បន្ទាប់ពីមហាបាតុកម្មអស់រយៈពេលជាច្រើនសប្តាហ៍នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញក្រោមសន្ធឹកសំឡេងកងរំពង «ហ៊ុន សែន អើយ ចុះចេញទៅ!» បានបញ្ចប់ គណបក្សសង្គ្រោះជាតិក៏បានវិលចូលបំពេញបង្គ្រប់កូរ៉ុមរដ្ឋសភាឲ្យមានសមាជិកជាតំណាងរាស្ត្រស្របតាមមាត្រា៧៦ថ្មី នៃច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៧៦ និងមាត្រាទាំងឡាយពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១០១៤/០២២ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤។
ក្រោយការធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាតំណាងរាស្ត្រក្នុងរដ្ឋសភារួចមក មានអ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិមួយចំនួនក្នុងចំណោមអ្នកតំណាងរាស្ត្រចំនួន៥៥នាក់ ទទួលបានមុខតំណែងក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងគណៈកម្មការនានានៃរដ្ឋសភានីតិកាលទី៥ ជាពិសេសឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ជាអនុប្រធានទី១នៃរដ្ឋសភា និងឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ជាប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា (ក្រោយមកត្រូវបានជំនួសដោយឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោក សម រង្ស៊ី ជាប់ឈ្មោះជាទណ្ឌិត បាត់បង់សិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា)។
ទោះបី ឯកឧត្តម កឹម សុខា ទទួលបានតំណែងជាអនុប្រធានទី១នៃរដ្ឋសភាក្តី (ក្រោមការជួយផ្ចុងផ្តើមដោយគណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជា និងមាន៦៨អាសនៈនៅក្នុងរដ្ឋសភា) ក៏តំណែងដ៏ឧត្តុង្គឧត្តមនេះត្រូវបានបាត់បង់វិញក្នុងរយៈពេលត្រឹមតែប្រមាណ១ឆ្នាំក្រោយមកក្រោមរូបភាពក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាធ្វើបាតុកម្មទម្លាក់តែម្តង។ បច្ចុប្បន្ននេះទៀតសោត តំណែងជាប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភារបស់ឯកឧត្តម កឹម សុខា នោះក៏កំពុងប្រឈ មនឹងភាពរង្គោះរង្គើឬបាត់បង់ដែរ។
មជ្ឈដ្ឋានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិពេញទំហឹងមួយចំនួនធ្លាប់បានបញ្ចេញទស្សនៈរួចហើយថា ថ្វីដ្បិតអ្នកតំណាងរាស្ត្រមួយចំនួនរបស់គណបក្សសង្គ្រោះជាតិទទួលបានតំណែងដ៏ឧត្តុង្គឧត្តមនៅក្នុងរដ្ឋសភាអាចទទួលបានរបបរថយន្តទំនើបថ្មីសន្លាងក្តី និងអាចយិតយោងជួយជ្រោមជ្រែងឲ្យមានទីប្រឹក្សា និងជំនួយការមួយចំនួនទទួលបានឋានៈ និងប្រាក់បៀវត្សរ៍ក្តី… ក៏ប៉ុន្តែតំណែងរបស់អ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិទាំងនោះ ដែល «ផ្តល់ដោយ» គណបក្សប្រជាជនកម្ពុជា គឺប្រៀបដូចជា «ទឹកលើស្លឹកឈូក» ទៅវិញទេ។
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដដែលបានលើកឡើងទៀតថា ការចូលបំពេញការងារជាអ្នកតំណាងរាស្ត្រចំនួន៥៥នាក់នៅក្នុងរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិ គឺជាប្រការត្រឹមត្រូវ ប៉ុន្តែទន្ទឹមនឹងនេះប្រសិនសបើគណបក្សសង្គ្រោះជាតិគិតគូរតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំដើម្បីឈានឆ្ពោះទៅដណ្តើមភាពជោគជ័យសម្រាប់ការបោះឆ្នោតលើកក្រោយនោះ គណបក្សសង្គ្រោះជាតិដែលបានសម្រេចចិត្តមិនចូលរួមធ្វើរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា គប្បី «កុំឆ្ងាញ់ និងកុំស្រើបស្រាលត្រេកត្រអាល» ជាមួយនឹងតំណែងនៅក្នុងរដ្ឋសភា ហើយយកកម្មវិធីនយោបាយចំនួន៧ចំណុចរបស់ខ្លួន «ផ្គូផ្គង» ជាមួយកម្មវិធីនយោបាយចំនួន១១ចំណុចរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីពិភាក្សាចរចាគ្នាវិញទើបប្រសើរជាង (ចំណុចដូចគ្នាយកមកអនុវត្តរួមគ្នា និងចំណុចមិនទាន់ស្របគ្នាត្រូវបន្តពិភាក្សាចរចាក្នុងន័យតម្កល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត)។
ឥឡូវនេះ គណបក្សសង្គ្រោះជាតិបាន «ភ្លក្សរសជាតិ» របៀបរបបធ្វើការជាមួយគណបក្សប្រជាជនកម្ពុជាហើយៗមុខតំណែងរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួនដែលទទួលបាននៅក្នុងរដ្ឋសភាក្រោមការផ្ចុងផ្តើមដោយគណបក្សប្រជាជនកម្ពុជានោះ គឺសុទ្ធតែរបៀបដូច «ទឹកលើស្លឹកឈូក» ប៉ុណ្ណោះ៕