តាមការគ្រោងទុក នៅវេលាម៉ោង ០៨ ព្រឹក នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ខាងមុខ នៅបន្ទប់សវនាការលេខ១ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោកចៅក្រម លាង សំណាត់ ជាប្រធានក្រុមប្រឹក្សានឹងបើកសវនាការជំនុំជម្រះទៅលើបុរសជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលសមត្ថកិច្ចប៉ូលិសចាប់បានក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុនលើលោកបណ្ឌិត កែម ឡី និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត មានលោកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី ជាដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៣២៨១ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។
ក្រៅពីបានបង្ហាញនូវអារម្មណ៍មិនសូវជឿជាក់ថា បុរសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលធ្លាប់បួសជាសង្ឃ គឺជាឃាតកពិតប្រាកដដែលសម្លាប់លោកបណ្ឌិត កែម ឡី នោះ មជ្ឈដ្ឋានអ្នកតាមដានសំណុំរឿងឃាតកម្មដ៏កក្រើកនេះ ក៏បានសម្តែងនូវការហួសចិត្តពន់ពេកចំពោះស្ថាប័នតុលាការដែលគ្រោងបើសវនាការជំនុំជម្រះទៅលើជនជាប់ចោទជាទារកទើបមានអាយុប្រមាណ០២ខែប៉ុណ្ណោះទៅវិញ (ថ្ងៃខែឆ្នាំកំណើតរបស់ជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ តុលាការដាក់ថា កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦)។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានសម្តែងនូវការស្រងាកចិត្តចំពោះមន្ត្រីតុលាការមួយចំនួនដែលបំពេញការងារដោយភាពខ្ជីខ្ជា និងធ្វេសប្រហែស ដែលធ្វើឲ្យប្រជាពលរដ្ឋមិនមានជំនឿលើការទទួលបាននូវពន្លឺយុត្តិធម៌ពីការកាត់ក្តីរបស់មន្ត្រីតុលាការឡើយ។
គួររំលឹកជូនថា លោកបណ្ឌិត កែម ឡី អាយុ៤៦ឆ្នាំ ប្រធានអង្គការអភិវឌ្ឍសង្គម និងជាអ្នកសិក្សាស្រាវជ្រាវកិច្ចការសង្គមនៅកម្ពុជាដ៏ល្បីឈ្មោះត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅវេលាម៉ោងប្រមាណ០៩ព្រឹក នាថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅហាងលក់ទំនិញស្ថានីយ៍ប្រេងឥន្ធនៈ Caltex ស្តុបបូគោ កាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ក្នុងភូមិសាស្ត្រសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយកើតមានអំពើឃាតកម្មភ្លាមៗ បុរសម្នាក់ឈ្មោះ ជួប សម្លាប់ ត្រូវសមត្ថកិច្ចប៉ូលិសចាប់ខ្លួនបាន ហើយសារភាពថា ខ្លួនជាអ្នកបាញ់សម្លាប់លោក កែម ឡី៕