ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

បុរសខ្លាំង​សម្រេច​ដំឡើង​​បន្ថែម​នូវប្រាក់​បំណាច់មុខងារ​ប្រចាំខែ​សម្រាប់​ខ្លួន​ឯង​ ចំនួន២ ៦៥០ ០០០ រៀល

កាលពីថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ចុះហត្ថលេខា​នៅលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាល​លេខ​​២៧៥អនក្រ.បក សម្រេច​ផ្តល់​ប្រាក់បន្ថែម​នូវ​ប្រាក់​បំណាច់​មុខងារ​ប្រចាំខែ​ (ជាប្រាក់បន្ថែមលើ​បៀវត្សរ៍មូលដ្ឋាន​ប្រចាំខែ) ​សម្រាប់ខ្លួនឯង​ជាសមាជិករាជរដ្ឋាភិបាល​ចំនួន​២ ៦៥០ ០០០ រៀល ពីលើប្រាក់បំណាច់​មុខងារ​ប្រចាំខែចាស់​ដែលធ្លាប់សម្រេច​ដោយ​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាល​លេ​ខ២៧៧អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា​ ឆ្នាំ២០១៤ ខណៈប្រាក់​បំណាច់មុខងារ​ប្រចាំខែ​របស់រដ្ឋលេខាធិការ​ និង​អនុរដ្ឋលេខាធិការ​ក្នុងមុខតំណែង​នៃក្រសួង​ និង​ស្ថាប័នចំណុះរាជរដ្ឋាភិបាល​មិនត្រូវបាន​ដំឡើង​បន្ថែម​នៅឡើយ​ គឺនៅដដែល (រដ្ឋលេខាធិការ​ចំនួន១ ៧៥០ ០០០រៀល​ និង អនុរដ្ឋលេខាធិការចំនួន១ ៤០០ ០០០រៀល)។

ក្រៅពីបាន​ដំឡើងបន្ថែម​នូវប្រាក់បំណាច់មុខងារ​ប្រចាំខែ​​សម្រាប់ខ្លួន​ឯងនោះ បុរសខ្លាំង​ក្នុងនាម​ជានាយករដ្ឋមន្ត្រី​ក៏បាន​សម្រេច​ដំឡើង​បន្ថែមប្រាក់​បំណាច់​មុខងារ​ប្រចាំខែ​ដល់ឧបនាយករដ្ឋមន្ត្រី​ស្មើនឹង​ ២ ៤០០ ០០០ រៀល, ទេសរដ្ឋមន្ត្រីស្មើនឹង ១ ១០០ ០០០ រៀល, រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីស្មើនឹង​ ៨០០ ០០០ រៀល។

ដូច្នេះ​ ប្រាក់បំណាច់មុខងារ​ប្រចាំខែ​​របស់នាយក​រដ្ឋ​មន្ត្រី ឧបនាយករដ្ឋមន្ត្រី​ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ រដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ ដែលត្រូវអនុវត្តន៍​ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ តទៅនោះ គឺ៖ 

  • ១- នាយករដ្ឋមន្ត្រី ចំនួន ៦ ៣២៥ ០០០ រៀល 
  • ២- ឧបនាយករដ្ឋមន្ត្រី ចំនួន ៥ ២០០ ០០០ រៀល 
  • ៣- ទេសរដ្ឋមន្ត្រី ចំនួន ៣ ៥៥០ ០០០ រៀល
  • ៤- រដ្ឋមន្ត្រី ចំនួន ២ ៩០០ ០០០ រៀល
  • ៥- រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចំនួន ២​ ៩០០ ០០០ រៀល
  • ៦- រដ្ឋលេខាធិការ​ ចំនួន ១ ៧៥០ ០០០ រៀល
  • ៧- អនុរដ្ឋលេខាធិការ ចំនួន ១ ៤០០ ០០០ រៀល។

មជ្ឈដ្ឋាន​អ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបាន​លើកឡើងថា បើយោងតាម​តម្លៃទំនិញ​នៅលើទីផ្សារ​ជាក់ស្តែង​ និង​ការចំណាយ​សព្វសារពើផង ភាពហ៊ឺហា​ជាមួយនឹង​ទ្រព្យសម្បត្តិស្តុកស្តម្ភ​របស់សមាជិករាជរដ្ឋាភិបាល​មាន​អំណាច​គ្រាក់ៗ និង​មន្ត្រី​មួយចំនួនទៀត​បច្ចុប្បន្ន​ មិន​អាស្រ័យទៅលើ​ប្រាក់​បៀវត្សរ៍មូលដ្ឋាន​ប្រចាំខែ​ និង​ប្រាក់បំណាច់មុខងារ​ប្រចាំខែរបស់ខ្លួននោះទេ​ គឺអាច​បាន​មកពី​លុយកាក់សូកប៉ាន់ ពុករលួយ តាមផ្នែក តាមថ្នាក់ជាប្រព័ន្ធ​ច្រើនជាង​៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.