នាយទាហាននៃកងយោធពលខេមរភូមិន្ទម្នាក់ និងជាសមាជិកក្រុមសម្ព័ន្ធសេនានាគរបស់លោក ប៉ាន់ខែម ប៊ុនថន ផង ដែលបានសារភាពថា បានវាយដំទាត់ធាក់ទៅលើអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិចំនួន២នាក់ គឺឯកឧត្តម ញ៉យ ចំរើន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងឯកឧត្តម គង់ សភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ នៅមុខវិមានរដ្ឋសភាបង្កឲ្យមានរបួសស្នាមធ្ងន់ធ្ងរនោះត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខ នស/រកត/១១១៦/១០៥៣ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
បុរសជានាយទាហានថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) និងជាសមាជិកក្រុមសម្ព័ន្ធសេនានាគមានលោក ប៉ាន់ខែម ប៊ុនថន ជាជំនួយការបុរសខ្លាំង និងជាប្រធានដែលបានវាយដំអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ (ចូលសារភាពនៅចំពោះមុខសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃនាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥) និងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) នោះ គឺ លោកវរសេនីយ៍ឯក ចាយ សារិទ្ធ អត្តលេខ០៨៧៧៤៥ ។
បន្ទាប់ពីបានចូលសារភាពនៅចំពោះមុខសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា បានប្រព្រឹត្តអំពើហិង្សាវាយទាត់ធាក់លើអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិចំនួន២នាក់ ក្នុងហេតុការណ៍បាតុកម្មដឹកនាំដោយក្រុមបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រដាប់ដោយវិទ្យុទាក់ទងសឹងគ្រប់ដៃនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នោះ ឈ្មោះ ចាយ សារិទ្ធ ត្រូវបានស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ និងសម្រេចឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស។ ក្រោយមក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ជនជាប់ចោទឈ្មោះ ចាយ សារិទ្ធ ត្រូវបានតុលាការប្រកាសសាលក្រមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៤ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារត្រឹមចំនួន១ឆ្នាំ បង់ប្រាក់ពិន័យជូនរដ្ឋចំនួន៦លានរៀល និងរួមគ្នាជាមួយជនជាប់ចោទ២នាក់ទៀតសងសំណងចំនួន៨០លានរៀល ជូនអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ដែលរងគ្រោះទាំង២នាក់។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ករណីនាយទាហាននៃកងយោធពលខេមរភូមិន្ទឈ្មោះ ចាយ សារិទ្ធ ប្រព្រឹត្តអំពើហិង្សាវាយដំទាត់ធាក់ទៅលើអ្នកតំណាងរាស្ត្រ ហើយត្រូវបានស្ថាប័នតុលាការផ្តន្ទាទោស ប៉ុន្តែបែរជាទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ថែមទៀតទាំងមិនទាន់មាននីតិសម្បទាឡើងវិញផងនោះ គឺបានបង្ហាញនូវភាពមិនប្រក្រតីចំនួន២ចំណុច ដូចខាងក្រោម៖
១- ជារឿងអាស្រូវដ៏អាម៉ាស់ចំពោះស្ថាប័នកងយោធពលខេមរភូមិន្ទ បើអនុលោមទៅតាមមាត្រា១ នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខជស/រកម/១១៩៧/០៥ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ១៩៩៧ បានចែងតម្រូវឲ្យកងយោធពលខេមរភូមិន្ទមានភារកិច្ចបម្រើប្រទេសជាតិ និងមានបេសកកម្មការពារ កសាងមាតុភូមិ និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ ព្រមទាំងអាចចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និងជាជំនួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ឬមានអាសន្នមហន្តរាយក្នុងកាលៈទេសៈចាំបាច់…។
២- ឈ្មោះ ចាយ សារិទ្ធ ដែលត្រូវបានតុលាការសម្រេចផន្ទាទោសដាក់ពន្ធនាគារកំណត់៤ឆ្នាំ ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគារត្រឹមចំនួន១ឆ្នាំ គឺមិនទាន់ទទួលបាននូវនីតិសម្បទាតាមផ្លូវច្បាប់ឡើងវិញនៅឡើយទេ បែរជាត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទៅវិញ ដែលជាការរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ ព្រមទាំងដូចបានលើកទឹកចិត្តដល់ជនប្រព្រឹត្តល្មើសច្បាប់ និងក៏បានបង្ហាញឲ្យឃើញដែរថា ជាអំពើផ្គាប់ចិត្តមេ ឬចៅហ្វាយរបស់ខ្លួនបានល្អ រួចហើយបានឡើងបុណ្យស័ក្តិ និងទទួលបានលាភសក្ការៈ (Sic!)៕