ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

ដំណើរការ​វែកមុខ​ឃាតក​សម្លាប់​លោក​ ជា​ វិជ្ជា​ អតីត​មេដឹកនាំ​សហជីព​ដ៏​ល្បីឈ្មោះ​អស់​រយៈពេល​១៣​ឆ្នាំ​«​ដូច​សុំ​ភ្លើង​យក្ស​»

​លោក​ ជា​ វិជ្ជា​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​ល្បីឈ្មោះ​ និង​ជា​អ្នក​ធ្លាប់​គាំទ្រ​កម្មវិធី​នយោបាយ​គណបក្សប្រឆាំង​មាន​លោក​ សម​ រ​ង្ស៊ី​ ជា​ប្រធាន​យ៉ាង​សកម្ម​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​មុខ​តូប​លក់​កាសែត​ក្បែរ​របង​ខាងលិច​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម​ កំណាត់​ផ្លូវ​ប៉ាស្ទ័រ​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០០៤​ ខណៈ​អស់​រយៈពេល​១៣​ឆ្នាំ​ហើយ​ឃាតក​ និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ឃាតក​សម្លាប់​លោក​ ជា​ វិជ្ជា​ មិន​ទាន់​បាន​វែកមុខ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​នៅឡើយ​ ពោល​គឺ​បាន​ត្រឹម​រៀបចំ​ល្បែង​ចាប់ខ្លួន​បុរស​វ័យក្មេង​២​នាក់​ឈ្មោះ​ ប៊​ន​ សំណាង​ និង​ឈ្មោះ​ សុខ​ សំ​អឿ​ន​ ដាក់គុក​អស់​ជិត​១០​ឆ្នាំ​ ដោយ​ចោទ​ថា​ ជា​ជន​ដៃដល់​សម្លាប់​លោក​ ជា​ វិជ្ជា​ ទាំង​អយុត្តិធម៌​ រួច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ប៉ុណ្ណោះ​ ។​

ith-samheg-letter1

ith-samheg-letter

​បន្ទាប់​ពី​មានការ​ដោះ​លែង​ឈ្មោះ​ ប៊​ន​ សំណាង​ និង​ឈ្មោះ​ សុខ​ សំ​អឿ​ន​ ដែល​ជា​ឃាតក​សិប្បនិមិត្ត​ឲ្យ​មាន​សេរីភាព​វិញ​តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​២៣៩​ ចុះ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៣​ របស់​តុលាការ​កំពូល​រួច​មក​ តុលាការ​កំពូល​បាន​បង្គាប់​ឲ្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការ​ស៊ើបអង្កេត​ប្រឆាំង​លើ​ជនល្មើស​មិន​ស្គាល់​មុខ​ដែល​ធ្វើឃាត​លោក​ ជា​ វិជ្ជា​ ។​ ក្រោយមក​ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិតផ្លូវការ​មួយ​លេខ​៦៩​អយ​ខ​ ចុះ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៤​ ស្នើ​ឲ្យ​សមត្ថកិច្ច​នគរបាល​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​កំណត់​អត្តសញ្ញាណ​ជន​ប្រព្រឹត្ត​បទល្មើស​ និង​ប្រមូល​ព័ស្តុតាង​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។​ ប៉ុន្តែ​អស់​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ​ គឺ​ «​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​»​ ។​

chea-vichea-letter2

​លើស​ពី​នេះ​ ដោយ​មានការ​ជួយ​ជំរុញ​អន្តរាគមន៍​ពី​សហគមន៍​ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ​ផង​ យោង​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​មួយ​ដើម្បី​ស៊ើបអង្កេត​ពិសេស​ស្តី​ពី​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​ ជា​ វិជ្ជា​ ,​ លោក​ ហ៊ី​ វុ​ទ្ធី​ និង​លោក​ រស់​ សុ​វ​ណ្ណា​រ៉េ​ត​ តាម​សេចក្តីសម្រេច​លេខ​៤៤​សសរ​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៥​ ហើយ​សមាសភាព​នៃ​គណៈកម្មការ​អន្តរក្រសួង​នេះ​ត្រូវ​បាន​តែងតាំង​ដោយ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​៧៣​សសរ​ ចុះ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឯម​ សំ​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជា​ប្រធាន​ ។​ ចាប់តាំងពី​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​នេះ​មក​ មាន​រយៈពេល​ជាង​១​ឆ្នាំ​ហើយ​ គឺ​មិន​ទាន់​មាន​សកម្មភាព​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ទាល់តែ​សោះ​ ពោល​បាន​ត្រឹមតែ​ «​មាននៅ​លើ​ក្រដាស​»​ ។​

chea-vichea-02

​នៅ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ប្រមូលផ្តុំ​ថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​សហជីព​ចំនួន​ប្រមាណ​១៥០​នាក់​ ធ្វើការ​ជួបជុំ​គ្នា​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក​ ជា​ វិជ្ជា​ ដែល​ជា​ «​វីរជន​កម្មករ​»​ គម្រប់​ខួប​១៣​ឆ្នាំ​នៃ​មរណភាព​របស់​លោក​នៅ​ទីកន្លែង​តម្កល់​រូបសំណាក​លោក​ ជា​ វិជ្ជា​ ក្បែរ​ទីតាំង​ឃាតក​បាញ់​សម្លាប់​រូប​លោក​តែ​ម្តង​ ។​

chea-vichea-4

​សរុបសេចក្តី​មក​ ដំណើរការ​វែកមុខ​ឃាតក​សម្លាប់​លោក​ ជា​ វិជ្ជា​ អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​ល្បីឈ្មោះ​អស់​រយៈពេល​១៣​ឆ្នាំ​កន្លង​ផុត​ទៅ​ «​ដូច​សុំ​ភ្លើង​យក្ស​»​ ដែល​ជា​ការ​បង្ក​នូវ​វប្បធម៌​និ​រ​ទណ្ឌ​ភាព​ និង​អយុត្តិធម៌​សង្គម​នៅ​កម្ពុជា​យ៉ាង​ពេញទំហឹង​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.