ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

រក​ម្ចាស់​ក្ងោក​ឃើញ​ហើយ​ !​ សត្វ​ក្ងោក​១​ក្បាល​ក្នុង​ចំណោម​៤​ក្បាល​ដែល​គេ​បាញ់​សម្លាប់​ គឺ​ហើរ​រួច​ចេញពី​ភូមិ​គ្រឹះ​អ្នកឧកញ៉ា​ ហ៊ុន​ តូ​ ក្មួយ​ប្រុស​បុរស​ខ្លាំង​

​ប្រភព​ព័ត៌មាន​ពី​អ្នក​ស្និទ្ធ​នឹង​អ្នកឧកញ៉ា​ ហ៊ុន​ តូ​ អ្នកជំនួញ​ដ៏​សកម្ម​ និង​មាន​ឥទ្ធិពល​ម្នាក់​នៅ​កម្ពុជា​ ត្រូវជា​កូនប្រុស​របស់​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ អ្នកតំណាង​រាស្ដ្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ត្រូវជា​ក្មួយ​ប្រុស​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ សត្វ​ក្ងោក​ចំនួន​១​ក្បាល​ក្នុង​ចំណោម​៤​ក្បាល​ដែល​គេ​បាញ់​សម្លាប់​ដ៏​គួរ​ឲ្យ​សោកស្ដាយ​កាលពី​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៧​ម្សិលមិញ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បង្ក​ការ​ចាប់អារម្មណ៍​ពេញ​បណ្ដាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ នោះ​ គឺជា​សត្វ​ក្ងោក​ហើរ​រួច​ចេញពី​ភូមិ​គ្រឹះ​អ្នកឧកញ៉ា​ ហ៊ុន​ តូ​ ឋិត​នៅ​ផ្លូវ​លេខ​៤៣០​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ (​ខាងក្រោយ​សណ្ឋាគារ​ Intercontinental)​ ។​

​កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៧​ម្សិលមិញ​ ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ បាន​នាំ​គ្នា​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​បានឃើញ​សត្វ​ក្ងោក​ចំនួន​៤​ក្បាល​ហើរ​មក​ទំ​នៅ​លើ​ខ្សែភ្លើង​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ រួច​ហើយ​សត្វ​ក្ងោក​ចំនួន​៣​ក្បាល​បាន​បន្ត​ហើរ​ទៅ​ទំ​នៅ​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​ បន្ទាប់​ពី​សត្វ​ក្ងោក​ចំនួន​១​ក្បាល​ត្រូវ​បាន​បុរស​ម្នាក់​បាញ់​សម្លាប់​ដោយ​ចំពាមកៅស៊ូ​យក​មក​ធ្វើ​ជា​ម្ហូប​ បង្ក​ការ​រិះគន់​ព្រោងព្រាត​ពេញ​ Facebook​ ។​ ក្រោយមក​ សត្វ​ក្ងោក​នៅ​សេសសល់​ចំនួន​៣​ក្បាល​នោះ​ត្រូវ​បាន​ក្រុម​មន្ដ្រី​អភិរក្ស​សត្វ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​សង្គ្រោះ​ចាប់​យក​ទៅ​រក្សា​ទុក​ឲ្យ​រួច​ផុត​ពី​ដៃ​ព្រាន​ប្រហារ​ ។​ 

​សត្វ​ក្ងោក​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ «Green​ Peafowl»​ និង​មានឈ្មោះ​ជា​វិទ្យាសាស្ដ្រ​ថា​ «Pavo​ Muticus»​ ដែល​ចាត់​ទុក​ថា​ គឺជា​អម្បូរ​សត្វ​កម្រ​មួយ​ត្រូវ​ចាត់ចែង​អភិរក្ស​ទុក​សម្រាប់​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​ ។​

​លោក​ ហ៊ុន​ តូ​ ជា​អ្នកជំនួញ​ដ៏​សកម្ម​ និង​មាន​ឥទ្ធិពល​លំដាប់​សេដ្ឋី​ម្នាក់​នៅ​កម្ពុជា​ និង​ត្រូវជា​ក្មួយ​ប្រុស​របស់​បុរស​ខ្លាំង​នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទទួល​បានការ​តែងតាំង​ជា​អ្នកឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/០៥០០/០៨៤​ ចុះ​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០០០​ ៕​

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.