ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

ក្រុមហ៊ុនចិនទៅហើយ ! ក្រុមហ៊ុនចិនពីរគ្រោងបំផ្លាញទីក្រុងពុទ្ធបុរាណអាយុកាល៥ ០០០ឆ្នាំនៅអាហ្វហ្គានីស្ថាន ដើម្បីប្រមូលយករ៉ែទង់ដែង

គេហទំព័រ Ibtimes របស់អង់គ្លេសបានផ្សព្វផ្សាយកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះឲ្យដឹងថា យោងតាមឯកសារគោលរៀបចំទុកមួយ គឺក្រុមហ៊ុនចិនខាងរុករករ៉ែចំនួន២ឋិតក្រោមការគ្រប់គ្រងរបស់រដ្ឋ មានគម្រោងនឹងធ្វើការបំផ្លាញទីក្រុងពុទ្ធបុរាណចំណាស់៥ ០០០ឆ្នាំមួយឈ្មោះ Mes Aynak នៃប្រទេសអាហ្វហ្គានីស្ថាន ដើម្បីធ្វើអាជីវកម្មប្រមូលយកនូវរ៉ែទង់ដែង ខណៈសេចក្ដីរាយការណ៍ពីក្រសួងរ៉ែ និងប្រេងរបស់ប្រទេសអាហ្វហ្គានីស្ថានបានឲ្យដឹងថា ទីក្រុងពុទ្ធបុរាណ Mes Aynak គឺជាទីតាំងមានរ៉ែទង់ដែងធំបំផុតលំដាប់ទី២ក្នុងពិភពលោក ដែលមានតម្លៃរហូតដល់ជាង១ ០០០លានដុល្លារអាមេរិក ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុនរុករករ៉ែរបស់ចិនចំនួន២ គឺ ក្រុមហ៊ុន Jiangxi Copper និងក្រុមហ៊ុន Metallurgical Group Corporation (MCC) កំពុងឋិតក្នុងដំណាក់កាលដំបូងនៃការសាងសង់អណ្ដូងរ៉ែទង់ដែងដ៏ធំមួយនៅទីក្រុងយុគសំរឹទ្ធិមានអាយុកាល៥ ០០០ឆ្នាំ ឈ្មោះ Mes Aynak ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ (UNESCO) រួចហើយ ចម្ងាយ៤០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងកាប៊ុល (Kabul) ប្រទេសអាហ្វហ្គានីស្ថាន ដែលពុទ្ធសាសនិកជនបានកសាងវត្តអារាម លំនៅឋាន និងទីផ្សារយ៉ាងច្រើនក្នុងទីក្រុងបុរាណនោះ ។

ចាប់តាំងពីអំឡុងឆ្នាំ២០០៨មក ក្រុមហ៊ុន Jiangxi Copper និងក្រុមហ៊ុន Metallurgical Group Corporation របស់ចិនបានដាក់ទុនវិនិយោគចំនួនច្រើនលានដុល្លារអាមេរិក ដើម្បីរុករក និងធ្វើអាជីវកម្មរ៉ែនៅប្រទេសអាហ្វហ្គានីស្ថាន ក្នុងនោះក៏មានតំបន់ទីក្រុងពុទ្ធបុរាណ Mes Aynak ផងដែរ ៕

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.