គេហទំព័រ Bloomberg បានផ្សព្វផ្សាយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ម្សិលមិញនេះឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានទទួលរងនូវការប្តឹងផ្តល់ពីសំណាក់ក្រុមមេធាវីរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកទៅស្ថាប័នតុលាការក្នុងរឿងផ្តល់សិទ្ធិឲ្យក្រុមហ៊ុនជំនួញរបស់ក្រុមគ្រួសារ «Trump» ទទួលយកសំណងពីរដ្ឋាភិបាលបរទេសដែលជាការរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកទាំងស្រុង។
ក្រុមមេធាវីរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបានចោទប្រកាន់ទៅលើលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកថា បានរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកដែលហាមឃាត់មិនឲ្យបណ្តាក្រុមហ៊ុនទទួលយកសំណងពីរដ្ឋាភិបាលបរទេស ប៉ុន្តែបែរជាលោក Donald Trump បានអនុញ្ញាតឲ្យបណ្តាក្រុមហ៊ុន និងសណ្ឋាគារក្នុងមជ្ឈមណ្ឌល Trump Tower គ្រប់គ្រងដោយលោក Eric Trump ជាកូនប្រុសរបស់លោកប្រធានាធិបតីទទួលយកប្រាក់សំណងពីរដ្ឋាភិបាលបរទេសទៅវិញ។
អង្គការឃ្លាំមើលគណនេយ្យភាព និងការអនុវត្តច្បាប់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការសហព័ន្ធ Manhattan រួចហើយ ដើម្បីទាមទារឲ្យក្រុមហ៊ុនគ្រួសារ «Trump» បញ្ឈប់នូវសកម្មភាពខុសច្បាប់នោះ៕