ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

ក្រសួងការពារជាតិ​ចំណាយលុយ​ជាង​១​លាន​ដុល្លារ លើ​ការដឹកជញ្ជូន​គ្រឿង​បំពាក់​សម្ភារៈ​យោធា​ជា​ជំនួយ​របស់​កូរ៉េខាងត្បូង​

​មិនមាន​ប្រភព​ជាក់លាក់​ណាមួយ​បញ្ជាក់​ឲ្យ​ដឹងថា តើ​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​កូរ៉េ (​ប្រទេស​កូរ៉េខាងត្បូង​) មាន​លោក​ឧ​ត្ត​ម​សេនីយ៍ Han Min-goo ជា​រដ្ឋមន្ដ្រី បានផ្ដល់​ជំនួយសម្ភារៈ​យោធា​អ្វីខ្លះ មានតម្លៃ​គិត​ជា​ទឹកប្រាក់​ប៉ុន្មាន​ដល់​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ជា​ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​នោះទេ និង​សម្ភារៈ​យោធា​ទាំងនោះ​ត្រូវបាន​ដឹកជញ្ជូន​មកដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា​តែម្ដង ឬក៏​តម្រូវ​ឲ្យ​ភាគី​កម្ពុជា​ដឹកជញ្ជូន​ពី​ប្រទេស​កូរ៉េខាងត្បូង​ផ្ទាល់ ឬ​យ៉ាងណា​ឡើយ ប៉ុន្តែ​ព័ត៌មាន​ច្បាស់​ការណ៍​គ្រាន់​បាន​អះអាង​ឲ្យ​ដឹងថា ក្រសួងការពារជាតិ​ក​ម្ពុ​ជា​បាន​ចំណាយលុយ​រហូតដល់​ទៅ​ជាង​១​លាន​ដុល្លារ​អាមេរិក​លើ​ថ្លៃ​ដឹកជញ្ជូន​គ្រឿង​បំពាក់​សម្ភារៈ​យោធា​ជំនួយ​ទាំងនោះ ។​

hwang-in-moo-with-hun-sen

​ព័ត៌មាន​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា កាលពី​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​២០១៦​កន្លងទៅ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី ផ្ទេរ​ឥណទាន​ថវិកា​ចំនួន ៤ ៣៥៤​លាន​រៀល ពី​ជំពូក​៦៩ (​ចំណាយ​មិនបាន​គ្រោងទុក​) នៃ​ខ្ទង់ចំណាយ​មិនទាន់​បែងចែក​មក​ជំពូក​៦១ (​សេវាកម្ម​) ជូន​ក្រសួងការពារជាតិ​សម្រាប់​ចំណាយ​លើ​ថ្លៃ​ដឹកជញ្ជូន​គ្រឿង​បំពាក់​សម្ភារៈ​យោធា​ដែលជា​ជំនួយ​របស់​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​កូរ៉េ ។​

hwang-in-moo-with-hun-sen-1

​គួរបញ្ជាក់​ជូន​ដែរ​ថា កាលពី​អំឡុង​ឆ្នាំ​២០១០​កន្លងទៅ ក្រសួងការពារជាតិ​ក​ម្ពុ​ជា​ធ្លាប់​បានទទួល​ជំនួយ​ពី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង មួយចំនួន​ជាអាទិ៍ ៖ ទូក​ប្រើប្រាស់​សម្រាប់​កងទ័ពជើងទឹក​ចំនួន​០៣​គ្រឿង យាន​សម្រាប់​សមយុទ្ធ​ចំនួន​១០០ សម្ភារៈ​វិស្វកម្ម​ចំនួន​២៤ និង​សម្ភារៈ​ពេទ្យ​ចំនួន​៣៦ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.