ថ្ងៃ សុក្រ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២០

ក្តៅ​ទៀត​ហើយ​ !​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​ Rodrigo​ Duterte​ គំរាម​ផ្តាច់ជីវិត​មន្ត្រី​ថ្នាក់​អភិបាលក្រុង​-​ខេត្ត​ដែល​ពុក​រលួយ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង​ម៉ានីល​(Manila)​ កាលពី​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ថ្មីៗ​ លោក​ Rodrigo​ Duterte​ ប្រធានាធិបតី​ប្រទេស​ហ្វី​លី​ពី​ន​ បាន​ធ្វើការ​ព្រមាន​ថា​ នឹង​សម្លាប់​មន្ត្រី​ថ្នាក់​អភិបាលក្រុង​-​ខេត្ត​ណា​ដែល​ពុក​រលួយ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ ហើយ​រឹងរូស​មិន​ព្រម​បោះបង់​ ឬ​ដកខ្លួន​ថយ​ចេញ​ជា​បន្ទាន់​ទេ​នោះ​ ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​របស់​គេហទំព័រ​ Rappler​ ។​

​លោក​ Rodrigo​ Duterte​ បាន​សង្កត់ធ្ងន់ៗ​ថា​ លោក​មាន​បញ្ជី​ឈ្មោះ​របស់​មន្ត្រី​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទាំងនោះ​នៅ​ក្នុង​ដៃ​ ហើយ​បើ​មន្ត្រី​ទាំងនោះ​នៅ​តែ​មិន​ដកខ្លួន​ថយ​ចេញ​ទេ​ លោក​នឹង​ហៅ​មន្ត្រី​ថ្នាក់​អភិបាលក្រុង​-​ខេត្ត​ទាំងនោះ​មក​ និង​ចាប់​ឃុំខ្លួន​ ព្រមទាំង​ឈាន​ទៅ​សម្លាប់​ផ្តាច់ជីវិត​តែ​ម្តង​ ។​

​កាលពី​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ លោក​ Samsudin​ Dimaukom​ អភិបាលក្រុង​ Datu​ Saudi​ Ampatuan​ នៃ​ខេត្ត​ Maguindanao​ ឋិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វី​លី​ពី​ន​ និង​អង្គរក្ស​ផ្ទាល់​ចំនួន​៩​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​បាញ់​កម្ទេច​សម្លាប់​នៅ​នឹង​កន្លែង​ក្នុង​បេសកកម្ម​បង្ក្រាប​គ្រឿងញៀន​មួយ​ដោយ​មានការ​បាញ់​តដៃ​ជាមួយ​ប៉ូលិស​ ។​

​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ Rodrigo​ Duterte​ ដែល​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​គេហទំព័រ​ Ibtimes​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ឲ្យ​ដឹង​ថា​ មន្ត្រី​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​ចំនួន​ប្រមាណ​៥​ ០០០​នាក់​មានការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ជំនួញ​ថ្នាំ​ញៀន​ ។​

​ទោះបី​ប្រឈម​នឹង​ការ​រិះគន់​ធ្ងន់ៗ​ពី​អង្គការសហប្រជាជាតិ​ និង​ប្រទេស​មហាអំណាច​មួយ​ចំនួន​ ជា​ពិសេស​សហរដ្ឋអាមេរិក​ក្នុង​រឿង​រំលោភសិទ្ធិ​ និង​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​យ៉ាងណា​ក្តី​ ក៏​ចាប់តាំងពី​លោក​មេធាវី​ Rodrigo​ Duterte​ ឡើង​កាន់កាប់​អំណាច​ជា​ប្រធានាធិបតី​ប្រទេស​ហ្វី​លី​ពី​ន​ នា​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៦​មក​ គឺ​ទើបតែ​ជាង​០៦​ខែ​ មាន​មនុស្ស​ដល់​ទៅ​ប្រមាណ​ ៦​ ០០០​នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ និង​រាប់​ម៉ឺន​នាក់​ទៀត​ចេញ​មុខ​មក​សារភាព​ទទួល​ការ​អប់រំ​កែប្រែ​ខ្លួន​ ខណៈ​លោក​ប្រធានាធិបតី​រូប​នេះ​ចាត់​ទុក​គ្រឿងញៀន​គឺជា​ជំងឺមហារីក​កម្រិត​ទី​២​នៅ​ក្នុង​ប្រទេស​ ដែល​លោក​ត្រូវ​តែ​ប្រឈម​មុខ​កម្ចាត់​ក្នុង​អាណត្តិ​គ្រប់គ្រង​អំណាច​របស់​លោក​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.