ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

អាមេរិក​ប្រកាស​ប្ដេជ្ញា​ការពារ​ដែន​ប្រជុំ​កោះ Senkaku របស់​ជប៉ុន ដែល​កំពុងមាន​ជម្លោះ​ក្ដៅគគុក​ជាមួយ​ចិន​

​សារព័ត៌មាន CNN បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន លោក​ឧ​ត្ត​ម​សេនីយ៍ James Mattis រដ្ឋមន្ដ្រី​ការពារជាតិ​សហរដ្ឋអាមេរិក​បានបញ្ជាក់​អំពី​ជំហរ​របស់​សហរដ្ឋអាមេរិក​នៅ​ចំពោះមុខ​លោកស្រី Tomomi Inada រដ្ឋមន្ដ្រី​ការពារជាតិ​ជប៉ុន​ថា នឹង​ប្ដេជ្ញា​ការពារ​ដែន​បូរណភាព​របស់​ជប៉ុន​ស្របទៅតាម​សន្ធិសញ្ញា​សន្តិសុខ​រវាង​អាមេរិក និង​ជប៉ុន ព្រមទាំង​ប្រជុំ​កោះ Senkaku ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ជ​ប៉ុន​ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាងកើត ដោយ​ចិន​ហៅថា ប្រជុំ​កោះ Diaoyu និង​អះអាងថា ជា​តំបន់​កាន់កាប់​របស់ខ្លួន ។​

​មាត្រា​ទី​៥ នៃ​សន្ធិសញ្ញា​សន្តិសុខ​រវាង​សហរដ្ឋអាមេរិក និង​ជប៉ុន​បានចែង​កំណត់ថា «​សហរដ្ឋអាមេរិក​នឹង​ការពារ​បូរណភាព​ទឹកដី​កាន់កាប់​របស់​ជប៉ុន រួមទាំង​ប្រជុំ​កោះ Senkaku នៅ​តំបន់​ដែនសមុទ្រ​ចិន​ខាងកើត ដែល​ចិន​ហៅថា ប្រជុំ​កោះ Diaoyu ផង​» ។​

​ប្រជុំ​កោះ​ដែល​ជប៉ុន​ហៅថា Senkaku និង​ចិន​ហៅថា Diaoyu ឋិត​នៅ​តំបន់​ដែនសមុទ្រ​ចិន​ខាងកើត​កំពុងមាន​ជម្លោះ​រវាង​ជប៉ុន និង​ចិន​នោះ​ធ្លាប់មាន​ការប៉ះទង្គិច​គ្នា​ច្រើនលើកច្រើនសា​រួចមកហើយ ជាអាទិ៍ ៖ កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៦​កន្លងទៅ នាវា​ចិន​ចំនួន​១៤​គ្រឿង និង​ទូក​នេសាទ​ចិន​ជិត​២៣០​គ្រឿង​បាន​ចូលមក​តំបន់​ដែនទឹក​មាន​ជម្លោះ និង​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦​កន្លងទៅ​ដែរ កងកម្លាំង​ទាហាន​ចិន​បានធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​តាម​ដែនអាកាស​លើ​ច្រក​សមុទ្រ Miyako នៅ​ជិត​ប្រជុំ​កោះ Senkaku ដោយ​ប្រើប្រាស់​យន្ដហោះ​ចំនួន​ប្រមាណ​៤០​គ្រឿង រួមមាន​យន្ដហោះ​ទម្លាក់​គ្រាប់បែក​ធុន H-6K និង​យន្ដហោះ​ចម្បាំង​ធុន Su-30 ផង រហូត​ត្រូវបាន​ជប៉ុន​បញ្ចេញ​យន្ដហោះ​ចម្បាំង​របស់ខ្លួន​ជាច្រើន​គ្រឿង​ហោះ​ប្រដេញ​យន្ដហោះ​ចម្បាំង​ចិន​បង្ខំ​ឲ្យ​ដកថយ​វិញ​យ៉ាង​កៀក​កិត​បំផុត ។​

​តំបន់​ដែនសមុទ្រ​ចិន​ខាងកើត​ទំហំ​ប្រមាណ​៤០ ០០០​គីឡូម៉ែត្រ​ក្រឡា​ដែល​សម្បូរ​ទៅដោយ​ធនធាន​រ៉ែ​ប្រេងកាត ឧស្ម័ន និង​សក្ដានុពល​នេសាទ​សមុទ្រ​នោះ បានចាប់ផ្ដើម​មាន​ជម្លោះ​រវាង​ជប៉ុន និង​ចិន​តាំងពី​អំឡុង​ឆ្នាំ​១៩៨២ មកទល់​បច្ចុប្បន្ន ដោយ​ប្រទេស​ទាំងពីរ​អះអាង​អំពី​អធិបតេយ្យ​រៀងៗ​ខ្លួន ៕

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.