ពិតណាស់ មានព័ស្តុតាងជាក់ស្តែងជាច្រើនដោយឥតប្រកែកបាន ដែលបង្ហាញឲ្យឃើញថា ការតាក់តែងច្បាប់នៅកម្ពុជាបច្ចុប្បន្ន តម្រូវទៅតាមមហិច្ឆតាចង់បានរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តច្បាប់ ឬរំលោភបំពានច្បាប់ គឺឋិតនៅលើបបូរមាត់របស់បុរសខ្លាំង ទាំងការដាក់បន្ទុក ទាំងការដោះបន្ទុកគ្រប់សព្វសារពើ ។
ឥឡូវនេះ គេហទំព័រសារព័ត៌មាន ដើមត្នោត សូមលើកយកព័ស្តុតាងមួយពាក់ព័ន្ធនឹងការលើកលែងទោសឲ្យទណ្ឌិតមួយចំនួន បូករួមទាំងអ្នកនយោបាយខ្មែរខ្លះផង តាមសំណើ(សេចក្តីក្រាបបង្គំទូលថ្វាយ)របស់បុរសខ្លាំង ក្រោមរូបភាពរំលោភបំពានទៅលើក្រឹត្យលេខ២៨ក្រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៨៨ ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោស ច្បាប់ស្តីពីពន្ធនាគារ និងនីតិវិធីរបស់ស្ថាប័នតុលាការ ដូចតទៅ ៖
១-ករណីលើកលែងទោសឲ្យបុរសឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពុង (Siwarak Chutipong) ៖
បុរសជនជាតិថៃឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពុង អាយុ៣១ឆ្នាំ ជាវិស្វករក្រុមហ៊ុន Cambodia Air Traffic Services (CATS) ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួននាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៩ ពីបទ ផ្តល់ព័ត៌មាន(បណ្ណាសារសាធារណៈ)ទាក់ទងនឹងសន្តិសុខជាតិ ប្រព្រឹត្តនៅក្រុមហ៊ុន CATS និងត្រូវបានស្ថាប័នតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ១៦៤«ក្រ១» ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៩ របស់សាលាដំបូងរាជធានីភ្នំពេញ ។
រយៈពេល០៣ថ្ងៃក្រោយមក យោងតាមក្រឹត្យលេខ២៨ក្រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៨៨ ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោស និងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រីនោះ ឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពុង ក៏ទទួលបានការលើកលែងទោសជាស្ថាពរ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៩/១១៤៨ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៩ ខណៈដែលជនជាប់ចោទរូបនេះជាប់ឃុំខ្លួនទើបបានប្រមាណ០១ខែ និងមិនទាន់មានឈ្មោះជាទណ្ឌិតនៅឡើយ (ឋិតក្នុងរយៈពេលនៃការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និងតុលាការមិនទាន់អាចបញ្ជាក់អំពីសាលក្រមសាលាដំបូងរាជធានីភ្នំពេញចូលជាស្ថាពរបានស្របទៅតាមនីតិវិធី) ។
អនុលោមតាមមាត្រា២នៃក្រឹត្យលេខ២៨ក្រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៨៨ ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោស ដែលបានចែងថា «ទណ្ឌិតទាំងឡាយណាអាចនឹងត្រូវលើកលែងទោសបាន លុះត្រាតែទណ្ឌិតទាំងនោះបានទទួលរងទោស២ភាគ៣នៃទោសដាក់ពន្ធនាគារមានកំណត់…» គឺនីតិវិធីនៃការលើកលែងទោសឲ្យឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពុង បានរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត ។
២-ករណីលើកលែងទោសឲ្យឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ៖
