អតីតអភិបាលនៃគណៈអភិបាលក្រុងបាវិត ខេត្តស្វាយរៀង គឺលោក ឈូក បណ្ឌិត ដែលក្លាយជាទណ្ឌិតតាមអំណាចសាលដីកាព្រហ្មទណ្ឌរបស់តុលាការកំពូលផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១៨ខែ និងបង្គាប់ឲ្យបង់ប្រាក់ចំនួន៣៨លានរៀលដល់ដើមបណ្តឹងរដ្ឋប្បវេណីជាកម្មការិនីរងគ្រោះចំនួន៣នាក់ ពីបទបង្ករបួសស្នាមដោយអចេតនា និងធ្លាប់ឋិតនៅក្រៅគុកអស់រយៈពេលជាង២ឆ្នាំ តែបានចូលមកសារភាពឲ្យសមត្ថកិច្ចចាប់ខ្លួននាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសជាសាធារណៈឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនទណ្ឌិត ឈូក បណ្ឌិត កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ ដើម្បីបន្ធូរបន្ថយសម្ពាធនៃការរិះគន់កន្លងទៅនោះ ឥឡូវទណ្ឌិត ឈូក បណ្ឌិត ដែលទំនងជា «ជាប់គុក ដូចមិនជាប់គុក» ទទួលបានសេរីភាពរួចផុតទោសទណ្ឌហើយគិតត្រឹមថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ទោះយ៉ាងណាក៏ដោយ ចាប់តាំងពីលោក ឈូក បណ្ឌិត ឋានន្តស័ក្តិវរមន្ត្រីថ្នាក់លេខ១០ អតីតអភិបាលនៃគណៈអភិបាលក្រុងបាវិត ខេត្តស្វាយរៀង ក្លាយជាទណ្ឌិតមក គឺមិនឃើញមានឯកសារផ្លូវការណាមួយពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលស្របតាមបញ្ញត្តិនៃច្បាប់ឡើយ ពោលបានត្រឹមដកហូតមុខតំណែងប៉ុណ្ណោះ។
គួររំលឹកជូនថា បន្ទាប់ពីរងនូវសម្ពាធរិះគន់ព្រោងព្រាតក្រោមសម្រែកទាមទាររកយុត្តិធម៌នោះ ទើបលោក ឈូក បណ្ឌិត អតីតអភិបាលនៃគណៈអភិបាលក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានស្ថាប័នតុលាការសាលាដំបូងខេត្តស្វាយរៀងចោទប្រកាន់ និងផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១៨ខែ និងបង្គាប់ឲ្យបង់ប្រាក់ចំនួន៣៨លានរៀលដល់កម្មការិនីរោងចក្រផលិតស្បែកជើង Kao Way ចំនួន៣នាក់ ជាដើមបណ្តឹងរដ្ឋប្បវេណី ដែលត្រូវលោក ឈូក បណ្ឌិត បាញ់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់សឹងបាត់បង់ជីវិត កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ នៅតំបន់សេដ្ឋកិច្ចពិសេសបាវិត។ ក្រោយមកសាលាដំបូងខេត្តស្វាយរៀង បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនគរបាលយុត្តិធម៌តាមស្វែងរកចាប់ខ្លួនជនជាប់ចោទឈ្មោះ ឈូក បណ្ឌិត តាំងពីពាក់កណ្តាលឆ្នាំ២០១៣ តែបានត្រឹម «ចាប់ខ្សល់» រហូទដល់ពិរុទ្ធជន ឈូក បណ្ឌិត ក្លាយជាទណ្ឌិតតាមអំណាចសាលដីកាព្រហ្មទណ្ឌរបស់តុលាការកំពូលនាចុងឆ្នាំ២០១៤ និងទណ្ឌិត ឈូក បណ្ឌិត បានចូលមកសារភាពនាខែសីហា ឆ្នាំ២០១៥ ទើបចាប់ខ្លួនបានយកទៅអនុវត្តន៍ទោសនៅពន្ធនាគារ។
លោក ឈូក បណ្ឌិត ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១០ ដែលល្បីថា ត្រូវជាក្មួយរបស់លោកជំទាវនាយឧត្តមសេនីយ៍ផ្កាយមាស៤ ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនោះ ធ្លាប់ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលក្រុងបាវិត (តាំងពីនៅមានឋានន្តរស័ក្តិថ្នាក់អនុមន្ត្រី) ដោយអនុក្រឹត្យរបសរាជរដ្ឋាភិបាលលេខ៧២៧អនក្រ.តត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៩ និងក្រោយមកត្រូវបានរាជរដ្ឋាភិបាលសម្រេចដកហូតមុខតំណែងនេះឲ្យមកបម្រើការងារនៅសាលាខេត្តស្វាយរៀងវិញ ដោយអនុក្រឹត្យលេខ២៥៩អនក្រ.តត ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១២ បន្ទាប់ពីមានរឿងអាស្រូវបាញ់ប្រហារទៅលើកម្មការិនីរោងចក្រផលិតស្បែកជើង Kao Way ពេលកំពុងធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារល្អប្រសើរបណ្តាលឲ្យរងរបួសធ្ងន់ចំនួន៣នាក់សឹងបាត់បង់ជីវិតនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងថា ការណ៍ដែលមិនមានឯកសារផ្លូវការណាមួយរបស់រាជរដ្ឋាភិបាលសម្រេចលុបឈ្មោះទណ្ឌិត ឈូក បណ្ឌិត ចេញពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលស្របតាមមាត្រា៥៣ កថាខណ្ឌទី២ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជានោះ គឺធ្វើឲ្យគេសង្ស័យថា ជាការទុកឱកាសឲ្យលោក ឈូក បណ្ឌិត ងាយស្រួលក្នុងការទទួលបានឋានន្តរស័ក្តិវិញនៅពេលរួចផុតពីទោសទណ្ឌ។
អនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺទោះបីទណ្ឌិត ឈូក បណ្ឌិត បានអនុវត្តទោសរួចរាល់ហើយក៏ដោយ ក៏ត្រូវតែមានកាតព្វកិច្ចសងសំណងដល់ដើមបណ្តឹងរដ្ឋប្បវេណីដែរ ប៉ុន្តែមិនទាន់បានដឹងថា តើកម្មការិនីរងគ្រោះទាំង៣នាក់ បានទទួលសំណងពីទណ្ឌិត ឈូក បណ្ឌិត រួចហើយ ឬយ៉ាងណានៅឡើយទេ៕