ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

អតីត​តារា​សម្តែង​ និង​ជា​ម្ចាស់​ទស្សនៈ​ «​ស្រុក​ខ្មែរ​គ្មាន​យួន​»​ ក្លាយជា​ឧត្តមសេនីយ៍​យោធា​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​បុរស​ខ្លាំង​

​អតីត​តារា​សម្តែង​ក្នុង​វិស័យ​សិល្បៈ​ និង​ក្រោយមក​ត្រូវ​បាន​លើក​ស្ទួយ​ជា​ពិធីករ​ដ៏​លេចមុខ​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ ជា​កម្មសិទ្ធិ​របស់​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ កូនស្រី​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រមទាំង​ជា​ម្ចាស់​ទស្សនៈ​ «​ស្រុក​ខ្មែរ​គ្មាន​យួន​»​ គឺ​លោក​ អេ​ង​ រិ​ទ្ធី​ បាន​ក្លាយជា​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ម្នាក់​ អត្តលេខ​១៦៣២១៤​ មានឈ្មោះ​បម្រើ​ការងារ​នៅ​ខុទ្ទកាល័យ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​បុរស​ខ្លាំង​ក្នុង​ឋានៈ​ជា​នាយ​រង​ខុទ្ទកាល័យ​យ៉ាង​ហ៊ឺហា​ ។​

eng-ritthy-1

​ការណ៍​ដែល​លោក​ អេ​ង​ រិ​ទ្ធី​ អតីត​ជា​តារា​សម្តែង​ ជា​ពិធីករ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ និង​ជា​ម្ចាស់​ទស្សនៈ​ «​ស្រុក​ខ្មែរ​គ្មាន​យួន​»​ បាន​ក្លាយជា​នាយទាហានជាន់ខ្ពស់​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​១៦៣២១៤​នោះ​ គឺ​មិន​បាន​ប្រើប្រាស់​ឈ្មោះ​ដែល​គេ​ធ្លាប់​ស្គាល់​ថា​ «​អេ​ង​ រិ​ទ្ធី​»​ ទេ​ ដោយ​ប្រើ​ឈ្មោះ​ថា​ «​ម៉ែ​ន​ អេ​ង​»​ វិញ​ ។​

​លោក​ ម៉ែ​ន​ អេ​ង​ ដែល​គេ​ស្គាល់​ថា​ឈ្មោះ​ «​អេ​ង​ រិ​ទ្ធី​»​ ជា​នាយ​រង​ខុទ្ទកាល័យ​បញ្ជាការដ្ឋាន​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​ ក្នុង​ក្របខ័ណ្ឌ​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​១៦៣២១៤​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥)​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៨៤០​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៤​ ។​

eng-ritthy-letter-2

eng-ritthy-letter-3

eng-ritthy-letter-4

​រយៈពេល​ប្រមាណ​២​ឆ្នាំ​០៥​ខែ​ក្រោយមក​ លោក​វរសេនីយ៍ឯក​ ម៉ែ​ន​ អេ​ង​ ហៅ​ អេ​ង​ រិ​ទ្ធី​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​១៦៣២១៤​ ថ្នាក់​វរសេនីយ៍​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៧​ ចុះ​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ។​

​គួរ​រំលឹក​ជូន​ថា​ ទស្សនៈ​របស់​លោក​ ម៉ែ​ន​ អេ​ង​ ហៅ​ អេ​ង​ រិ​ទ្ធី​ ដែល​បាន​បញ្ចេញ​កាលពី​ចុងឆ្នាំ​២០១៣​កន្លង​ទៅ​ថា​ «​ស្រុក​ខ្មែរ​គ្មាន​យួន​»​ គឺ​បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ដ៏​ពេញ​និយម​ជា​ច្រើន​ ដោយ​ចោទប្រកាន់​ទៅ​លើ​អតីត​តារា​សម្តែង​ និង​ជា​ពិធីករ​ទូរទស្សន៍​បាយ័ន​រូប​នេះ​ថា​ ជា​ការ​និយាយ​មិន​ឆ្លុះ​បញ្ចាំង​នូវ​ការ​ពិត​ជាក់ស្តែង​ ឬ​និយាយ​របៀប​ «​បិទ​ភ្នែក​»​ ដើម្បី​ផ្គាប់ចិត្ត​ចៅហ្វាយ​របស់​ខ្លួន​ ។​

