ឯកឧត្តម ហ៊ុយ វណ្ណៈ ទីប្រឹក្សាទូរទស្សន៍ CTN , CNC និង MyTV របស់លោកឧកញ៉ា គិត ម៉េង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា «សសសក» ផង ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់សមាហរណកម្មផ្ទេរបញ្ចូលទៅក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅបុរសខ្លាំងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៦/១២០២ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ។
មនុស្សជំនិតរបស់លោកឧកញ៉ា គិត ម៉េង អ្នកជំនួញដ៏មានឥទ្ធិពលនៅកម្ពុជារូបនេះ គឺលោក ហ៊ុយ វណ្ណៈ ធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជា «សសយក» មានឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងត្រូវជាកូនប្រុសពៅរបស់បុរសខ្លាំងនៃកម្ពុជា ជាប្រធាន ទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៥/៣៤១ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ ។ ឯកឧត្តម ហ៊ុយ វណ្ណៈ ត្រូវបានក្រសួងព័ត៌មានសម្រេចទទួលស្គាល់ជាប្រធាន ឬគណៈនាយករបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដោយប្រកាសលេខ២៨៩ពម.ប្រក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ។ លើសពីនេះ ឯកឧត្តម ហ៊ុយ វណ្ណៈ ក៏ត្រូវបានក្រសួងមហាផ្ទៃសម្រេចបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងត្រូវបម្រើការងារនៅអគ្គលេខាធិការដ្ឋានទៀតផង ដោយប្រកាសលេខ៦០១១ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។
មកទល់បច្ចុប្បន្ន គឺរយៈពេលប្រមាណ០៤ខែក្រោយមក ឯកឧត្តម ហ៊ុយ វណ្ណៈ ក៏ទទួលបានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃតែម្តង៕