ក្រៅពីព្រះរាជវង្សានុវង្សចំនួន៤អង្គ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកអះអាងដាច់ណាត់ចំពោះព្រះភក្ត្រព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាថា «បូរណភាពទឹកដី១៨១ ០៣៥គីឡូម៉ែត្រក្រឡានៃព្រះរាជាណាចក្រកម្ពុជា ដែលអន្តរជាតិទទួលស្គាល់នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ ពុំមានការបាត់បង់ឡើយ» ដែលការអះអាងរបស់បុរសខ្លាំងបែបនេះគឺស្របគ្នាទៅនឹងបន្ទូលអះអាងរបស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ អតីតព្រះប្រធានរដ្ឋសភាចំពោះព្រះភក្ត្រព្រះមហាក្សត្រដែរថា «សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ គឺត្រឹមត្រូវ មិនធ្វើឲ្យបាត់បង់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទេ» ។
សន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ដែលប្រើប្រាស់ផែនទីខ្នាត១/៥០ ០០០ ផ្ទុយទៅនឹងមាត្រា២នៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា តម្រូវឲ្យបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាកំណត់តាមផែនទីខ្នាត ១/១០០ ០០០នោះ ត្រូវបានបុរសខ្លាំងជានាយករដ្ឋមន្ត្រីក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាជាមួយលោក ផាន វ៉ាន់ខាយ(Phan Van Khai) ជានាយករដ្ឋមន្ត្រីក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
ទោះបីមានសកម្មជនព្រំដែនកម្ពុជាជាច្រើននាក់ បានបញ្ចេញប្រតិកម្មជំទាស់ទៅនឹងសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដែលមន្ទិលសង្ស័យថា ធ្វើឲ្យខ្មែរបាត់បង់ទឹកដីរហូតដល់មានអ្នកជាប់គុក និងនិរទេសខ្លួនព្រោងព្រាតក៏ដោយ ក៏រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជាជំរុញការអនុម័តយល់ព្រមទៅលើសន្ធិសញ្ញានោះឲ្យក្លាយទៅជាច្បាប់ បន្ទាប់ពីបុរសខ្លាំងចូលគាល់ព្រះមហាក្សត្រនាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០០៥ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ទូលថ្វាយព្រះមហាក្សត្រនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០៥ថា សន្ធិសញ្ញានេះមិនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីរួចមក ។
ក្រោយមានការទូលថ្វាយ និងពន្យល់របស់សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស អតីតអនុប្រធានទី១នៃព្រឹទ្ធសភា(បច្ចុប្បន្នសោយទិវង្គត) សម្តេច នរោត្តម សិរិវុឌ្ឍ អតីតឧបនាយករដ្ឋមន្ត្រី សហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស់ អតីតទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបន្ថែមពីលើការអះអាងរបស់បុរសខ្លាំង និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រមទាំងបន្ទាប់ពីស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័តរួចហើយមក នៅទីបំផុតព្រះករុណាព្រះមហាក្សត្រទ្រង់ក៏បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រមលេខនស/រកម/១១០៥/០៣៩ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥ ប្រកាសឲ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ កើតចេញពីគំនិតផ្ចុងផ្តើមពីមេដឹកនាំអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជានោះតែម្តង ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានបញ្ចេញទស្សនៈថា អនុលោមតាមមាត្រា២នៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា «បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០ ០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ ។ » គឺច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១១០៥/០៣៩ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥ ដោយប្រើប្រាស់ផែនទីខ្នាត១/៥០ ០០០ បោះពុម្ពដោយភាគីប្រទេសវៀតណាមសម្រាប់កំណត់បូរណភាពទឹកដីកម្ពុជានោះ ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញទាំងស្រុង ដែលត្រូវចាត់ទុកជាមោឃៈ ឬុលុបចោលតាមបញ្ញត្តិមាត្រា៥៥នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា «សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល ។ » និងមាត្រា១៥០ថ្មី កថាខណ្ឌទី២នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលបានចែងថា «ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត ។ » ៕