តាមការអញ្ជើញរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក Rodrigo Duterte ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីនបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ដោយក្រសួងព្រះបរមរាជវាំងមានសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីចំណាយប្រាក់អស់ជាង១៣ម៉ឺនដុល្លារអាមេរិក សម្រាប់ដំណើរការរៀបចាំទទួលលោក Rodrigo Duterte នេះ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុញ្ញាតឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទេរឥណទានថវិកាចំនួន៥៣២លានរៀលពីជំពូក៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក៦១ (សេវាកម្ម) ជូនក្រសួងព្រះបរមរាជវាំងសម្រាប់ចំណាយរៀបចំទទួលលោក Rodrigo Duterte ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីនបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល០១ថ្ងៃនៅកម្ពុជានោះ៕