon Trotsky រហូតដល់ធ្លាយលលាដ៏ក្បាល ប៉ុន្តែលោកមិនស្លាប់នៅនឹងកន្លែងឡើយ ហើយបានក្រោកឡើងតស៊ូជាមួយឃាតករហូតដល់ក្រុមអង្គរក្សរបស់លោកមកដល់ ។ ទីបំផុត លោក Leon Trotsky បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
៤-លោក Fidel Castro មេដឹកនាំគុយបា ធ្លាប់ទទួលរងការធ្វើឃាតជាច្រើនលើក ច្រើនសា តែមិនបានសម្រេច ។ ឯកសាររបស់ភ្នាក់ងារ CIA របស់អាមេរិកបានបញ្ជាក់ថា លោក Fidel Castro អាយុ៨៨ឆ្នាំ បានទទួលរងការប៉ុនប៉ងធ្វើឃាតរហូតដល់ចំនួន៦៣៨លើក តែមិនបានសម្រេច ។ ក្រុម CIA អាមេរិក បានប្រើប្រាស់គ្រប់មធ្យោបាយ និងគ្រប់វិធីសាស្ត្រ ក្នុងការធ្វើឃាតលោក Fidel Castro ដូចជាការបង្កប់គ្រាប់បែកក្នុងបារីស៊ីហ្គា បង្កប់គ្រាប់បែកនៅក្នុងប្រអប់ថ្នាំលាបស្បែក លួចបំពាក់ឧបករណ៍មុជទឹកផ្ទុកវីរុសឆ្លង ប្រើប្រាស់ក្រុម Mafia នៅតែមិនអាចសម្លាប់បាន ។ លុះមកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅថ្មីៗទើបលោក Fidel Castro ទទួលមរណភាពដោយជរាពាធក្នុងជន្មាយុ៩០ឆ្នាំតែម្តង៕