ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ មករា ឆ្នាំ ២០២១

ប៉ូលិសម្នាក់ត្រូវជាក្មួយឧកញ៉ា ជឹង សុភាព ហៅ «យាយភូ» ប្រើអំពើហិង្សា និងបាញ់គំរាមជីវិតបុគ្គលិកសន្តិសុខឯកជន២នាក់ ខណៈសមត្ថកិច្ចមិនហ៊ានក្អក

សេចក្ដីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង២០ និង១៥នាទីរាត្រីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅថ្មីៗ នៅត្រង់ចំណុចការដ្ឋានសំណង់ម្ដុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានហេតុការណ៍អំពើហិង្សា និងបាញ់គំរាមកំហែងប្រមាថអាយុជីវិតមួយករណីកើតឡើងបង្កដោយជនដៃដល់ជាមន្ដ្រីប៉ូលិសម្នាក់ត្រូវជាក្មួយប្រុសរបស់លោកជំទាវឧកញ៉ា ជឹង សុភាព ហៅ «យាយភូ» អនុប្រធានកាកបាទក្រហមកម្ពុជា និងត្រូវជាភរិយារបស់ឯកឧត្តមឧកញ៉ា ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមកពីគណបក្សប្រជាជនកម្ពុជា ទៅលើបុគ្គលិកក្រុមហ៊ុនសន្តិសុខឯកជនព្រះខ័នរាជ គ្មានអាវុធជាប់ខ្លួនចំនួន២នាក់ ខណៈសមត្ថកិច្ចមូលដ្ឋានមិនហ៊ានក្អក ឬចេញមុខអន្តរាគមន៍ឡើយ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសជនរងគ្រោះជាបុគ្គលិកក្រុមហ៊ុនសន្តិសុខឯកជនព្រះខ័នរាជដែលទទួលរងការប្រព្រឹត្តអំពើហិង្សា និងបាញ់គំរាមកំហែងប្រមាថអាយុជីវិតនោះ គឺ ៖ លោក ហ៊ិន សុខខេង អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ និងលោក គង់ សាវិត អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ដោយអ្នកទាំងពីរស្នាក់នៅក្រុមហ៊ុនតែម្ដង បានដាក់ពាក្យបណ្ដឹងទាមទាររកយុត្តិធម៌រួចហើយក្រោយពេលមានហេតុការណ៍កើតឡើង ។

បុរសជាជនរងគ្រោះឈ្មោះ ហ៊ិន សុខខេង បានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងថា ខ្លួនកំពុងយាមកាមតាមតួនាទីរបស់ខ្លួនដូចសព្វដងនៅការដ្ឋានកំពុងសាងសង់ម្ដុំបឹងកក់ជិតស្ថានីយ៍រថភ្លើង ស្រាប់តែមានបុរសម្នាក់ឈ្មោះ លី ប៊ុនអេង ហៅធី អាយុប្រមាណជាង៣០ឆ្នាំ បានបើករថយន្ដមួយគ្រឿងម៉ាក Mazda ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Z-3578 មកដល់កន្លែងកើតហេតុ រួចចុះពីលើរថយន្ដដើរសំដៅមកនិយាយជាមួយខ្លួនឲ្យទៅប្រាប់កម្មករចំនួន៤នាក់ដែលរត់ទៅខាងក្នុងឲ្យចេញមកក្រៅ ។ ពេលនោះខ្លួនបានដើរទៅប្រាប់មេសន្តិសុខរបស់ខ្លួន ស្រាប់តែបុរសជាជនដៃដល់បានហៅខ្លួនឲ្យត្រឡប់មកវិញ រួចវាយមកលើខ្លួនមួយដៃភ្លាមៗទាំងកំហឹង ទើបខ្លួនរត់ទៅប្រាប់សន្តិសុខរួមការងារម្នាក់ទៀតឈ្មោះ គង់ សាវិត ។ ដោយឃើញអំពើឃោរឃៅគ្មានហេតុផលដូច្នេះ លោក គង់ សាវិត ក៏បានដើរចូលទៅសួរនាំបុរសជាជនដៃដល់នោះថា ហេតុអ្វីបានជាវាយសន្តិសុខគ្នាគាត់អ៊ីចឹង? ភ្លាមនោះ បុរសជាជនដៃដល់បានដកកាំភ្លើងខ្លីមួយដើមវាយទៅលើលោក គង់ សាវិត នឹងស្នាប់កាំភ្លើងយ៉ាងចាស់ដៃ ហើយបាញ់គំរាមចំនួនមួយគ្រាប់ថែមទៀត រួចក៏បើករថយន្ដចេញបាត់ស្រមោលទៅ ។

សាក្សីមួយចំនួនដែលបានឃើញហេតុការណ៍បានឲ្យដឹងថា ជនបង្កមានគ្នីគ្នាចំនួនពី៣នាក់ទៅ៤នាក់ និងកាំភ្លើងគ្រប់ដៃ អាចទើបចេញមកពីកន្លែងស៊ីផឹកស្រវឹងទៀតផង ។

ក្រោយជនដៃដល់ប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះ និងបង្កការផ្ទុះអាវុធ ព្រមទាំងបើករថយន្ដចេញទៅបាត់ស្រមោលហើយ ទើបសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុ រកឃើញសម្បកគ្រាប់កាំភ្លើងបាញ់រួចចំនួន១ទុកជាវត្ថុតាង និងជនដៃដល់នោះក៏ត្រូវបានកំណត់មុខសញ្ញារួចហើយដែរ គឺឈ្មោះ លី ប៊ុនអេង ជាមន្ដ្រីប៉ូលិសម្នាក់ និងត្រូវជាក្មួយប្រុសរបស់លោកជំទាវ ជឹង សុភាព ហៅ «យាយភូ» ជាឈ្មួញ និងជាអនុប្រធានកាកបាទក្រហមកម្ពុជាដ៏មានឥទ្ធិពលផង ។

មជ្ឈដ្ឋានប្រជាពលរដ្ឋកំពុងរង់ចាំមើលថា តើសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងចាត់វិធានការបែបណាទៅលើមន្ដ្រីប៉ូលិសទំនើង លី ប៊ុនអេង ហៅធី នោះ ? ៕

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.