ឯកឧត្តម កឹម សុខា អាយុ៦៣ឆ្នាំ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ត្រូវបានស្ថាប័នតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់០៥ខែ និងពិន័យជាប្រាក់ចំនួន៨០ម៉ឺនរៀល ពីបទបដិសេធក្នុងការចូលខ្លួន តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ១៣០«ក្រIស.វ» ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់សាលាឧទ្ធរណ៍ ។
ក្រោយមក ឯកឧត្តម កឹម សុខា ដែលក្លាយជាជនជាប់ចោទនៅស្ថាប័នតុលាការល្បីខាងមិនឯករាជ្យ និងជាឧបករណ៍របស់គណបក្សនយោបាយកាន់កាប់អំណាច ឬជាពិសេសរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រីនោះ ទទួលបានការលើកលែងទោសវិញតាមច្បាប់ស្តីពីពន្ធនាគារ និងតាមសំណើរបស់បុរសខ្លាំង ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៦/១១០៥ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ខណៈឯកឧត្តម កឹម សុខា មិនទាន់មានឈ្មោះជាទណ្ឌិតនៅឡើយ(ឋិតក្នុងរយៈពេលប្តឹងសារទុក្ខទៅតុលាការកំពូលប្រឆាំងនឹងសាលដីកាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍) ។
អនុលោមតាមមាត្រា៧៧នៃច្បាប់ស្តីពីពន្ធនាគារប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលបានចែងថា «ក្នុងករណីចាំបាច់ ប្រមុខរាជរដ្ឋាភិបាលមានបុព្វសិទ្ធិធ្វើសំណើថ្វាយព្រះមហាក្សត្រសុំលើកលែងទោសឲ្យទណ្ឌិតនៅពេលណាក៏បាន» គឺនីតិវិធីនៃការលើកលែងទោសឲ្យឯកឧត្តម កឹម សុខា បានរំលោភបំពានទៅលើច្បាប់ស្តីពីពន្ធនាគារ និងនីតិវិធីរបស់ស្ថាប័នតុលាការទាំងស្រុង(ឯកឧត្តម កឹម សុខា មិនទាន់ក្លាយជាទណ្ឌិតដែលត្រូវលើកលែងទោសបាន ពីព្រោះសាលដីការបស់សាលាឧទ្ធរណ៍មិនទាន់អាចបញ្ជាក់បានថាចូលស្ថាពរនៅឡើយ) ។
៣-ករណីលើកលែងទោសឲ្យលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសម រង្ស៊ី ៖
លោក ស៊ាង ចែត អាយុ៤៤ឆ្នាំ ជាមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសម រង្ស៊ី ត្រូវបានស្ថាប័នតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ៥៣៣ក្រ៣«ឆ» ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ ។
រយៈពេលត្រឹម០២ថ្ងៃក្រោយមក លោក ស៊ាង ចែត ក៏ទទួលបានការលើកលែងទោសវិញតាមច្បាប់ស្តីពីពន្ធនាគារ និងតាមសំណើរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៦/១១១៤ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ខណៈលោក ស៊ាង ចែត មិនទាន់ក្លាយជាទណ្ឌិតនៅឡើយ ដូចករណីឯកឧត្តម កឹម សុខា ដែរ ដែលជាការរំលោភបំពានលើនីតិវិធីតុលាការ និងច្បាប់ស្តីពីពន្ធនាគារ ។
សរុបសេចក្តីមក នេះគឺជាព័ស្តុតាងមួយក្នុងចំណោមព័ស្តុតាងជាច្រើនទៀតដែលបង្ហាញឲ្យឃើញថា បុរសខ្លាំងជានាយករដ្ឋមន្ត្រី «ដុះស្លែ» បានប្រព្រឹត្តអំពើរំលោភបំពានច្បាប់ និងក៏បានឆ្លុះបញ្ចាំងឲ្យឃើញផងដែរថា ច្បាប់ទាំងឡាយមិនមានឥទ្ធិពលទៅលើបុរសខ្លាំងឡើយ តែបុរសខ្លាំងទៅវិញទេទើបមានអំណាចធំជាងច្បាប់ ។ មានន័យថា ច្បាប់ទាំងឡាយរបស់ប្រទេសកម្ពុជាគឺឋិតនៅលើបបូរមាត់ និងកណ្តាប់ដៃរបស់បុរសខ្លាំងតែម្នាក់គត់ ៕