ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

អតីត​ប្រធាន​តុលាការ​ដ៏​ហ៊ឺហា​ដែល​មានរឿង​អាស្រូវ​ពុក​រលួយ​ដ៏​កក្រើក​ម្នាក់​ ទទួល​បានការ​បន្ធូរ​បន្ថយទោស​ និង​ជិត​ចេញពី​ពន្ធនាគារ​ហើយ​

​ក្រោម​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ មាន​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ បន្ទាប់​ពី​មាន​ប្រតិកម្ម​ខ្លាំងៗ​ជា​សាធារណៈ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​សំណុំរឿង​អាស្រូវ​ពុក​រលួយ​ដ៏​កក្រើក​នោះ​ លោក​ចៅក្រម​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដ៏​មាន​ឥទ្ធិពល​ និង​មានទ្រព្យ​សម្បត្តិ​មហាសាល​ម្នាក់​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ នា​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៥​ និង​ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៣​ឆ្នាំ​(​អនុវត្តន៍​ទោស​ក្នុង​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​ និង​ទោស​ព្យួរ​ចំនួន​១​ឆ្នាំ​)​ ពី​បទ​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​ តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១៤«​គ​»​ ចុះ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ របស់​សាលាដំបូង​ខេត្តកណ្តាល​ ។​

aing-mealdey

​ទោះ​យ៉ាងណា​ក៏​ដោយ​ ជនជាប់ចោទ​ឈ្មោះ​ អាំង​ មាលតី​ មិន​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​ខេត្តកណ្តាល​នោះ​ឡើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១៤«​គ​»​ ចុះ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ របស់​សាលាដំបូង​ខេត្តកណ្តាល​បាន​ចូល​ជា​ស្ថាពរ​ មាន​អានុភាព​អនុវត្ត​ ហើយ​មាន​ជនជាប់ចោទ​ឈ្មោះ​ អាំង​ មាលតី​ ក៏​បាន​ក្លាយជា​ «​ទណ្ឌិត​»​ ។​

​យោង​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ទណ្ឌិត​ឈ្មោះ​ អាំង​ មាលតី​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រាស់​បង្គាប់​បន្ថយ​រយៈពេល​ទទួល​រង​ទោស​ចំនួន​០៦​ខែ​ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ឆ្នាំ​២០១៦​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៦/១០១៨​ ចុះ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ។​

aing-mealdey-letter-2-2

​ថ្វី​ដ្បិត​មិន​ទាន់​បានឃើញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​លុបឈ្មោះ​លោក​ អាំង​ មាលតី​ ចេញពី​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​ដោយសារ​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ក៏​ដោយ​ ក៏​គេហទំព័រ​សារព័ត៌​មានបាន​កត់សម្គាល់​ឃើញ​ថា​ ក្នុង​ចំណោម​ចៅក្រម​ចំនួន​២៤៦​នាក់​ដែល​ទទួល​បានការ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​ឋានន្តរស័ក្តិ​ និង​ថ្នាក់​តាម​លំដាប់លំដោយ​ពី​អនុ​ចៅក្រម​ថ្នាក់​លេខ​៣​ រហូត​ដល់​ឧត្តម​ចៅក្រម​ថ្នាក់​លេខ​១​ គិត​ត្រឹម​ថ្ងៃ​ទី​១៣​ ខែមេសា​ ឆ្នាំ​២០១៦​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៦/១១៨២​ ចុះ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៦​នោះ​ គឺ​មិន​មានឈ្មោះ​លោក​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ឡើយ​ ។​

aing-mealdey-letter-4

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ អនុលោម​តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១៤«​គ​»​ ចុះ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ របស់​សាលាដំបូង​ខេត្តកណ្តាល​ និង​ស្មារតី​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៦/១០១៨​ ចុះ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នោះ​ គឺ​ទណ្ឌិត​ អាំង​ មាលតី​ ត្រូវ​ទទួល​រង​ទោសទណ្ឌ​នៅ​ក្នុង​ពន្ធនាគារ​រយៈពេល​សរុប​ត្រឹម​ចំនួន​១​ឆ្នាំ​ ០៦​ខែ​ ហើយនឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ក្នុង​ករណី​មិន​មានទោស​ទណ្ឌ​អ្វី​ផ្សេង​ទៀត​នៅ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ខាង​មុខ​ ។​

​លោក​ អាំង​ មាលតី​ អាយុ​៦០​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្តសៀមរាប​ បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​អំឡុង​ឆ្នាំ​១៩៨៣​ និង​ធ្លាប់​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តសៀមរាប​-​ឧត្តរមានជ័យ​ នា​ដើមឆ្នាំ​២០០២​ ហើយ​ក៏​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប​ នា​ចុងឆ្នាំ​២០០៥​ ។​ ក្រោយមក​ លោក​ចៅក្រម​រូប​នេះ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នា​ចុងឆ្នាំ​២០០៧​ ។​ តម​ក​ទៀត​ លោក​ចៅក្រម​រូប​នេះ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ខែមេសា​ ឆ្នាំ​២០១៤(​កាន់​តំណែង​ជា​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​អស់​រយៈពេល​ជិត​៧​ឆ្នាំ​)​ ។​ នៅ​ទីបំផុត​ លោក​ចៅក្រម​រូប​នេះ​បាន​ជួប​រឿង​អកុសល​ ហើយ​ក៏​ត្រូវ​បាន​ដកហូត​មុខ​តំណែង​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឲ្យ​មក​ឈរជើង​នៅ​ក្រសួងយុត្តិធម៌​នា​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ក្រោម​ទម្ងន់​កណ្តាប់ដៃ​ដែក​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (​កាន់​តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​មិន​ដល់​រយៈពេល​១​ឆ្នាំ​ទេ​)​ និង​ក៏​មានរឿង​អាស្រូវ​ជា​ច្រើន​ធ្លាក់​ក្នុង​សមត្ថកិច្ច​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ តាំងពី​ពេល​នោះ​មក​ ។​

aing-mealdey-letter-2-1

​លោក​ចៅក្រម​ អាំង​ មាលតី​ មានកូន​ប្រុស​បង្កើត​ចំនួន​២​នាក់​ បាន​ធ្វើ​ជា​ចៅក្រម​ កំពុង​បម្រើ​ការងារ​នៅ​តាម​បណ្តា​សាលា​ជម្រះក្តី​ ជា​អាទិ៍​ ៖

១-​លោក​ អាំង​ ចិន្តា​ អនុ​ចៅក្រម​ថ្នាក់​លេខ​២​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​៣​ សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ និង​ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​ បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តព្រៃវែង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១០/៨៣៣​ ចុះ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១០​ ។​ បច្ចុប្បន្ន​ លោក​ចៅក្រម​ អាំង​ ចិន្តា​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ ជា​ចៅក្រម​សាលាដំបូង​ខេត្តកោះកុង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៥/៧៣៣​ ចុះ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​

២-​លោក​ អាំង​ សុភា​ អនុ​ចៅក្រម​ថ្នាក់​លេខ​២​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​៤​ សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ និង​ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​ បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១២/៥៩១​ ចុះ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១២​ ។​

​លើស​ពី​នេះ​ លោក​ចៅក្រម​ អាំង​ មាលតី​ នៅ​មានកូន​ប្រុស​ម្នាក់​ទៀត​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ ឈ្មោះ​ អាំង​ មុនី​ កាន់​តួនាទី​ជា​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.