នៅទីបំផុត យោងតាមរបាយការណ៍លេខ២៣៥៧ដនស/អរប ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងរៀបបចំដែនដី នគរូបនីយកម្ម និងសំណង់(ដនស) មានឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ជារដ្ឋមន្ត្រី ស្តីពីលទ្ធផលនៃការស្រាវជ្រាវករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងឯកឧត្តម ឡោក ហ៊ួរ នៅស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល និងយោងតាមចំណារចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចដកហូតដីទំហំ ២ ៩៩៧,៩២ហិកតា ដែលរំលោភបំពានលើដីធ្លីប្រជាពលរដ្ឋពីឯកឧត្តម ឧកញ៉ា ផ្កាយ៣ប៉ូលិស ឡោក ហ៊ួរ និងបក្ខពួក ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះវិញ តាមស្មារតីលិខិតលេខ២៣សជណ.ឧស ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
ក្នុងចំណោមដីធ្លីទំហំ២ ៩៩៧,៩២ហិកតា ដែលត្រូវដកហូតសម្រាប់ប្រគល់ជូនក្រុមប្រជាពលរដ្ឋរងគ្រោះក្នុងរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាមួយឯកឧត្តម ឧកញ៉ា ផ្កាយ៣ប៉ូលិស ឡោក ហ៊ួរ វិញនោះ រួមមាន ៖
១-ដីទំហំ២ ៣៩១,៥០ហិកតា របស់ឯកឧត្តម ឧកញ៉ា ផ្កាយ៣ប៉ូលិស ឡោក ហ៊ួរ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា ។
២-ដីទំហំ ២៥៦ហិកតា របស់ឯកឧត្តម ឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តរាជធានីភ្នំពេញ និងក្រុមគ្រួសារ ដែលបានទិញពីឯកឧត្តម ឧកញ៉ា ផ្កាយ៣ប៉ូលិស អ្នកតំណាងរាស្ត្រ ឡោក ហ៊ួរ ។
៣-ដីទំហំ ៥០ហិកតា របស់ឯកឧត្តម អំ សំរិត ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ ដែលបានទិញពីឯកឧត្តម ឧកញ៉ា ផ្កាយ៣ប៉ូលិស អ្នកតំណាងរាស្ត្រ ឡោក ហ៊ួរ ។
៤-ដីទំហំ ៣០០,៤២ហិកតា របស់លោកឧកញ៉ា លឹម ហ៊ួរនីតា ត្រូវជាកូបប្រុសរបស់ឯកឧត្តម ឧកញ៉ាផ្កាយ៣ប៉ូលិស អ្នកតំណាងរាស្ត្រ ឡោក ហ៊ួរ ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានសម្តែងនូវការភ្ញាក់ផ្អើល និងហួសចិត្តថា តាមមាត្រា៧៧ កថាខណ្ឌទី១នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ» ប៉ុន្តែបែរជាឯកឧត្តម ឧកញ៉ា ឧត្តមសេនីយ៍ឯកប៉ូលិស ឡោក ហ៊ួរ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា ធ្វើសកម្មភាពរំលោភបំពានទៅលើដីធ្លីរបស់ប្រជាពលរដ្ឋរាប់ពាន់ហិកតា ដែលខ្លួនជាអ្នកតំណាងរាស្ត្រទៅវិញ (Sic!) ៕