ថ្ងៃ អង្គារ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨

រឿង «ប្តឹងបាន​ ចេះតែប្តឹងទៅ !» 

ក្រៅពី​រុំព័ទ្ធ​ទៅដោយ​បណ្តឹង​ព្រហ្មទណ្ឌ​ទាំងចាស់​ ទាំងថ្មី​ ជាច្រើន​រួចហើយ​នៅស្ថាប័នតុលាការកម្ពុជា​ ដែល​ល្បីល្បាញ​ខាង​មិន​ឯករាជ្យ​ពីសំណាក់​មន្ត្រី​អ្នកមាន​អំណាច​ និ​ងអ្នកបន្ទរ​ក្នុង​រាជរដ្ឋាភិបាល​គណបក្សប្រជាជន​កម្ពុជា ជាគណបក្សនយោបាយ​កំពុងកាន់កាប់អំណាច​ផ្តាច់មុខ​ រហូតដល់ថ្នាក់​បង្ខំចិត្ត​និរទេសខ្លួន​នៅបរទេសនោះ​ គឺលោក សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ​ ជាគណបក្សនយោបាយ​ប្រឆាំងដ៏ធំ​តែមួយគត់​នៅកម្ពុជា​ និង​ជាអ្នកនយោបាយ​​ដ៏មាន​ប្រជាប្រិយភាពម្នាក់​ បាន​ទទួលរង​នូវពាក្យបណ្តឹង​ព្រហ្មទណ្ឌ​ថ្មីមួយទៀត​កាល​ពីពាក់កណ្តាលខែមករា​ ឆ្នាំ២០១៧កន្លងទៅ ដែល​មាន​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង​ប្រធាន​គណបក្សប្រជាជន​កម្ពុជា និង​ជានាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ជាដើមបណ្តឹង​រដ្ឋប្បវេណី​ ដោយប្តឹង​ចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍​ជាសាធារណៈ​ បន្ទាប់ពីលោក សម រង្ស៊ី ថ្លែង​ពីទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ កាល​ពីថ្ងៃទី​១៤ ខែមករា ឆ្នាំ២០១៧ ថា «លោក​ ហ៊ុន សែន សូកប៉ាន់កញ្ញា ធី សុវណ្ណថា ទឹកប្រាក់​ចំនួន​១លានដុល្លារអាមេរិក​ ជាថ្នូរនឹងការ​វាយ​ប្រហារ​ និងធ្វើទុក្ខបុកម្នេញ​គណបក្សប្រឆាំង»។

thy-sovanntha-hun-sen

ចំណុចគួរឲ្យចាប់អារម្មណ៍​ទាំងហួសចិត្ត​ក្នុង​ស្រទាប់មជ្ឈដ្ឋាន​អ្នកច្បាប់ឯករាជ្យ​នៅកម្ពុជា ពាក់ព័ន្ធនឹងបណ្តឹង​របស់​បុរសខ្លាំង​ប្រឆាំង​លើ​លោក​ សម រង្ស៊ី​ ដែលជា​ «តារាកំពុងរះ​ ទាំងពីរដួង» លើឆាកនយោបាយ​កម្ពុជានោះ គឺ៖ ១- ប្តឹងពីបទបរិហារកេរ្តិ៍​ជាសាធារណៈ​ តែដើមបណ្តឹង​រដ្ឋប្បវេណី​ទាមទារសំណងការខូចខាត​រហូតដល់​៤ ០០០ លានរៀល ឬប្រមាណ​១លាន​ដុល្លារអាមេរិក​ និង​ ២- តុលាការ​មិនទាន់​ទាំងដំណើរការ​នីតិវិធីបាន​ពាក់កណ្តាលទីផង​ ស្រាប់តែបុរសខ្លាំង​ជាដើមបណ្តឹង​រដ្ឋប្បវេណី​ និង​ជាអ្នកមាន​អំណាច​តែម្នាក់គត់​នៅកម្ពុជា​​ បាន​ប្រកាស​គំរាម​ឈានទៅរឹបអូស​ទីស្នាក់ការគណបក្សសង្គ្រោះជាតិ​ ដែលជាទ្រព្យសម្បត្តិ​របស់​លោក​ សម រង្ស៊ី នៅពេល​សាលក្រម​ ឬសាលដីកាតុលាការចូលជាស្ថាពរ​បាត់ទៅហើយ​ (Sic!)​​​។ 

