គេហទំព័រសារព័ត៌មាន Xinhuanet របស់ចិនបានផ្សព្វផ្សាយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះឲ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ ក្រុមហ៊ុនផលិតរថយន្ដ Jaguar Land Rover នឹងចាប់ផ្ដើមធ្វើការប្រមូលរថយន្ដទំនើបម៉ូដែល Range Rover ចំនួន៦ ៤៣៨គ្រឿងនៅក្នុងប្រទេសចិនត្រឡប់មកវិញ ដោយសាររថយន្ដទាំងនោះមានបញ្ហាខ្សែក្រវាត់សុវត្ថិភាព ។
សេចក្ដីថ្លែងការណ៍របស់រដ្ឋបាលត្រួតពិនិត្យគុណភាពរថយន្ដប្រទេសចិនបានឲ្យដឹងថា រថយន្ដទំនើបម៉ូដែល Range Rover ដែលមានបញ្ហាខ្សែក្រវាត់សុវត្ថិភាព ហើយនឹងត្រូវប្រមូលត្រឡប់មកវិញនោះ គឺរថយន្ដ Range Rover ដែលបាននាំចូលចន្លោះឆ្នាំ២០១៦-២០១៧ ចំនួន១ ៥៥៤គ្រឿង និងរថយន្ដ Range Rover Sport ស៊េរីឆ្នាំ២០១៦ (ផលិតពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦) ចំនួន៣ ៤៣៨គ្រឿង ដែលនាំចូលចន្លោះឆ្នាំ២០១៦-២០១៧ដូចគ្នា ។
ជាមួយគ្នានេះ រថយន្ដចំនួន១ ១៣២គ្រឿងផលិតដោយក្រុមហ៊ុនផលិតរថយន្ដ Jaguar XE (ផលិតពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦) ដែលនាំចូលនៅឆ្នាំ២០១៧ និងរថយន្ដចំនួន៣១៤គ្រឿងផលិតដោយក្រុមហ៊ុនផលិតរថយន្ដ Jaguar F-TYPE (ផលិតពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦) ដែលនាំចូលនៅឆ្នាំ២០១៧ដូចគ្នា ក៏ត្រូវប្រមូលត្រឡប់មកចូលរោងចក្រត្រួតពិនិត្យបច្ចេកទេសសាជាថ្មីឡើងវិញដែរ ៕