eng-ritthy-letter-1

eng-ritthy-letter

​ពាក់ព័ន្ធ​នឹង​វត្តមាន​របស់​ជនអន្តោប្រវេសន៍​យួន​នៅ​លើ​ទឹកដី​កម្ពុជា​ គឺ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ព្រះ​អង្គ​គង់នៅ​មាន​ព្រះ​ជន្ម​នៅឡើយ​ ព្រះ​បរម​រតន​កោដ្ឋ​ធ្លាប់​បាន​ចេញ​រាជ​សារ​មួយ​ ចុះ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៣​ ឆ្លើយ​តប​ទៅ​នឹង​ឯកឧត្តម​រដ្ឋបុរស​ម្នាក់​ដែល​មាន​ប្រសាសន៍​តាម​ទូរទស្សន៍​ជាតិ​នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​ នា​រាត្រី​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៣​ ដោយ​ទ្រង់​បាន​ព្រះ​តម្រិះ​ថា​ «​តាម​មតិ​ដ៏​ស្តួចស្តើង​នៃ​ខ្ញុំ​ ចំនួន​ជនអន្តោប្រវេសន៍​វៀតណាម​មាន​តិច​យ៉ាងនេះ​ គឺ​ ៖​ ១-​មក​ពី​អ្នកមាន​អំណាច​គ្មាន​ចំណង់​ធ្វើ​ស្ថិតិ​ជំរឿន​ចំនួន​ជនអន្តោប្រវេសន៍​វៀតណាម​ ។​ ២-​ជនជាតិ​វៀតណាម​ដែល​ចូល​មក​រាជាណាចក្រ​កម្ពុ​ជាទី​២​ ទទួល​ជា​ស្វ័យប្រវត្តិ​សញ្ជាតិ​ខ្មែរ​ ព្រមទាំង​មាន​សិទ្ធិ​បោះ​ឆ្នោត​ថែម​ទៀត​ផង​ ។​ ៣-​ខ្ញុំ​បាន​សរសេរ​អត្ថបទ​សម្រាប់​ប្រវត្តិសាស្ត្រ​នៅ​រដ្ឋធានី​ប៉េ​កាំ​ង​នា​ពេល​ថ្មីៗ​នេះ​ថា​ ៖​ ជនជាតិ​វៀតណាម​សព្វថ្ងៃ​នៅ​កម្ពុជា​ មាន​តែ​នៅ​ស្ថាន​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ទេ​ ដ្បិត​គាត់​ជា​អ្នកតំណាង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ហើយ​ពុំ​អាច​ធ្វើ​ជា​ជនជាតិ​ខ្មែរ​ឡើយ​ ។​ ៤-​ជនរួមជាតិ​ដែល​បាន​ទៅ​ដល់​ព្រំដែន​ ហើយ​អ្នកស្រុក​ដែល​រស់នៅ​ភូមិ​ជាប់​ជាមួយ​វៀតណាម​និយាយ​ថា​ ៖​ នៅ​សម័យ​សង្គមរាស្ត្រនិយម​មាន​ស្រុកភូមិ​ជា​ច្រើន​ដែល​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ តែ​ឥឡូវ​ស្រុកភូមិ​ទាំងនោះ​បាន​ក្លាយទៅជា​កម្មសិទ្ធិ​របស់​វៀតណាម​ ហើយ​កងទ័ព​គេ​បាន​បោះទីតាំង​ការពារ​យ៉ាង​រឹង​មាំ​ ។​ ជនជាតិ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ស្រុកភូមិ​ខាងលើ​នេះ​ មាន​ផ្លូវ​តែ​មួយ​គត់​គឺ​ត្រូវ​រត់ចោលស្រុក​ភូមិកំណើត​របស់​ខ្លួន​ ឬ​ក៏​ក្លាយជា​ជនជាតិភាគតិច​នៅ​លើ​ស្រុក​កំណើត​របស់​ខ្លួន​ ។​ »​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.