គេហទំព័រ Popularmechanics បានផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗឲ្យដឹងថា មន្ទីរយោធា Pentagon សហរដ្ឋអាមេរិក នឹងធ្វើទំនើបមីស៊ីលរបស់ខ្លួនធុនMark 48 Torpedo ដែលជាប្រភេទមីស៊ីលវាយប្រហារទៅលើនាវាចម្បាំង និងនាវាមុជទឹកសត្រូវដ៏មានប្រសិទ្ធភាព ។
មីស៊ីលធុន Mark 48 Torpedo របស់សហរដ្ឋអាមេរិកត្រូវបានធ្វើទំនើបកម្មពីមីស៊ីលធុន Mark 38 ដែលបានដាក់ឲ្យប្រើប្រាស់តាំងពីទសវត្សរ៍ឆ្នាំ៧០-៨០មកម្ល៉េះ ។ មីស៊ីលប្រភេទនេះត្រូវបានផលិតដោយក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក ដោយមានទម្ងន់ជិត២តោនក្នុង១ដើម និងមានប្រវែងជិត៦ម៉ែត្រ ។ វាអាចបាញ់ចំគោលដៅក្នុងរយៈចម្ងាយ៣៨គីឡូម៉ែត្រ ដោយអាចវាយប្រហារទៅលើទាំងនាវាចម្បាំង ទាំងនាវាមុជទឹករបស់សត្រូវ ។
មីស៊ីលធុន Mark 48 Torpedo អាមេរិកដែលអាចវាយប្រហារទៅលើនាវាចម្បាំង និងនាវាមុជទឹករបស់សត្រូវនោះ មានតម្លៃជាង៣លានដុល្លារអាមេរិកក្នុង១ដើម ។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ លោកឧត្តមនាវី Joseph Mulloy មេបញ្ជាការរងកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ឲ្យដឹងថា ចិនមាននាវាមុជទឹកច្រើនជាងអាមេរិក ។ របាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបង្ហាញថា ចិនមាននាវាមុជទឹកកំពុងដំណើរការចំនួន៦០គ្រឿង នាវាមុជទឹកវាយឡើងគោកធុនធំចំនួន៥៥គ្រឿង និងកំពុងសាកល្បងនាវាមុជទឹកបំពាក់មីស៊ីលឆ្លងទ្វីប៣គ្រឿងផ្សេងគ្នាទៀតនៅសមុទ្រឥណ្ឌា ។ ទំនងជាមើលឃើញចំនួននាវាមុជទឹករបស់ចិនច្រើនជាងខ្លួនដូច្នេះ ទើបសហរដ្ឋអាមេរិកសម្រេចធ្វើទំនើបកម្មមីស៊ីលបាញ់កម្ទេចនាវាចម្បាំង និងនាវាមុជទឹកធុន Mark 48 Torpedo ឲ្យខ្លាំងក្លាឡើង ៕