អតីតអគ្គលេខាធិការធនាគារជាតិនៃកម្ពុជា គឺឯកឧត្តម ស៊ុំ សន្និសិទ្ធ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងថ្មីជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៦/១០៥៤ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ស៊ុំ សន្និសិទ្ធ ជាមន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា ធ្លាប់ទទួលបានការតែងតាំងជាអគ្គលេខាធិការធនាគារជាតិនៃកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩០៤/២៤៥ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០០៤ ខណៈឯកឧត្តម ជា ចាន់តូ ទទួលបានការតែងតាំងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩០៤/២៤៤ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០០៤ (លើសពីនេះឯកឧត្តម ជា ចាន់តូ ក៏ជាប្រធានក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុផងដែរ) ។
បច្ចុប្បន្ន ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា រួមមាន ឯកឧត្តម ជា ចាន់តូ ជាអគ្គទេសាភិបាល មានឋានៈស្មើទេសរដ្ឋមន្ត្រី(តែងតាំងសាជាថ្មីដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៥/៤១៧ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥) លោកជំទាវ នាវ ច័ន្ទថាណា និងលោកជំទាវ អ៊ុក ម៉ាលី ជាអគ្គទេសាភិបាលរង មានឋានៈស្មើរដ្ឋមន្ត្រី(តែងតាំងសាជាថ្មីដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៦/១០៥៤ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦) បូករួមទាំងឯកឧត្តម ស៊ុំ សន្និសិទ្ធ ទើបតែងតាំងថ្មីជាអគ្គទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ៕