ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

អតីត​ប្រធាន​គណៈមេធាវី​ម្នាក់​ទទួល​បានការ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បន្ថែម​លើ​មុខ​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​ទីស្តីការគណៈរដ្ឋមន្ត្រី​

​អតីត​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៩​ និង​អាណត្តិ​ទី​១០​ គឺ​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រាស់​បង្គាប់​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បន្ថែម​លើ​មុខ​តំណែង​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៦/១១១៥​ ចុះ​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៦​ ។​

bun-hon-letter

​លោក​ ប៊ុ​ន​ ហុ​ន​ អាយុ​៤៣​ឆ្នាំ​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​១៤១​ នា​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​១៩៩៧​ ។​ លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ ធ្លាប់​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​សម​ រ​ង្ស៊ី​ និង​ធ្លាប់​បាន​ឈរឈ្មោះ​ជា​បេក្ខជន​ឈរឈ្មោះ​បម្រុង​លំដាប់​លេខ​រៀង​ទី​២​នៅ​មណ្ឌល​ខេត្តមណ្ឌលគិរី​ របស់​គណបក្ស​ សម​ រ​ង្ស៊ី​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​២(១៩៩៨-២០០៣)​ រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​-NEC)​ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ជាប់​ឆ្នោត​ជា​អ្នកតំណាង​រាស្ត្រ​ទេ​ ។​

bun-hon

​ក្រោយ​បរាជ័យ​មិន​ទទួល​បាន​តំណែង​អ្វី​ទាំង​ក្នុង​ស្ថាប័ន​នីតិប្បញត្តិ​(​រដ្ឋសភា​)​ ទាំង​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​(​រាជរដ្ឋាភិបាល​)​ពេល​នៅ​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ សម​ រ​ង្ស៊ី​ នោះ​ ទើប​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ បាន​សម្រេចចិត្ត​ចុះចូល​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ ហើយ​ក៏​ទទួល​បានការ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​នា​ពេល​កន្លង​មក​ និង​ទទួល​បានការ​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ទុកជា​ការ​តបស្នង​លើកទឹកចិត្ត​ជា​បន្តបន្ទាប់​ ។​

​ក្រៅពី​ធ្លាប់​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​ គឺ​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ ធ្លាប់​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធាន​គណៈមេធាវី​ចំនួន​២​អាណត្តិ​ជាប់ៗ​គ្នា​ គឺ​អាណត្តិ​ទី​៩(២០១២-២០១៤)​ និង​អាណត្តិ​ទី​១០(២០១៤-២០១៦)​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.