ថ្លែងនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនមួយ កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧កន្លងទៅ នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនល្មើសគ្រប់រូបភាព ដែលសមត្ថកិច្ចបង្ក្រាបបាន គឺភាគច្រើនរហូតដល់៩០% បានប្រើប្រាស់គ្រឿងញៀន ។
ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខណៈករណីគ្រឿងញៀន នៅកម្ពុជា ត្រូវបានគេសង្កេតឃើញថា បានរាតត្បាតពីទីក្រុង រហូតដល់ជនបទ និងក្នុងពន្ធនាគារ ជាទីតាំងឃុំឃាំងមនុស្សថែមទៀត ហើយលទ្ធផល នៃការបង្ក្រាបរបស់សមត្ថកិច្ច គឺត្រឹមកម្រិតអ្នកប្រើប្រាស់ និងចែកចាយថ្នាំញៀន តូចតាច ឬក្រោមរូបភាពកាច់កុងផ្ទៃក្នុងខ្លះៗប៉ុណ្ណោះ រីឯជនអ្នកមានអំណាចគ្រាក់ៗពាក់ព័ន្ធនឹងគ្រឿងញៀន បាន និងកំពុងកើបលុយដាក់ហោប៉ៅ ធ្វើជាអ្នកមានបានយ៉ាងហ៊ឺហា ។
បច្ច័យអាក្រក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅកម្ពុជា ដែលនាំចូល ឬសំយោគដោយក្រុមឈ្មួញគ្រាក់ៗ និងមន្ត្រីមានអំណាចមិនអាចប៉ះពាល់បាន រួមមានជាអាទិ៍ ៖ ១-ខាតបង់ប្រាក់កាស , ២-ប៉ះពាល់ដល់សុខភាព, ៣-បាត់បង់ការសិក្សា និងកម្លាំងពលកម្មរបស់សង្គម និង៤-បង្កបទល្មើសផ្សេងៗ…។
មជ្ឈដ្ឋានប្រជាពលរដ្ឋមួយចំនួនបានលាន់មាត់ថា សូម្បីឈើល្មើសច្បាប់ដឹកតាមឡាន និងម៉ូតូ អាចមើលឃើញជាហូរហែ គឺអាជ្ញាធរបង្ក្រាបមិនបានផង រហូតដល់ភ្នំធ្លាប់មានព្រៃឈើឡើងត្រងោលអស់ ចុះទម្រាំគ្រឿងញៀន អាចដាក់ក្នុងហោប៉ៅបាន តើឆន្ទៈរាជរដ្ឋាភិបាលកម្ពុជា របៀបបច្ចុប្បន្នអាចប្រយុទ្ធប្រឆាំងបានដែរ ឬទេ ? មានន័យថា ពិបាកនឹងជឿខ្លាំងណាស់ ! ៕