ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ទើសមុខដកចោល​! អគ្គរដ្ឋអាជ្ញាសហរដ្ឋអាមេរិក​ត្រូវបាន​លោក​ប្រធានាធិបតី​ Donald Trump បណ្តេញចេញពីតំណែង​ក្នុងរឿងប្រឆាំង​ការអនុវត្តបទបញ្ជា​អន្តោប្រវេសន៍

គេហទំព័រ​ Theguardian បាន​ផ្សព្វផ្សាយឲ្យដឹងថា កាលពីថ្ងៃទី​៣០ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ​ លោកស្រី Sally Yates ដែលជា​អគ្គរដ្ឋអាជ្ញារបស់​សហរដ្ឋអាមេរិក​ ត្រូវបាន​លោកប្រធានាធិបតី​ Donald Trump បណ្តេញចេញពីមុខតំណែង​ក្រោមការចោទប្រកាន់ថា លោកស្រីអគ្គរដ្ឋអាជ្ញារូបនេះ​បានណែនាំ​ដល់មេធាវី​របស់ក្រសួងយុត្តិធម៌​កុំឲ្យការពារ​ និង​អនុវត្ត​បទបញ្ជា​ដាក់បម្រាមលើជនអន្តោប្រវេសន៍​របស់លោកប្រធានាធិបតី​។

សេចក្តីរាយការណ៍បាន​ឲ្យដឹងថា លោកមេធាវី​ Dana Boente ដែលជាមេធាវី​ប្រចាំរដ្ឋ​ Virginia ត្រូវបាន​តែងតាំង​ជំនួស​មុខតំណែង​លោកស្រី Sally Yates  ជាអគ្គរដ្ឋអាជ្ញា​ដែល​បាន​បណ្តេញចេញ​។

កាលពីថ្ងៃទី​២៧ ខែមករា ឆ្នាំ២០១៧ កន្លងទៅថ្មីៗ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump បាន​ចុះហត្ថលេខា​ចេញបទបញ្ជាមួយ​ដាក់​បម្រាម​ទៅលើ​ជនអន្តោប្រវេស​ន៍ខុសច្បាប់​​ ជាពិសេស​ជន​អន្តោប្រវេសន៍​មកពីបណ្តាប្រទេសរដ្ឋឥស្លាម​ ក្នុងន័យការពារ​ដល់​ពលរដ្ឋសហរដ្ឋអាមេរិកទាំងមូល​។

លោកស្រីមេធាវី Sally Yates អាយុ៥៦ឆ្នាំ​ ធ្លាប់បាន​បំពេញការងារ​ជាមេធាវី​ប្រចាំរដ្ឋ​ Georgia កាលពីអំឡុងខែមីនា ឆ្នាំ២០១០ ដល់ខែមករា​​ ឆ្នាំ២០១៥ និងក្រោយមក​ត្រូវបាន​តែងតាំងជាអគ្គរដ្ឋអាជ្ញារង​សហរដ្ឋអាមេរិក​ក្នុងអាណត្តអតីតលោកប្រធានាធិបតី​ Barack Obama​​ ។ លុះដល់ពេល​លោក Donald Trump ចូលកាន់តំណែង​ជាប្រធានាធិបតីសហរដ្ឋអាមេរិក​នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោកស្រី Sally Yates ក៏ត្រូវបាន​តែងតាំង​ជាអគ្គរដ្ឋអាជ្ញាសហរដ្ឋអាមេរិក​តែម្តង​ ប៉ុន្តែ​មក​ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ លោកស្រី Sally Yates ក៏ត្រូវបាន​លោកប្រធានាធិបតី Donald Trump បណ្តេញចេញពីមុខតំណែង​វិញ​តែម្តង​៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.