មិនត្រឹមតែបុរសខ្លាំងទេ​ ដែល​ប្តឹង​ចោទប្រកាន់​លោក​ សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍​ជាសាធារណៈ​ទៅស្ថាប័នតុលាការ​ ដោយទាមទារ​សំណង​ការខូចខាត​ចំនួនប្រមាណ​១លាន​ដុល្លារអាមេរិក​នោះ គឺសូម្បីកញ្ញា ធី សុវណ្ណថា ប្រធានអង្គការ​យុវជន​កិច្ចការសង្គម​ អតីតជាស្ត្រី​គាំទ្រគណបក្សសង្គ្រោះជាតិ ​តែក្រោយមក​ចុះចូលបម្រើគណបក្សប្រជាជនកម្ពុជា និង​បុរសខ្លាំង​ក្នុងឋានៈជា «ចៅ និង តា» ក៏បាន​ប្តឹងចោទប្រកាន់​លោក ​សម រង្ស៊ី​ ពីបទបរិហារកេរ្តិ៍​ជាសាធារណៈ​ ដោយទាមទារ​សំណងការខូចខាត​ចំនួន​៥០ម៉ឺនដុល្លារអាមេរិក​ (ប្រមាណ២ ០០០ លានរៀល) ដែរ​ ដែលបង្ហាញឲ្យឃើញថា «កេរ្តិ៍» របស់បុរសខ្លាំង​ និង​កញ្ញា ធី សុវណ្ណថា​ គឺមាន​តម្លៃដ៏សែនខ្ពស់ពន់ពេក។

ក្រុមអ្នកច្បាប់ឯករាជ្យ និង​អ្នកវិភាគកិច្ចការសង្គម​នៅកម្ពុជា​ បាន​លើកឡើងថា អនុលោមតាម​មាត្រា​៣០៥ នៃក្រមព្រហ្មទណ្ឌ​នៃព្រះរាជាណាចក្រកម្ពុជា ដែល​ចែងពីបទ​ការ​បរិហារកេរ្តិ៍​នោះ គឺត្រូវពិន័យ​ជាប្រាក់​កម្រិត​អតិបរមាត្រឹម១០លានរៀល (ប្រមាណ២ ៥០០ ដុល្លារអាមេរិក) ប៉ុណ្ណោះ​ ។ ដូច្នេះ តើអាចទៅរួចទេ​ និង​ត្រូវអនុលោម​តាមមាត្រានៃច្បាប់ណា ដើម្បី​ឲ្យតុលាការ​សម្រេច​ឲ្យ​លោក​ សម រង្ស៊ី សងសំណងការ​ខូចខាត​ឲ្យ​ទៅបុរសខ្លាំងជាដើមបណ្តឹង​រដ្ឋប្បវេណីរហូតដល់​ប្រាក់​ម៉ឺន​​ ឬ សែនដុល្លារ​អាមេរិក​ ប្រសិន​បើ​តុលាការ​កម្ពុជា​ចាត់ការ​ចោទប្រកាន់​ និង​ជំនុំជម្រះ​ផ្តល់កំហុស​ឆ្គង​ទៅលើលោក​ សម រង្ស៊ី​ មែននោះ? និងម្យ៉ាងទៀត​ ឧបមាថា ត្រឹមទំហំទឹកប្រាក់ខ្ទង់ពាន់ ឬ ម៉ឺនដុល្លារអាមេរិក​ តើចាំបាច់ទេ​ ដែល​ត្រូវ​ឈាន​ទៅការរឹបអូស​លក់ឡាយឡុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ​បច្ចុប្បន្ន​ជាទ្រព្យសម្បត្តិរបស់​លោក សម រង្ស៊ី ដូចការគំរាម​របស់​បុរសខ្លាំង​? ប្រាកដណាស់​ វាគឺជារឿងកំប្លែង​គួរឲ្យអស់សំណើច​ដែល​បង្ហាញ​អំពីរូបភាព​ «ខ្មែរបង្កជម្លោះ​ និង​វាយកម្ទេច​ខ្មែរ​គ្នាឯង» តែប៉ុណ្ណោះ។

នេះគឺជារឿង​ «ប្តឹងបាន ចេះតែប្តឹងទៅ​ !» ដែលជារឿង​ដ៏ពេញនិយមបំផុត​នៅលើឆាកនយោបាយ​មិនសូវថ្លៃថ្នូរ​នៅកម្ពុជា ខណៈយុត្តិធម៌សង្គម និងនីតិរដ្ឋ​មានតែ «នៅលើក្រដាស»​៕

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.