មិនមែនជារឿងសាមញ្ញទេពាក់ព័ន្ធនឹងករណីទំនាស់ដីធ្លីរវាងឯកឧត្តម ឧកញ៉ា ឧត្តមសេនីយ៍ឯកប៉ូលិស ឡោក ហ៊ួរ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា ជាមួយនឹងក្រុមប្រជាពលរដ្ឋរស់នៅស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល ដ្បិតជាករណីមន្ត្រីមានអំណាច និងឧកញ៉ាមានលុយផ្គុំគ្នាចំនួន៤នាក់តតាំងជាមួយក្រុមប្រជាពលរដ្ឋ ធ្វើឲ្យរឿងរ៉ាវរ៉ាំរ៉ៃដោះស្រាយមិនចេញ រហូតដល់ថ្នាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញមុខដោះស្រាយតែម្តង ទើបក្រុមប្រជាពលរដ្ឋរងគ្រោះមានភ័ព្វសំណាងទទួលបានដីធ្លីមកវិញ ។
មេខ្លោងធំក្នុងរឿងទំនាស់ដីធ្លីមានទំហំជិត ៣ ០០០ហិកតាខាងលើនេះ គឺឯកឧត្តម ឧកញ៉ា ផ្កាយ៣ប៉ូលិស ឡោក ហ៊ួរ ដែលក្នុងនោះដីទំហំ២ ៣៩១,៥០ហិកតា ជាដីរបស់ឯកឧត្តម ឧកញ៉ា ផ្កាយ៣ប៉ូលិស ឡោក ហ៊ួរ ផ្ទាល់, ដីទំហំ២៥៦ហិកតា ជាដីរបស់ឯកឧត្តម ឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តរាជធានីភ្នំពេញ មានឋានៈស្មើរដ្ឋលេខាធិការ និងក្រុមគ្រួសារដែលបានទិញពីឯកឧត្តម ឧកញ៉ា ផ្កាយ៣ប៉ូលិស ឡោក ហ៊ួរ, ដីទំហំ៥០ហិកតា ជាដីរបស់ឯកឧត្តម អំ សំរិត ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ និងក្រុមគ្រួសារ ដែលបានទិញពីឯកឧត្តម ឧកញ៉ា ផ្កាយ៣ប៉ូលិស ឡោក ហ៊ួរ និងដីទំហំ៣០០,៤២ហិកតា ជាដីរបស់លោកឧកញ៉ា ឧត្តមសេនីយ៍ត្រីយោធា លឹម ហ៊ួរនីតា ត្រូវជាកូនប្រុសរបស់ឯកឧត្តម ឧកញ៉ា ផ្កាយ៣ប៉ូលិស ឡោក ហ៊ួរ ។
មុនពេលបុរសខ្លាំងជានាយករដ្ឋមន្តី និងឯកឧត្តម ជា សុផារ៉ា ទេសដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ដនស)លូកដៃចូលដោះស្រាយក្នុងរឿងទំនាស់ដីធ្លីនេះ គឺដើម្បីផលប្រយោជន៍រួម មន្ត្រីអ្នកមានអំណាច និងឧឧកញ៉ាអ្នកមានលុយកាក់ទាំង៤នាក់ បានផ្គុំគ្នាប្រយុទ្ធតតាំងយ៉ាងខ្លាំងក្លាជាមួយក្រុមប្រជាពលរដ្ឋ ដោយទុកឲ្យឯកឧត្តម ឧកញ៉ា ផ្កាយ៣ប៉ូលិស ឡោក ហ៊ួរ ឈរនៅខ្សែប្រយុទ្ធខាងមុខ ទើបធ្វើឲ្យករណីទំនាស់ដីធ្លីធ្លាក់ទៅក្នុងសភាពរ៉ាំរ៉ៃ ដោះស្រាយមិនចេញ សូម្បីថ្នាក់ឯកឧត្តម ឧកញ៉ា ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សឹងមិនហ៊ានក្អកផង ឬក៏លិខិតស្នាមអន្តរាគមន៍របស់រដ្ឋបាលខេត្តកណ្តាល«គ្មានប្រសិទ្ធភាព» ។
ឥឡូវនេះ យោងតាមស្មារតីលិខិតលេខ២៣សជណ.ឧស ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី គឺដីទំនាស់ទំហំ២ ៩៩៧,៩២ហិកតា ដែលរំលោភបំពានលើដីរបស់ប្រជាពលរដ្ឋនោះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចដកហូតប្រគល់ជូនទៅប្រជាពលរដ្ឋរងគ្រោះវិញហើយៗរាជដ្ឋាភិបាលក៏បានសម្រេចបង្គាប់ឲ្យឯកឧត្តម ឡោក ហ៊ួរ ទទួលបន្ទុកដោះស្រាយផ្ទាល់ខ្លួនជាមួយឯកឧត្តម ឧកញ៉ា ហ៊ឺ បាវី, ឯកឧត្តម អំ សំរិត និងលោកឧកញ៉ា ឧត្តមសេនីយ៍ត្រី លឹម ហ៊ួរនីតា ដែលជាអ្នកទិញ និងទទួលបានដីពីឯកឧត្តម ឧកញ៉ា ផ្កាយ៣ប៉ូលិស ឡោក ហ៊ួរ ។
លោក ឡោក ហ៊ួរ ជាអ្នកជំនួញសម្បូរល្បិចកលម្នាក់ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩៩៩/១៧១ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៩៩ ។ ក្រៅពីមានងារជាឧកញ៉ា គឺលោកឧកញ៉ា ឡោក ហ៊ួរ ក៏ជាអតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទម្នាក់ អត្តលេខ០១១០០៥ និងក្រោយមក ក៏បានផ្ទេរចូលក្របខ័ណ្ឌជានាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍នៃក្រសួងមហាផ្ទៃ អត្តលេខ៦៧២២២វិញ ដែលទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៩/១២២៦ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៩ ។ តមកទៀត លោកឧកញ៉ា ផ្កាយ៣ប៉ូលិស ឡោក ហ៊ួរ ក៏បានក្លាយជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជាទល់សព្វថ្ងៃ ។
លោក ហ៊ឺ បាវី បានធ្វើជាប្រធានកំពង់ផែស្វយ័តរាជធានីភ្នំពេញ និងកើបលុយធ្វើជាអ្នកមានទ្រព្យសម្បត្តិអស់ជាច្រើនឆ្នាំមកហើយៗទទួលបានការតែងតាំងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តរាជធានីភ្នំពេញ មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៨/៩៤៤ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៨ និងអតីតជាទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកាលនៅរស់រានមានជីវិត មានឋានៈស្មើរដ្ឋមន្ត្រី ។ ក្រោយមក ឯកឧត្តម ហ៊ឺ បាវី ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១៤/១០០៧ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ ។
លោក អំ សំរិត ទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៥នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩៤៦ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ ។
លោក លឹម ហ៊ួរនីតា ជាអ្នកជំនួញវ័យក្មេងដ៏សកម្ម ត្រូវជាកូនប្រុសរបស់ឯកឧត្តម ឧកញ៉ា ផ្កាយ៣ប៉ូលិស អ្នកតំណាងរាស្ត្រ ឡោក ហ៊ួរ ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៨/០៤៧ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៨ ។ ក្រៅពីមានងារជាឧកញ៉ា គឺលោកឧកញ៉ា លឹម ហ៊ួរនីតា ក៏ជានាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ អត្តលេខ១៩៨៤១៧ ម្នាក់ទៀតផង ដែលទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៦/៦០៦ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ៕