បន្ទាប់ពីស្ម័គ្រចិត្តជាប់ឈ្មោះជា «ទណ្ឌិត» និងទទួលបានការលើកលែងទោសពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៦/១១០៥ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងរឿងស្ថាប័នតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់០៥ខែ និងពិន័យជាប្រាក់ចំនួន៨០ម៉ឺនរៀល ពីបទបដិសេធក្នុងការចូលខ្លួនរួចមក គឺរយៈពេល០៤ថ្ងៃក្រោយ ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ (បច្ចុប្បន្នជាប្រធានស្តីទីគណបក្ស) និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ក៏ត្រូវបានទទួលស្គាល់ជាប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា ដោយសេចក្តីប្រកាសលេខ១២០រ.ស ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ របស់រដ្ឋសភា ជំនួសតំណែងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលក្លាយជាទណ្ឌិតកំពុងនិរទេសខ្លួននៅបរទេស ។
តាមរយៈមុខតំណែងជាប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា គ្រោងនឹងជួបពិភាក្សាអំពីកិច្ចការមួយចំនួនជាមួយសម្តេចក្រឡាហោម ស ខេង ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា នៅវេលាម៉ោង០៩ព្រឹក នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា តាមលិខិតជូនដំណឹងលេខ០០៩សជណ.ខល ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ របស់ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ជាអកុសល បន្ទាប់ពីមានការខឹងសម្បារបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលស្នើឲ្យមានការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា សំដៅឈានទៅលុបចោល «វប្បធម៌សន្ទនា» ជាមួយគណបក្សសង្គ្រោះជាតិ ឬលុបចោល «ថ្នាក់ដឹកនាំតំណាងរាស្ត្រនៃក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា» នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ដដែលនោះ ស្រាប់តែ០១ថ្ងៃក្រោយ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយថ្មីទៀតលេខ០១០សជណ/ខល ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ជម្រាបជូនឯកឧត្តម កឹម សុខា ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ដោយបញ្ជាក់ថា លើកពេលវេលាជួបពិភាក្សាដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ទៅថ្ងៃក្រោយវិញ (Sic!) ។
ដូច្នេះ ប្រសិនបើកំហឹងខឹងសម្បារបស់បុរសខ្លាំងនៃកម្ពុជា «ឆេះរោលរាលសន្ធោសន្ធៅ» មិនអាចរំលត់បានមែននោះ គឺឯកឧត្តម កឹម សុខា អាចប្រឈមនឹងការបាត់បង់តំណាងជាប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិនៅក្នុងរដ្ឋសភា ដែលទើបទទួលបានត្រឹមរយៈពេលប្រមាណជាង០១ខែ ។
មជ្ឈដ្ឋានអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា ឯកឧត្តម កឹម សុខា ធ្លាប់បានបាត់បង់មុខតំណែងជាអនុប្រធានទី១នៃរដ្ឋសភា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ខណៈ «វប្បធម៌សន្ទនា» រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមិនទាន់លុបចោលនៅឡើយ ហើយករណីថ្មីនេះទៀត ប្រសិនបើឯកឧត្តម កឹម សុខា ឈានទៅបាត់បង់តំណែងជាប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិនៅក្នុងរដ្ឋសភា ក្រោម «កំហឹង» របស់បុរសខ្លាំងនៃកម្ពុជាប្រាកដមែន គឺមានន័យថា ឯកឧត្តម កឹម សុខា ជួបរឿង «ស៊យផ្ទួនៗ» ពាក់ព័ន្ធនឹងមុខតំណែងនៅក្នុងរដ្ឋសភានីតិកាលទី៥ ឬក៏អាចឆ្លុះបញ្ចាំងឲ្យឃើញថា កិច្ចសហការជាមួយបុរសខ្លាំងនៃកម្ពុជាមិនមែនចេះតែងាយស្រួល ឬរលូនទេ ប្រសិនបើបុរសខ្លាំងមិនទទួលបានចំណេញខាងនយោបាយកាន់កាប់អំណាចទាល់តែសោះនោះ ៕