ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

រថយន្ត​ពាក់​ស្លាក​លេខ​ «​រដ្ឋ​»​ ត្រូវ​បាន​មន្ត្រី​យក​មក​ប្រើប្រាស់​យ៉ាង​អនាធិបតេយ្យ​ពេញទំហឹង​

​មាត្រា​៥​ និង​មាត្រា​៦​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​បាន​ចែង​ថា​ «​ក្រុម​ទី​២​ ៖​ ម្ចាស់​គ្រប់គ្រង​យានយន្ត​ជា​របស់​ក្រសួង​ ស្ថាប័នរដ្ឋ​ សហគ្រាស​សាធារណៈ​ និង​អង្គភាព​ស្វ័​យា​ភិ​បាល​សេដ្ឋកិច្ច​ ។​ ប្រភេទ​ទី​២​ ៖​ រដ្ឋ​ 01.2-0001​ ផ្ទៃ​ពណ៌​បៃតងខ្ចី​ អក្សរ​និង​លេខ​ពណ៌​ស​»​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ តាម​ការ​កត់សម្គាល់​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ យានយន្ត​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ពាក់​ស្លាក​លេខ​ «​រដ្ឋ​»​ ត្រូវ​បាន​ក្រុម​មន្ត្រីរាជការ​ និង​គ្រួសារ​មន្ត្រីរាជការ​មួយ​ចំនួន​យក​មក​ប្រើប្រាស់​យ៉ាង​អនាធិបតេយ្យ​ពេញទំហឹង​ ជា​អាទិ៍​ ៖​ បើកបរ​ទាំង​ស្ថានភាព​ស្រវឹង​ បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ បើកបរ​បម្រើ​ឲ្យ​ផលប្រយោជន៍​គណបក្ស​នយោបាយ​…​។​ល​។​ ដូច​មាន​ព័ស្តុតាង​ត្រួសៗ​ខាងក្រោម​ ៖

car-state-c

១-​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Toyota​ Hilux​ VIGO​ ពាក់​ស្លាក​លេខ​រដ្ឋ​ 20.2-0359​ ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ដឹក​ទម្រង់​គ្រោង​ប៉ាណូ​ផ្សព្វផ្សាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តាម​ដងផ្លូវ​សាធារណៈ​យ៉ាង​ហ៊ឺហា​ ។​

car-state-b

២-​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Mitsubishi​ ពាក់​ស្លាក​លេខ​រដ្ឋ​ 20.2-0315​ ត្រូវ​បាន​អ្នក​ប្រើប្រាស់​បើកបរ​ទាំង​ស្ថានភាព​ស្រវឹង​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​ពេញទំហឹង​ទៅ​លើ​ទោចក្រយានយន្ត​មួយ​គ្រឿង​ម៉ាក​ Honda​ C100(​សង់​កូរ៉េ​)​ នៅ​ត្រង់​ចំណុច​បណ្តោយ​ផ្លូវ​លេខ​២៨៩​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ នា​វេលា​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៣​ បណ្តាល​ឲ្យ​អ្នក​ជិះ​ទោចក្រយានយន្ត​ជា​យុវជន​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើតហេតុ​ និង​យុវជន​ម្នាក់​ទៀត​រង​របួសធ្ងន់​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

car-state-a

៣-​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Toyota​ Land​ Cruiser​ ពាក់​ស្លាក​លេខ​រដ្ឋ​ 20.2-3333​ ត្រូវ​បាន​អ្នក​ប្រើប្រាស់​បើកបរ​ទាំង​ស្ថានភាព​ស្រវឹង​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​ទៅ​លើ​ទោចក្រយានយន្ត​មួយ​គ្រឿង​ម៉ាក​ Zoomer​ X​ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​២៨៤​កែង​ផ្លូវ​លេខ​១៦៣​ សង្កាត់​អូ​ឡាំ​ពិ​ក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ នា​វេលា​ម៉ោង​២២​រាត្រី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៧​ បណ្តាល​ឲ្យ​យុវជន​ម្នាក់​រង​របួស​(​សំណាងល្អ​ដោយ​លោត​ចេញពី​ម៉ូតូ​ទាន់​ពេល​)​ ។​

car-state-d

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ អនុលោម​តាម​មាត្រា​៥,​ មាត្រា​៦​ និង​មាត្រា​៩​ នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ គឺ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​រដ្ឋ​ 20.2-0359,​ រដ្ឋ​ 20.2-0315​ និង​រដ្ឋ​ 20.2-3333​ ជា​រថយន្ត​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ប្រើប្រាស់​ដោយ​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​អនាធិបតេយ្យ​ និង​បង្អាប់បង្អោន​ដល់​កិត្យានុភាព​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ​យ៉ាង​ពេញទំហឹង​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.